១-វីរុស

វីរុស ជាភាគល្អិតស្ថិតនៅចន្លោះភាវៈមានជីវិតនិងភាវៈគ្មានជីវិត។ វាគ្មានធាតុកោសិកាសម្រាប់ការលូតលាស់និងចិញ្ចឹមជីវិតទេ ប៉ុន្តែវាអាចបន្តពូជបាននៅក្នុងកោសិការស់ដែលជាធ្មួលត្រូវនឹងវា។ វីរុសមានច្រើនដូចជា បាក់តេរីយ៉ូផាស វីរុសផ្ដាសាយ វីរុសម៉ូសាអ៊ិច វីរុសគ្រុនស្វិតដៃជើង...។

១.១-រូបផ្គុំ

គ្រប់វីរុសផ្គុំឡើងពីផ្នែកសំខាន់ពីរគឺ

  • ផ្នែកខាងក្រៅ ជាប្រូតេអ៊ីនសម្រាប់ការពារ
  • ផ្នែកស្នូលជាសម្ភារៈតំណពូជ សម្រាប់បង្កើតវីរុសថ្មីៗ

វីរុស
ឧទាហរណ៍វីរុសមួយចំនួននិងរូបផ្គុំវីរុស

១.២-ការបន្តពូជ

វីរុសទាំងអស់អាចបន្តពូជបានតែក្នុងកោសិកាធ្មួលដែលត្រូវនឹងវាប៉ុណ្ណោះ។ ការបន្តពូជរបស់វីរុសឆ្លងកាត់តាមប្រាំដំណាក់កាលដូចខាងក្រោម៖

  • ដំណាក់កាលទី១ វីរុសភ្ជាប់ខ្លួនទៅនឹងភ្នាសកោសិកាធ្មួលដែលត្រូវនឹងវា
  • ដំណាក់កាលទី២ វីរុសបញ្ចូលសម្ភារៈតំណពូជរបស់វាទៅក្នុងកោសិកាធ្មួល
  • ដំណាក់កាលទី៣ វីរុសសំយោគសម្ភារៈតំណពូជ និងប្រូតេអ៊ីនថ្មីៗជាច្រើន
  • ដំណាក់កាលទី៤ វីរុសផ្គុំសម្ភារៈតំណពូជនិងប្រូតេអ៊ីនជាវីរុសថ្មីៗក្នុងកោសិកាធ្មួល
  • ដំណាក់កាលទី៥ វីរុសធ្វើឱ្យកោសិកាធ្មួលផ្ទុះបែក ហើយវាឆ្លងទៅបន្តពូជក្នុងកោសិកាធ្មួលថ្មីៗជាបន្តបន្ទាប់
ការបន្តពូជរបស់វីរុស
ការបន្តពូជរបស់វីរុស

១.៣-វីរុសនិងជំងឺ

វីរុសទាំងអស់ជាភ្នាក់ងារបង្កជំងឺ។ វាចូលទៅក្នុងកោសិកាណាមួយ ហើយបន្តពូជនៅក្នុងកោសិកានោះ បង្កើតបានវីរុសថ្មីៗជាច្រើន រួចបំផ្លាញកោសិកាធ្មួលនោះ។ ជំងឺមួយចំនួនដែលបណ្ដាលមកពីវីរុសមានដូចជា ជំងឺផ្ដាសាយ ជំងឺគ្រុនស្វិតដៃជើង ជំងឺអេដស៍ ជំងឺរលាកសួត ជំងឺសលាទែន ជំងឺអុតស្វាយ...។ វីរុសខ្លះអាចបង្កជំងឺលើរុក្ខជាតិដូចជា វីរុសបង្កជំងឺលើស្លឹកថ្នាំជក់ និងលើផ្លែឈើផ្សេងៗ។

២-បាក់តេរី

បាក់តេរី ជាឯកកោសិកា គ្មានណ្វៃយ៉ូពិតប្រាកដ។ បាក់តេរីចិញ្ចឹមជីវិតតាមរបៀបជាបរជីព ដោយខ្លះជាបរាសិតបានអាហារពីធ្មួល និងខ្លះជាអ្នកបំបែក(សាប្រូភីត) ដែលទទួលបានអាហារពីសាកសពសត្វ សំណល់រុក្ខជាតិ និងសំណល់សរីរាង្គផ្សេងៗទៀត។

រូបផ្គុំបាក់តេរី
រូបផ្គុំបាក់តេរី

២.១-រូបផ្គុំ

បាក់តេរីនីមួយៗផ្គុំឡើងពី
  • ភ្នាសគ្រោង 
  • ភ្នាសស៊ីតូប្លាស 
  • ស៊ីតូប្លាស 
  • សម្ភារៈតំណពូជ​ 
  • រីបូសូម។
បាក់តេរីខ្លះមានផ្លាសែលសម្រាប់ផ្លាស់ទី ខ្លះមានស្ពានចម្លង(ភីលី) សម្រាប់រស់នៅដោយភ្ជាប់គ្នានិងបន្តពូជដោយជំនាប់ប្ដូរ។ ចំណែកបាក់តេរីខ្លះទៀត មានសម្ភារៈតំណពូជជារង្វង់តូចមួយក្នុងស៊ីតូប្លាស ក្បែរភ្នាសស៊ីតូប្លាសហៅថា ប្លាស្មីត។

ផ្អែកតាមរូបរាង គេចែកបាក់តេរីជាបីប្រភេទគឺ

  • កុកស៊ី បាក់តេរីរាងស្វ៊ែឬដុំមូលតូចៗ
  • បាស៊ី បាក់តេរីរាងដំបង
  • ស្ពៀរីឡូម បាក់តេរីរាងស្ពៀ
រូបរាងបាក់តេរី
ប្រភេទបាក់តេរី

២.២-បាក់តេរីនិងជំងឺ

បាក់តេរីទាំងអស់មិនសុទ្ធតែជាភ្នាក់ងារបង្កជំងឺទេ។ ជំងឺដែលបង្កឡើងដោយបាក់តេរី អាចឆ្លងតាមរបៀបច្រើនបែបដូចជា ខ្យល់ដង្ហើម ការរួមភេទ ទឹកនិងចំណីអាហារ ការប៉ះពាល់ សត្វចិញ្ចឹម និងការប្រើប្រាស់សម្ភារៈរួមគ្នាជាមួយអ្នកជំងឺ...។

បាក់តេរីអាចបង្កជំងឺដល់មនុស្ស សត្វ និងរុក្ខជាតិ។ វាបង្ករោគរាមរបៀបពីរបែបគឺ

  • បំផ្លាញកោសិកានៃសរីរាង្គណាមួយ
  • ផលិតជាតិពុលទៅក្នុងចំណីអាហារដែលអាចបង្កទុក្ខទោសដល់អ្នកបរិភោគ

២.៣-ការបន្តពូជ

បាក់តេរីភាគច្រើនបន្តពូជដោយឥតភេទតាមរយៈការចែកខ្លួនជាពីរ។ ដំបូង បាក់តេរីមួយធំធាត់ ហើយដំឡើងទ្វេសម្ភារៈតំណពូជ រួចចែកសម្ភារៈតំណពូជជាពីរ។ បន្ទាប់មក វាធ្វើចំណែកស៊ីតូប្លាស បង្កើតបានបាក់់តេរីពីរដូចគ្នា ហើយដូចនឹងបាក់តេរីដើម។

ការចែកខ្លួនជាពីរ
ការបន្តពូជដោយឥតភេទតាមការចែកខ្លួនជាពីរ

បាក់តេរីខ្លះក៏ធ្វើការបន្តពូជដោយភេទដែរ។ ការបន្តពូជដោយភេទធ្វើឡើងតាមរយៈជំនាប់ប្តូរ។ ដំបូងបាក់តេរីពីរភ្ជាប់គ្នាដោយស្ពានចម្លង ហើយបាក់តេរីមួយជាអ្នកផ្ដល់ បានដំឡើងទ្វេសម្ភារៈតំណពូជរបស់វា រួចផ្ទេរសម្ភារៈតំណពូជរបស់វាខ្លះទៅឱ្យបាក់តេរីមួយទៀតតាមស្ពានចម្លង ធ្វើឱ្យបាក់តេរីនោះមានបន្សំសម្ភារៈតំណពូជថ្មីមួយ។

ជំនាប់ប្តូរ
ការបន្តពូជដោយភេទតាមជំនាប់ប្តូរ


៣-ប្រូតូសូអ៊ែ(ប្រូទីស)

ប្រូទីស ជាឯកកោសិកាឬពហុកោសិកា ខ្លះជាស្វ័យជីព ខ្លះទៀតជាបរជីព។ ប្រូទីសដែលជាភ្នាក់ងារបង្កជំងឺមានដូចជា អាមីប សាឌីយ៉ា និងប្លាស្ប៉រ៉ូសូអ៊ែ។

៣.១-ប្រូតូសូអ៊ែផ្លាស់ទីដោយជើងបញ្ឆោតៈ អាមីប

អាមីប មានរូបរាងមិនកំណត់។ វាចាប់ចំណីនិងផ្លាស់ទីដោយប្រើជើងបញ្ឆោត។ អាមីនអាចបង្កជំងឺរាកមួលដល់មនុស្សតាមរយៈចំណីអាហារឬទឹកមិនស្អាត មានផ្ទុកគីសរបស់អាមីប។

៣.២-ប្រូតូសូអ៊ែផ្លាស់ទីដោយផ្លាសែលៈ សាឌីយ៉ា

សាឌីយ៉ា ផ្លាស់ទីនិងធ្វើចលនាដោយផ្លាសែល។ សាឌីយ៉ាអាចបង្កជំងឺសាឌីយ៉ូស និងឡំប្លីយ៉ាដែលជាជំងឺទាក់ទងនឹងប្រដាប់រំលាយអាហារ។

៣.៣-ប្រូតូសូអ៊ែបន្តពូជដោយស្ប៉ៈស្ប៉រ៉ូសូអ៊ែ

ស្ប៉រ៉ូសូអ៊ែ ជាប្រូទីសឯកកោសិកា បន្តពូជដោយស្ប៉។ ស្ប៉រ៉ូសូអ៊ែបង្កជំងឺគ្រុនចាញ់មានឈ្មោះថា ប្លាស្មូដ្យូម។
ប្លាស្មូដ្យូមៈ ប្លាស្មូដ្យូមបង្កជំងឺគ្រុនចាញ់ដល់មនុស្សនិងសត្វ។ វដ្ដជីវិតរបស់ប្លាស្មូដ្យូមដែលបង្កជំងឺដល់មនុស្សពឹងពាក់លើមជ្ឈដ្ឋានពីរគឺក្នុងខ្លួនមូសដែកគោលញី និងក្នុងខ្លួនមនុស្ស។
វដ្ដជីវិតប្លាស្មូដ្យូម
វដ្ដជីវិតប្លាស្មូដ្យូមអស្រ័យក្នុងខ្លួនមូសដែកគោលញីនិងក្នុងខ្លួនមនុស្ស

  • ក្នុងខ្លួនមូសដែកគោលញីៈ មូសដែកគោលញីដែលខាំអ្នកជំងឺគ្រុនចាញ់ណាម្នាក់ វាខាំបឺតឈាមជននោះ ហើយស្ប៉ប្លាស្មូដ្យូមក៏ចូលទៅក្នុងប្រដាប់រំលាយអាហាររបស់មូស។ នៅទីនោះ កាម៉ែតញី និងឈ្មោលរបស់ប្លាស្មូដ្យូម ធ្វើការបង្កកំណើតបង្កើតបានជាស៊ីកូត ហើយធ្វើចំណែកបានស្ប៉ជាច្រើននិងរស់នៅក្នុងទម្រង់ជាគីស។ បន្ទាប់មក គីសផ្ទុះបែកបញ្ចេញស្ប៉ ធ្វើដំណើរទៅកាន់ក្រពេញទឹកមាត់មូស។
  • ក្នុងខ្លួនមនុស្សៈ កាលណាមូសដែកគោលញីដែលផ្ទុកស្ប៉ប្លាស្មូដ្យូមទៅខាំនរណាម្នាក់ វាក៏បញ្ចូលស្ប៉តាមទឹកមាត់ទៅក្នុងខ្លួនជននោះ។ ស្ប៉ផ្លាស់ទីតាមចរន្តឈាម ចូលទៅក្នុងកោសិកាថ្លើម រួចបន្តពូជដោយធ្វើចំណែក។ មួយរយៈក្រោយមក ស្ប៉ចេញពីកោសិកាថ្លើម ចូលទៅក្នុងគោលិកាក្រហម ហើយបន្តពូជបន្តទៀតបានស្ប៉កាន់តែច្រើន ធ្វើឱ្យគោលិកាក្រហមផ្ទុះបែក។ កាលណាគោលិកាក្រហមផ្ទុះបែក ស្ប៉មួយចំនួនឆ្លងទៅបំផ្លាញគោលិកាក្រហមផ្សេងទៀត  ឯស្ប៉ខ្លះទៀត វិវត្តជាទម្រង់ដែលអាចផ្ដើមវដ្ដជីវិតថ្មីនៅក្នុងខ្លួនមូសដែកគោលញីផ្សេងទៀត។

៤-ផ្សិត

ផ្សិត ជាសារពាង្គកាយឯកកោសិកា ឬពហុកោសិកា បរជីព។ ផ្សិតមួយចំនួនជាផ្សិតបង្កជំងឺនិងទុក្ខទោសដល់មនុស្ស សត្វ និងរុក្ខជាតិ។ ឧទាហរណ៍ៈ ជំងឺទឹកស៊ីជើង ជំងឺស្រែង ជំងឺជ្រាំងមាត់ និងជំងឺសើស្បែកជាច្រើន បង្កឡើងពីមេរោគផ្សិត។


ចុចមើល     សំណួរ