១-ណឺរ៉ូន

រូបផ្គុំណឺរ៉ូន
រូបផ្គុំណឺរ៉ូន
ណឺរ៉ូន ជាកោសិកាប្រសាទដែលដឹកនាំព័ត៌មានទៅពាសពេញក្នុងប្រព័ន្ធប្រសាទ។ ណឺរ៉ូននីមួយៗមានបីផ្នែកសំខាន់រួមមាន ដង់ឌ្រីត តួកោសិកា និងអាក់សូន។
  • ដង់ឌ្រីត ជាពន្លយឆ្មារៗ ហើយខ្លីចេញពីតួកោសិកា។ ដង់ឌ្រីតបញ្ជូនព័ត៌មានចូលក្នុងតួកោសិកា។
  • តួកោសិកា ផ្នែកធំមួយនៅចុងម្ខាងនៃណឺរ៉ូនដែលផ្ទុកណ្វៃយ៉ូនិងធាតុកោសិកាផ្សេងទៀត ហើយតួកោសិកាបែកចេញជាសរសៃឆ្មារៗជាច្រើន។
  • អាក់សូន ជាពន្លយធំមួយ ហើយវែង បែកចេញពីតួកោសិកា។ អាក់សូនបញ្ជូនព័ត៌មានចេញពីតួកោសិកា។ នៅចុងម្ខាងរបស់អាក់សូន មានបែកជាសរសៃឆ្មារៗហៅថា ស្ញាញអាក់សូន ដែលនៅខាងចុងស្ញាញអាក់សូននីមួយៗមានកំពកតូចៗហៅថា កំពកស៊ីណាប់ សម្រាប់ផ្ទុកណឺរ៉ូនបញ្ជូនសារ(សារធាតុគីមី)

២-ប្រភេទនៃណឺរ៉ូន

ផ្អែកតាមតួនាទី គេចែកណឺរ៉ូនជាបីក្រុមសំខាន់ៗរួមមាន ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ឬអន្តរណឺរ៉ូន និងណឺរ៉ូនចលករ។

២.១-ណឺរ៉ូនវិញ្ញាណនាំ

ណឺរ៉ូនវិញ្ញាណនាំ ដឹកនាំព័ត៌មានចេញពីធ្មួលវិញ្ញាណទៅកាន់ណឺរ៉ូនភ្ជាប់ក្នុងមជ្ឈមណ្ឌលប្រសាទ(ខួរក្បាលនិងខួរឆ្អឹងខ្នង)។ ដង់ឌ្រីតរបស់ណឺរ៉ូនវិញ្ញាណនាំភ្ជាប់ចេញពីសរីរាង្គវិញ្ញាណ​ ឯអាក់សូនស្ថិតនៅតាមបណ្ដោយសរសៃប្រសាទ​ ហើយសន្ធឹងរហូតដល់ណឺរ៉ូនភ្ជាប់ក្នុងមជ្ឈមណ្ឌលប្រសាទ។

២.២-ណឺរ៉ូនចលករ

ណឺរ៉ូនភ្ជាប់ ស្ថិតនៅក្នុងមជ្ឈមណ្ឌលប្រសាទ។ ណឺរ៉ូននេះដឹកនាំព័ត៌មានចេញពីណឺរ៉ូនវិញ្ញាណនាំទៅឱ្យណឺរ៉ូនចលករ។

២.៣-ណឺរ៉ូនភ្ជាប់ឬអន្តរណឺរ៉ូន

ណឺរ៉ូនចលករ សន្ធឹងចេញពីណឺរ៉ូនភ្ជាប់ក្នុងមជ្ឈមណ្ឌលប្រសាទ ដែលចុងអាក់សូនភ្ជាប់ទៅនឹងសាច់ដុំឬក្រពេញ។ ណឺរ៉ូនចលករ បញ្ជូនព័ត៌មានចេញពីណឺរ៉ូនភ្ជាប់ក្នុងមជ្ឈមណ្ឌលប្រសាទទៅកាន់សាច់ដុំឬក្រពេញ។

៣-ទិសដៅអាំងភ្លុចប្រសាទ

នៅក្នុងណឺរ៉ូននីមួយៗ អាំងភ្លុចប្រសាទធ្វើដំណើរក្នុងទិសដៅតែមួយប៉ុណ្ណោះ​គឺចេញពីដង់ឌ្រីត ទៅកាន់តួកោសិកា រួចចុះតាមបណ្ដោយអាក់សូនឆ្ពោះទៅកាន់ណឺរ៉ូនផ្សេងទៀតឬទៅកាន់សរីរាង្គប្រតិកម្ម។ បើនិយាយពីទិសដៅអាំងភ្លុចប្រសាទក្នុងប្រព័ន្ធប្រសាទទាំងមូល គឺអាំងភ្លុចប្រសាទធ្វើដំណើរចេញពីធ្មួលវិញ្ញាណកាត់តាមបណ្ដោយណឺរ៉ូនវិញ្ញាណនាំទៅកាន់ណឺរ៉ូនភ្ជាប់ក្នុងមជ្ឈមណ្ឌលប្រសាទ រួចចុះតាមបណ្ដោយណឺរ៉ូនចលករទៅកាន់សាច់ដុំឬក្រពេញ។

៤-ស៊ីណាប់

ការភ្ជាប់គ្នារវាងអាក់សូនរបស់ណឺរ៉ូនមួយទៅនឹងដង់ឌ្រីត ឬតួកោសិកា ឬសរីរាង្គប្រតិកម្មហៅថា ស៊ីណាប់។ ជាទូទៅ ការភ្ជាប់នេះពុំភ្ជាប់ប៉ះដោយផ្ទាល់ទេគឺវាទុកចន្លោះតូចមួយ។ លំហចន្លោះអាក់សូននៃណឺរ៉ូនមួយជាមួយដង់ឌ្រីតឬតួកោសិកានៃណឺរ៉ូនមួយទៀតហៅថា លំហស៊ីណាប់

ស៊ីណាប់
ស៊ីណាប់
តើអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់បានយ៉ាងដូចម្ដេច?
អាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់បានតាមរយៈណឺរ៉ូនបញ្ជូនសារដែលជាសារធាតុគីមីក្នុងកូនថង់ស៊ីណាប់។ កាលណាអាំងភ្លុចប្រសាទធ្វើដំណើរដល់ផ្នែកខាងចុងអាក់សូន កូនថង់ស៊ីណាប់ក្នុងកំពកស៊ីណាប់ក៏ផ្ទុះបែកបញ្ចេញណឺរ៉ូនបញ្ជូនសារសាយឆ្លងកាត់លំហស៊ីណាប់ ចូលទៅក្នុងដង់ឌ្រីតឬតួកោសិកានៃណឺរ៉ូនបន្ទាប់។ បន្ទាប់មក ណឺរ៉ូននាំសារនេះ បង្កើតអាំងភ្លុចប្រសាទថ្មីក្នុងណឺរ៉ូនបន្ទាប់់នោះ។ តាមរបៀបនេះ អាំងភ្លុចប្រសាទអាចធ្វើដំណើរឆ្លងកាត់ពីណឺរ៉ូនមួយទៅណឺរ៉ូនមួយផ្សេងទៀត។