រៀនទី៥ រុក្ខជាតិ

+ លក្ខណៈទូទៅ
  • សារពាង្គកាយពហុកោសិកា អឺការីយ៉ូត
  • សារពាង្គកាយស្វ័យជីព មានក្លរ៉ូប្លាស
  • កោសិកាមានភ្នាសគ្រោងជាតិសែលុយឡូស
  • ជាទូទៅមិនផ្លាស់ទី
  • បន្តពូជដោយភេទនិងឥតភេទ
  • វដ្ដជីវិតឆ្លងកាត់វគ្គកាម៉ែតូភីត(ដំណាក់កាលផលិតកាម៉ែត) និងវគ្គស្ប៉រ៉ូភីត(ដំណាក់កាលផលិតស្ប៉)។

១. រុក្ខជាតិគ្មានសរសៃនាំ

  • ជារុក្ខជាតិគ្មានជាលិកាសម្រាប់ដឹកនាំរូបធាតុចាំបាច់ផ្សេងៗក្នុងសារពាង្គកាយរបស់វា
  • គ្មានឫស ដើម​និងស្លឹកពិតប្រាកដ
  • បន្តពូជតាមរយៈស្ប៉
  • រស់នៅកន្លែងសើម និងមានភ្លប់
  • រួមមានស្លែ និងអេប៉ាទិច

១.១. ស្លែ

  • រុក្ខជាតិគ្មានសរសៃនាំ(គ្មានស៊ីឡែមនិងផ្លូអែម) 
  • បន្តពូជដោយស្ប៉
  • គ្មានឫស ដើម និងស្លឹកពិតប្រាកដ គឺវាមានទម្រង់ជាដើម ស្លឹក និងរីសូអ៊ីត
  • វគ្គកាម៉ែតូភីតលុបលើវគ្គស្ប៉រ៉ូភីត
  • វដ្ដជីវិតត្រូវការទឹកសម្រាប់ការបង្កកំណើត
  • ដុះនៅតំបន់ដីសើមមានម្លប់ លើដើមឈើ ឬលើផ្ទាំងថ្ម
រូបផ្គស្លែព្រៃ
រូបផ្គស្លែព្រៃ

១.២. អេប៉ាទិច

  • រុក្ខជាតិគ្មានសរសៃនាំ
  • មានរូបរាងដូចស្លឹកឈើ ឬស្រដៀងនឹងថ្លើមមនុស្ស
  • វគ្គកាម៉ែតូភីតលុបលើវគ្គស្ប៉រ៉ូភីត
  • ដុះលើថ្មសើម ដីសើម នៅតាមដងអូរឬជ្រោះ
អេប៉ាទិច

២. រុក្ខជាតិមានសរសៃនាំ

  • មានជាលិកានាំ(ស៊ីឡែម និងផ្លូអែម)
  • បន្តពូជដោយគ្រាប់និងស្ប៉
  • មានដើម ឫស និងស្លឹក ពិតប្រាកដ
  • មានពីរក្រុមគឺ បណ្ណង្គជាតិ(រុក្ខជាតិគ្មានគ្រាប់) និងរុក្ខជាតិមានគ្រាប់

២.១. បណ្ណង្គជាតិ

  • រុក្ខជាតិគ្មានសរសៃនាំ គ្មានគ្រាប់ បន្តពូជតាមរយៈស្ប៉
  • វគ្គកាម៉ែតូភីតនិងវគ្គស្ប៉រ៉ូភីតមានរយៈពេលប្រហាក់ប្រហែលគ្នា
  • ប្រដាប់លូតលាស់មានដើមដែលភាគច្រើននៅក្រោមដីហៅថា ក្ដៀង។ ស្លឹកដុះចេញទៅខាងលើនៃដើម ឯឫសដុះចេញពីផ្នែកខាងក្រោមនៃដើមសម្រាប់ភ្ជាប់ដើមទៅនឹងដី ស្រូបទឹកនិងសារធាតុចិញ្ចឹមពីដី
  • ប្រដាប់បន្តពូជៈ នៅផ្ទៃក្រោមស្លឹកមានថង់តូចៗហៅថា ស្ប៉រ៉ង់សម្រាប់ផលិតនិងផ្ទុកស្ប៉។ បណ្ដុំស្ប៉រ៉ង់ហៅថា ចង្កោមស្ប៉រ៉ង់។ កាលណាស្ប៉ជ្រុះរោយទៅលើកន្លែងមានលក្ខខណ្ឌសមប្រកប វាក៏ដុះពន្លកជាប្រូតាល់ ដែលជាកាម៉ែតូភីត។ ក្នុងនោះមាន កាម៉ែតូភីតញីហៅថា អាកេកូន ផលិតអូអូស្វ៊ែ និងកាម៉ែតូភីតឈ្មោលហៅថា អង់តេរីឌី ផលិតអង់តេរ៉ូសូអ៊ីត។
ប៉ប្រក
ប៉ប្រក

២.២. រុក្ខជាតិមានគ្រាប់

  • រុក្ខជាតិមានសរសៃនាំ បន្តពូជដោយគ្រាប់
  • សរីរាង្គលូតលាស់ជាឫស ដើម និងស្លឹក
  • វគ្គស្ប៉រ៉ូភីតលុបលើវគ្គកាម៉ែតូភីត
  • វដ្ដជីវិតមិនត្រូវការទឹកសម្រាប់ការបង្កកំណើត
  • មានពីរក្រុមគឺ រុក្ខជាតិស៊ីមណូស្ពែម(រុក្ខជាតិគ្រាប់ននល) និងរុក្ខជាតិអង់ស្យូស្ពែម(រុក្ខជាតិមានគ្រាប់ស្ថិតក្នុងសំបកឬផ្លែ)។ រុក្ខជាតិអង់ស្យូស្ពែមចែកជាពីរថ្នាក់រួមមាន រុក្ខជាតិម៉ូណូកូទីលេដូន និងរុក្ខជាតិឌីកូទីលេដូន។

ក. គ្រាប់រុក្ខជាតិ

គ្រាប់រុក្ខជាតិនីមួយៗមានបីផ្នែកគឺ អំប្រ៊ីយ៉ុង សាច់គ្រាប់ និងសំបកគ្រាប់។
Embryo = អំប្រ៊ីយ៉ុង
Food store = ផ្នែកស្តុកទុកអាហារ (សាច់គ្រាប់)
Seed coat = សំបកគ្រាប់

  • សំបកគ្រាប់ មាននាទីការពារ
  • សាច់គ្រាប់ ផ្ទុកអាហារសម្រាប់ការលូតលាស់របស់អំប្រ៊ីយ៉ុង
  • អំប្រ៊ីយ៉ុង លូតលាស់ចេញពីស៊ីកូតដែលជាលទ្ធផលនៃការបង្កកំណើត ហើយក្នុងលក្ខខណ្ឌប្រកប អំប្រ៊ីយ៉ុងលូតលាស់ជារុក្ខជាតិថ្មី។

ខ. ឫសរុក្ខជាតិ

+ ឫសមាននាទី៖
  • ភ្ជាប់ដើមទៅនឹងដី ឬទម្ររបស់វា
  • ស្រូបទឹកនិងអំបិលខនិជពីដីឬពីក្នុងមជ្ឈដ្ឋាន
  • ដឹកនាំទឹកនិងអំបិលខនិជទៅកាន់ដើម
  • ស្តុកទុកអាហារបម្រុង ។
+ ឫសរុក្ខជាតិមានពីរប្រភេទរួមមាន ឫសស្ញែ(គ្មានឫសកែវ) និងឫសស្នឹង(មានឫសកែវនិងឫសរយាង)។
+ ផ្នែកខាងចុងឫសហៅថាក្បាលឫស គ្របដណ្ដប់ដោយមួក។ មួកការពារឫសពីការប៉ះទង្គិចនៅពេលឫសលូតលាស់ក្នុងដី។
+ ឫសមានរោមជញ្ជក់ដុះចេញពីផ្ទៃរបស់ឫសនិងមាននាទីស្រូបទឹកនិងសារធាតុខនិជ 
+ នៅផ្នែកកណ្ដាលក្នុងឫស មានស៊ីឡែម និងផ្លូអែមដែលជាជាលិកានាំរបស់រុក្ខជាតិ។

គ. ដើមរុក្ខជាតិ

  • ដើមមាននាទីជាទម្រ ទ្រស្លឹកបែរឆ្ពោះទៅរកពន្លឺព្រះអាទិត្យ
  • ដឹកនាំសារធាតុរវាងឫសនិងស្លឹក
  • ដើមរុក្ខជាតិខ្លះ ក៏អាចធ្វើរស្មីសំយោគដើម្បីផលិតអាហារបានដែរ
  • ដើមរុក្ខជាតិស្មៅមានពណ៌បៃតងទន់ ឯដើមរុក្ខជាតិឈើ មានពណ៌ប្រផេះ ឬឈាមជ្រូក រឹង។

ឃ. ស្លឹករុក្ខជាតិ

+ ផ្ទុកជាតិពណ៌បៃតងហៅថា ក្លរ៉ូភីល
+ ខ្នាត់ទទឹងស្លឹកបង្ហាញនូវស្រទាប់អេពីឌែមលើ អេពីឌែមក្រោម និងស្រទាប់មេសូភីល។
រូបផ្គុំស្លឹករុក្ខជាតិ
រូបផ្គុំស្លឹករុក្ខជាតិ
  • អេពីឌែមលើនិងក្រោម មាននាទីគ្របដណ្ដប់និងការពារជាលិកាក្នុងស្លឹក។ នៅលើផ្ទៃអេពីឌែមមានគុយទីគុល ជួយបង្ការការបាត់បង់ជាតិទឹកពីស្លឹក និងការពារពីអំពើមេកានិច។ ម្យ៉ាងទៀត នៅក្នុងផ្ទៃអេពីឌែមមានស្តូម៉ាត ដែលជាកន្លែងធ្វើបណ្ដូរឧស្ម័ន និងកើតមានរំភាយចំហាយទឹក។
  • ស្រទាប់មេសូភីល រួមមានមេសូភីលប៉ាលីសាត និងមេសូភីលស្ពោធ។ ស្រទាប់មេសូភីលផ្ទុកក្លរ៉ូប្លាសដែលផ្ទុកក្លរ៉ូភីល មាននាទីចាប់យកថាមពលពន្លឺព្រះអាទិត្យសម្រាប់ធ្វើរស្មីសំយោគ។ ស្រទាប់មេសូភីលស្ពោត ផ្ទុកជាលិកានាំពីរប្រភេទគឺ ស៊ីឡែម និងផ្លូអែម ព្រមទាំងមានរន្ធខ្យល់ ផ្ទុកឧស្ម័ន។

ជាលិការុក្ខជាតិ

ជាលិការុក្ខជាតិមាន ៤ ប្រភេទ រួមមាន មេជាលិកា ជាលិកានាំ ជាលិកាការពារ និងជាលិកាគ្រឹះ។
  1. មេជាលិកា ផ្ទុកកោសិកា ដែលអាចធ្វើចំណែកជាបន្តបន្ទាប់ បង្កើតកោសិកាថ្មីៗ ដែលក្រោយមក កោសិកាថ្មីៗទាំងនេះ ធ្វើបំប្លែងឯកទេសទៅជាជាលិកាប្រភេទផ្សេងៗទៀត បំពេញឯកទេសកម្មរបស់វា។ មេជាលិកា ស្ថិតនៅតំបន់ក្បាលឫស កំពូលនៃដើម ពន្លកដើម និងពន្លកមែក។
  2. ជាលិកាការពារ រួមមាន កោសិកាអេពីឌែម និងល្យែស។ កោសិកាអេពីឌែម មាននាទីគ្របដណ្ដប់និងការពារជាលិកាខាងក្នុងរបស់រុក្ខជាតិ ដូចជា វាការពាររុក្ខជាតិទប់ទល់នឹងការជ្រៀតចូលនៃមីក្រូសារពាង្គកាយបង្កជំងឺ កាត់បន្ថយការបាត់បង់ទឹក និងទប់ទល់ពីអំពើមេកានិកជាដើម។ ពន្លយឆ្មារៗ ដែលលយចេញពីស្រទាប់អេពីឌែម ហៅថា រោមជញ្ជក់ មាននាទីស្រូបទឹកនិងសារធាតុខនិជ ព្រមទាំង ចងភ្ជាប់រុក្ខជាតិយ៉ាងរឹងមាំទៅនឹងដី។ ល្យែស ជាកោសិកាងាប់ គ្របដណ្ដប់លើផ្ទៃដើមនិងឫសរុក្ខជាតិ ដែលជួយការពារជាលិកាខាងក្នុងទប់ទល់នឹងការប៉ះទង្គិចផ្សេងៗ ហើយវាជួយការពារការបាត់បង់ទឹក និងការជ្រៀតចូលនៃមេរោគ។
  3. ជាលិកានាំ មានពីរប្រភេទ រួមមាន ស៊ីឡែម និងផ្លូអែម។ ស៊ីឡែម ដឹកនាំទឹកនិងសារធាតុខនិជពីឫសទៅកាន់ដើមនិងស្លឹក។ កោសិកាស៊ីឡែម មានពីរប្រភេទគឺ ត្រាកេអ៊ីត និងសរសៃស៊ីឡែម។ ផ្លូអែម ដឹកនាំសារធាតុសរីរាង្គ ដែលជាផលិតផលនៃរស្មីសំយោគទៅចិញ្ចឹមផ្នែកផ្សេងៗរបស់រុក្ខជាតិ។
  4. ជាលិកាគ្រឹះ មាននាទីផលិត ស្តុកទុក ពង្រឹង និងទ្រទ្រង់រុក្ខជាតិ។ ជាលិកាគ្រឹះមានបីប្រភេទគឺ ប៉ារ៉ង់ស៊ីម កូឡង់ស៊ីម និងក្លេរ៉ង់ស៊ីម។ ប៉ារ៉ង់ស៊ីម មានក្លរ៉ូប្លាស (ផ្ទុកក្លរ៉ូភីល) សម្រាប់រ៉ាប់រងដំណើររស្មីសំយោគ ឯប៉ារ៉ង់ស៊ីមនៅក្នុងឫសនិងដើមខ្លះ មានឯកទេសកម្មស្តុកទុកសារធាតុបម្រុង។ កូឡង់ស៊ីម ជួយទ្រទ្រង់ផ្នែកខ្ចីៗនៃរុក្ខជាតិឱ្យរឹងមាំនិងអាចពត់បាន។ ក្លេរ៉ង់ស៊ីម ​​ជួយទ្រទ្រង់ ពង្រឹង និងការពារ។ កោសិកាក្លេរ៉ង់ស៊ីម មានពីរប្រភេទគឺ កោសិកាសរសៃ និងកោសិកាក្លេរ៉េអ៊ីត។
+ឫសរុក្ខជាតិនិងមីក្រូសារពាង្គកាយ
ឫសរុក្ខជាតិ មានទំនាក់ទំនងទៅនឹងមីក្រូសារពាង្គកាយមួយចំនួន ដូចជា ផ្សិតនិងបាក់តេរី ហើយផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកតាមបែប សហប្រាណ ហៅថា ទំនាក់ទំនងសហប្រាណ។ 
  • សហប្រាណជាមួយពួកបាក់តេរី
  • សហប្រាណជាមួយផ្សិត