១-ជំងឺឆ្លង
ជំងឺឆ្លង ជាជំងឺដែលបណ្ដាលមកពីភ្នាក់ងារបង្ករោគ(ដូចជាវីរុស បាក់តេរី ផ្សិត និងប្រូទីស) ហើយឆ្លងពីសារពាង្គកាយមួយទៅសារពាង្គកាយមួយទៀតតាមរបៀបផ្សេងៗ។ ជំងឺមួយចំនួនមានដូចជា ជំងឺផ្ដាសាយ ជំងឺរបេង ជំងឺរលាកថ្លើម ជំងឺងងុយដេក ជំងឺគ្រុនឈាម ជំងឺអំបៅអំបែក ជំងឺជ្រាំងអណ្ដាតជាដើម គឺជាជំងឺឆ្លង។
១.១-ជំងឺកាមរោគ
ជំងឺកាមរោគ ជាជំងឺឆ្លងតាមការរួមភេទ និងកើតមានតាមផ្លូវភេទ។ ជំងឺកាមរោគបណ្ដាលមកពីមេរោគច្រើនប្រភេទអាចជា វីរុស បាក់តេរី និងផ្សិត។
ក-ប្រភេទផ្សេងៗនៃជំងឺកាមរោគ
- ជំងឺប្រមេះទឹកបាយៈ បង្កឡើងពីបាក់តេរីឈ្មោះ នេសេរីយ៉ា ហ្គោណូរេ។ ជំងឺនេះឆ្លងតាមការរួមភេទ និងឆ្លងពីម្ដាយទៅកូនក្នុងផ្ទៃ។ ចំពោះមនុស្សប្រុស ជំងឺប្រមេះទឹកបាយ អាចបណ្ដាលឱ្យនោមឈឺ ពិបាកនោម មានខ្ទុះចេញពីបង្ហួរនោម រលាកក្រពេញប្រូស្តាត និងរលាកពងស្វាស ដែលអាចបណ្ដាលឱ្យអារ(គ្មានកូន)។ ចំពោះមនុស្សស្រីវិញ វាធ្វើឱ្យពិបាកនោម នោមឈឺ ឈឺតាមបង្ហួរនោម ប្រដាប់បន្តពូជ និងឈឺរន្ធគូថ ហើយអាចបណ្ដាលឱ្យរលាកប្រដាប់បន្តពូជ និងអាចឱ្យអារ តែបើស្ត្រីមានផ្ទៃពោះ អាចឱ្យទារកកើតមកខ្វាក់ភ្នែក។
- ជំងឺប្រមេះទឹកថ្លាៈ បណ្ដាលមកពីបាក់តេរី ក្លាមីឌីយ៉ា ត្រាកូម៉ាទីស។ វាឆ្លងតាមការរួមភេទ។ ចំពោះមនុស្សប្រុស ជំងឺនេះធ្វើឱ្យឈឺក្រហាយពេលនោម នោមញឹក និងអាចមានខ្ទុះពីបង្ហួរនោម។ ចំណែកស្ត្រីវិញ ភាគច្រើនគ្មានរោគសញ្ញាអ្វីឡើយ ប៉ុន្តែវាក៏អាចបណ្ដាលឱ្យរលាកប្រដាប់បន្តពូជ និងអារបានដែរ។
- ជំងឺសិរមាន់ៈ បង្កឡើងពីវីរុសឈ្មោះ យូមែន ប៉ាពីឡូម៉ា ហើយឆ្លងតាមការរួមភេទ និងអាចឆ្លងពីម្ដាយទៅទារកទើបកើត។ រោគសញ្ញាមានដូចជា ដុះសាច់ពករាងប្លែកៗ ខ្លះមូល ខ្លះដូចផ្កាស្ពៃលើប្រដាប់ភេទ និងអាចកើតមាននៅបរិវេណប្រដាប់ភេទ និងរន្ធគូថ។ ជំងឺសិរមាន់អាចបង្កជាជំងឺមហារីកពិសេសមហារីកប្រដាប់បន្តពូជ។
- ជំងឺស្វាយៈ បណ្ដាលមកពីបាក់តេរី ត្រេប៉ូណេម៉ា ប៉ាលីដូម។ វាឆ្លងតាមការរួមភេទ និងពីម្ដាយទៅកូន។ រោគសញ្ញាដំបូងគឺ កើតមានដំបៅនៅត្រង់ប្រដាប់បន្តពូជ និងដំបៅរលួយលើម្រាមដៃ ម្រាមជើង ឬមានកន្ទួលក្រហមលើដងខ្លួននិងអវយវៈទាំងមូល។ មេរោគស្វាយ អាចឱ្យខូចសរីរាង្គសំខាន់ៗដូចជាបេះដូង សរសៃឈាម និងខួរក្បាល និងអាចឱ្យស្លាប់បាន។ ទារកឆ្លងជំងឺនេះអាចស្លាប់ តែខ្លះកើតមកឆែបមាត់ ក្រហតច្រមុះ ថ្លង់ ខ្វាក់ភ្នែក សាច់ដុំស្វិត និងអាចឱ្យឆ្កួតវង្វេង។
- ជំងឺសង់មូៈ បង្កឡើងពីបាក់តេរី អេម៉ូភីលុស ឌុយក្រេ ហើយឆ្លងតាមការរួមភេទ។ រោគសញ្ញានៃជំងឺនេះមានដូចជា មានពងតូចៗមានចេញទឹកថ្លាឬខ្ទុះលើប្រដាប់បន្តពូជ។ ពងបែកអាចបង្កជាដំបៅទន់ ដែលឈឺខ្លាំង និងងាយចេញឈាម ហើយអាចជាដោយឯកឯង តែក្រោយមកចាប់ផ្ដើមឡើងកូនកណ្ដុរត្រង់ក្រលៀន ហើយដរជាអាប់សែ។
១.២-ជំងឺអេដស៍
អេដស៍ ជាចង្កោមរោគសញ្ញា កើតក្រោយប្រព័ន្ធស៊ាំចុះខ្សោយដោយសារវីរុសHIV។ វីរុស HIV ជាវីរុសដែលបណ្ដាលឱ្យប្រព័ន្ធស៊ាំរបស់មនុស្សចុះខ្សោយ។ ការវិវត្តនៃជំងឺអេដស៍ត្រូវឆ្លងកាត់នូវដំណាក់កាលដូចខាងក្រោម៖
- ដំណាក់កាលចំហៈ គិតចាប់ពីមេរោគឆ្លងចូលក្នុងសារពាង្គកាយ និងមានរយៈពេលប្រហែលបីខែ។ ក្នុងរយៈពេលនេះ ប្រព័ន្ធស៊ាំចាប់ផ្ដើមផលិតអង់ទីករ ប៉ុន្តែ នៅដំណាក់កាលនេះ ពុំមានរោគសញ្ញាអ្វីទេ ហើយការធ្វើតេស្តឈាមបង្ហាញលទ្ធផលអវិជ្ជមាន។
- ដំណាក់កាលតេស្តឈាមវិជ្ជមានៈ ចាប់ផ្ដើមបន្តពីដំណាក់កាលខាងលើ និងមានរយៈពេលប្រហែល៩ឬ១០ឆ្នាំ។ ក្នុងដំណាក់កាលនេះ ការធ្វើតេស្តឈាមបង្ហាញថា តេស្តឈាមវិជ្ជមាន។ អ្នកផ្ទុកមេរោគអេដស៍មានសុខភាពល្អ និងអាចកើតមានរោគសញ្ញាតិចតួចដូចជាផ្ដាសាយ ឡើងកូនកណ្ដុរនៅក្លៀក និងនៅក។
- ដំណាក់កាលជំងឺអេដស៍ៈ រយៈពេលប្រហែល១០ឆ្នាំនៃការផ្ទុកមេរោគអេដស៍ ជនរងគ្រោះក៏ក្លាយជាអ្នកជំងឺអេដស៍ ដែលមានសុខភាពចុះខ្សោយ ទ្រុឌទ្រោម កើតមានជំងឺឱកាសនិយម។ អ្នកជំងឺអេដស៍នឹងស្លាប់ក្នុងរយៈពេលពីរឬបីឆ្នាំបន្ទាប់។
ជំងឺឱកាសនិយម ជាជំងឺទាំងឡាយណាដែលកើតឡើងនៅពេលប្រព័ន្ធស៊ាំចុះខ្សោយ។ ជំងឺនេះបង្កឡើងដោយសារមេរោគឱកាសនិយម គឺឆ្លៀតពេលប្រព័ន្ធស៊ាំចុះខ្សោយដោយមេរោគអេដស៍ វាក៏ចូលទៅបង្កជំងឺលើសារពាង្គកាយអ្នកជំងឺអេដស៍។ រោគសញ្ញានៃជំងឺឱកាសនិយមប្រែប្រួលទៅតាមមេរោគបង្កនិងសរីរាង្គដែលប៉ះពាល់។ ជំងឺឱកាសនិយមដែលច្រើនកើតមាននៅលើអ្នកជំងឺអេដស៍គឺជា ជំងឺមហារីកដូចជា មហារីកសរសៃឈាម ឡាំផូម៉ា និងជំងឺដែលធ្វើឱ្យខូចខួរក្បាល និងស្រកទម្ងន់។
១.៣-របៀបឆ្លងនិងមិនឆ្លងនៃមេរោគអេដស៍
ក-របៀបឆ្លង
- ការរួមភេទជាមួយដៃគូច្រើននិងដៃគូដែលមានផ្ទុកមេរោគអេដស៍ដោយមិនបានការពារឱ្យបានត្រឹមត្រូវ។ នៅពេលរួមភេទ មេរោគអាចឆ្លងទៅតាមរយៈទឹកកាម ឬទឹករំអិល ឬតាមឈាមនៅពេលមានការដាច់រលាត់។
- ឆ្លងតាមរយៈឈាម ដូចជាការបញ្ចូលឈាម ការប្រើម្ជុរ សឺរ៉ាំងឬសម្ភារៈទម្លុះស្បែករួមគ្នា។ វាក៏អាចឆ្លងតាមការប៉ះពាល់ឈាម ឬទឹករងៃ តាមរយៈស្បែកមានរបួស។
- ឆ្លងពីម្ដាយទៅកូន ដែលអាចកើតឡើងនៅពេលកូននៅក្នុងផ្ទៃ ពេលកូនកើត និងពេលដំបៅដោះកូន។
ខ-របៀបមិនឆ្លង
មេរោគអេដស៍មិនអាចឆ្លងតាមរយៈខ្យល់ ទឹក និងចំណីអាហារបានទេ។ ដូចនេះ សកម្មភាពនៃការប្រាស្រ័យទាក់ទងគ្នាជាសាធារណៈ ការរៀនសូត្រ ការបំពេញការងារ នៅតាមគ្រួសារ សាលារៀន និងសង្គមរស់នៅដូចជាការក្អក កណ្ដាស់ លេងជាមួយគ្នា ប្រើបង្គន់រួមគ្នា ការសុខទុក្ខអ្នកជំងឺអេដស៍...រួមទាំងមូសខាំ និងសត្វចិញ្ចឹមក្នុងផ្ទះមិននាំឱ្យឆ្លងនូវមេរោគអេដស៍ទេ។
២-វិធានការបង្ការជំងឺឆ្លង
២.១-ឥរិយាបថនៃការឆ្លងជំងឺ
ជំងឺឆ្លង អាចឆ្លងតាមរូបភាពច្រើនយ៉ាង អាស្រ័យទៅតាមជំងឺនីមួយៗ ដូចជា
- ទឹក ភេសជ្ជៈ និងចំណីអាហារ
- ការរួមភេទ
- ចរន្តទឹកមាត់ និងខ្យល់ដង្ហើម
- ការប៉ះពាល់ដោយផ្ទាល់ និងការប្រើប្រាស់សម្ភារៈរួមគ្នា
- ឆ្លងពីសត្វមកមនុស្ស
២.២-ការបង្ការពីមេរោគអេដស៍និងកាមរោគ
- កុំឆាប់ប្រឡូកក្នុងការរួមភេទ
- ត្រូវស្មោះត្រង់មួយទល់នឹងមួយ
- ប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវគ្រប់ពេលរួមភេទជាមួយដៃគូក្រៅ
- ចៀសវាងប្រើម្ជុល សឺរ៉ាំង ឬសម្ភារៈទម្លុះស្បែកផ្សេងទៀតរួមគ្នា។ លើសពីនេះ ត្រូវមានបម្រុងប្រយ័ត្ននៅរាល់ពេលប៉ះពាល់ជាមួយឈាមនិងធាតុរាវរបស់សារពាង្គកាយ។
២.៣-វិធានការទូទៅនៃការបង្ការពីជំងឺឆ្លង
- ទម្លាប់រស់នៅរស់នៅស្អាត ហូបស្អាត ផឹកស្អាត
- ការទទួលថ្នាំបង្ការពីគ្រូពេទ្យជំនាញ
- មានបម្រុងប្រយ័ត្នរាល់ទំនាក់ទំនងជាមួយអ្នកជំងឺ និងសត្វផ្សេងៗពិសេសសត្វចិញ្ចឹម
- ទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំនិងបានត្រឹមត្រូវ
- តាមដាន ស្វែងយល់នូវចំណេះដឹងអំពីជំងឺឆ្លងនិងវិធានការបង្ការរបស់វាតាមប្រភពព័ត៌មាននានា
- ទម្លាប់រស់នៅរស់នៅស្អាត ហូបស្អាត ផឹកស្អាត
- ការទទួលថ្នាំបង្ការពីគ្រូពេទ្យជំនាញ
- មានបម្រុងប្រយ័ត្នរាល់ទំនាក់ទំនងជាមួយអ្នកជំងឺ និងសត្វផ្សេងៗពិសេសសត្វចិញ្ចឹម
- ទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំនិងបានត្រឹមត្រូវ
- តាមដាន ស្វែងយល់នូវចំណេះដឹងអំពីជំងឺឆ្លងនិងវិធានការបង្ការរបស់វាតាមប្រភពព័ត៌មាននានា
0 Comments