ប្រព័ន្ធស៊ាំ
ប្រព័ន្ធស៊ាំ

១-តំណបស៊ាំ

ប្រតិកម្មរបស់ប្រព័ន្ធស៊ាំទៅនឹងអង់ទីសែននៃភ្នាក់ងារបង្កជំងឺហៅថា តំណបស៊ាំ។ តំណបស៊ាំមានបួនដំណាក់កាលដូចជា
  • ដំណាក់កាលទទួលស្គាល់
  • ដំណាក់កាលប្រើប្រាស់
  • ដំណាក់កាលបំផ្លាញ
  • ភាពស៊ាំ

២-ប្រភេទនៃភាពស៊ាំ

ភាពស៊ាំ ជាសមត្ថភាពពិសេសរបស់សារពាង្គកាយធន់នឹងជំងឺប្រភេទណាមួយ។ ភាពស៊ាំមានពីរប្រភេទធំៗរួមមាន ភាពស៊ាំសកម្ម និងភាពស៊ាំអកម្ម។

២.១-ភាពស៊ាំសកម្ម

ភាពស៊ាំសកម្ម ជាភាពស៊ាំដែលសារពាង្គកាយផលិតអង់ទីករដោយផ្ទាល់ចេញពីការប៉ះផ្ទាល់ទៅនឹងភ្នាក់ងារបង្ករោគ និងតំណបទៅនឹងវ៉ាក់សាំង។ 

២.២-ភាពស៊ាំអកម្ម

ភាពស៊ាំអកម្ម​ ជាភាពស៊ាំដែលសារពាង្គកាយទទួលបានអង់ទីករពីសារពាង្គកាយផ្សេង អាចពីទឹកដោះម្ដាយ ពីមនុស្សណាម្នាក់ឬពីសត្វណាមួយ។

ប្រភាទនៃភាពស៊ាំ ប្រភពអង់ទីករ រយៈពេលបង្ការ
  ភាពស៊ាំសកម្មដោយ
​​​​  ធម្មជាតិ
 ការលូតលាស់ចេញពីការប៉ះផ្ទាល់ជាមួយ
 ភ្នាក់ងារបង្កជំងឺ
 មួយជីវិត
 ភាពស៊ាំសកម្ម
 សិប្បនិម្មិត
 លូតលាស់ចេញពីតំណបទៅនឹងវ៉ាក់សាំង  មួយជីវិត
 ភាពស៊ាំអកម្ម
 ដោយធម្មជាតិ
 ទទួលបានពីទឹកដោះម្ដាយ  បណ្ដោះអាសន្ន 
 ភាពស៊ាំអកម្ម
 សិប្បនិម្មិត
 ទទួលបានពីមនុស្សណាម្នាក់ឬពី
 សត្វណាមួយ
 បណ្ដោះអាសន្ន

៣-វ៉ាក់សាំង(ថ្នាំបង្ការរោគ)

វ៉ាក់សាំង ជាសារធាតុគីមីជួយបង្កើតភាពស៊ាំរបស់សារពាង្គកាយ។ វ៉ាក់សាំង ផ្ទុកអង់ទីសែនងាប់ឬខ្សោយរបស់ភ្នាក់ងារបង្កជំងឺ ដែលបណ្ដាលឱ្យប្រព័ន្ធស៊ាំត្រៀមខ្លួនផលិតអង់ទីករ។ កាលណាសារពាង្គកាយអាចផលិតអង់ទីករបានហើយ​ អង់ទីករមានសកម្មភាពយ៉ាងរហ័សនៅពេលអង់ទីសែននៃភ្នាក់ងារបង្កជំងឺជ្រៀតចូលមកក្នុងសារពាង្គកាយ។ អង់ទីករប្រឆាំងវីរុសកញ្ជ្រឹលមិនអាចប្រឆាំងនឹងមេរោគផ្សេងៗទៀតបានទេ។

៤-អេដស៍និងប្រព័ន្ធស៊ាំ

អេដស៍ ជាប្រជុំរោគសញ្ញាកើតឡើងបន្ទាប់ពីប្រព័ន្ធស៊ាំចុះខ្សោយ។ ជំងឺអេដស៍បង្កឡើងដោយវីរុស HIV ។ វីរុសHIV បរាសិតនៅក្នុងឡាំផូស៊ីតT។ នៅក្នុងសារពាង្គកាយ វីរុសនេះជ្រៀតចូលទៅក្នុងណ្វៃយ៉ូរបស់ឡាំផូស៊ីតT ដើម្បីបន្តពូជ បង្កើតវីរុសនេះបានកាន់តែច្រើន ហើយបំផ្លាញឡាំផូស៊ីតT​ជាបន្តបន្ទាប់ ធ្វើឱ្យឡាំផូស៊ីតT មានមិនគ្រប់គ្រាន់​ជាហេតុប្រព័ន្ធស៊ាំចុះខ្សោយ។ កាលណាប្រព័ន្ធស៊ាំចុះខ្សោយ មេរោគឱកាសនិយមចូលមកបង្កជំងឺផ្សេងៗដល់សារពាង្គកាយ។

៥-វិធីថែរក្សាសុខភាពឱ្យបានល្អ

ដើម្បីរក្សាសុខភាពឱ្យបានល្អ យើងអាចអនុវត្តនូវវិធីមួយចំនួនដូចខាងក្រោម៖
  • ប្រកាន់ខ្ជាប់ខ្ជួននូវឥរិយាបថហូបស្អាត ផឹកស្អាត និងរស់នៅស្អាត
  • បរិភោគអាហារមានតុល្យភាព អនាម័យ និងឱ្យបានគ្រប់គ្រាន់
  • ទម្លាប់ធ្វើលំហាត់ប្រាណឱ្យបានសមស្រប ជាប្រចាំ ឬត្រូវរស់នៅតាមបែបសកម្ម ដោយមានពលកម្មដើម្បីបង្ការបានពីជំងឺមួយចំនួន
  • សម្រាកនិងដេកឱ្យបានគ្រប់គ្រាន់។ ការដេកឱ្យបានគ្រប់គ្រាន់ គឺដេកឱ្យបានស្កប់ស្កល់
  • ទម្លាប់គិតវិជ្ជមានគឺគិតក្នុងផ្លូវល្អ