១-ដង្ហើមរុក្ខជាតិជាអ្វី?

ដំណើរការដែលកោសិការុក្ខជាតិទទួលបានថាមពលពីការបំបែកម៉ូលេគុលគ្លុយកូសហៅថា​ ដង្ហើមរុក្ខជាតិ ដង្ហើមរុក្ខជាតិ កើតមាននៅក្នុងស៊ីតូប្លាសនិងក្នុងមីតូកុងឌ្រីនៃកោសិកា។ ប៉ុន្តែ ការផលិតថាមពលច្រើនជាងគេគឺនៅក្នុងមីតូកុងឌ្រី។ ដង្ហើមរុក្ខជាតិ ត្រូវការរូបធាតិដើមពីររួមមាន គ្លុយកូស និងអុកស៊ីសែន។

១.១-ដំណាក់កាលទាំងពីរនៃដង្ហើមរុក្ខជាតិ

ក-ដំណាក់កាលទី១

ដំណាក់កាលទី១ ប្រព្រឹត្តទៅនៅក្នុងស៊ីតូប្លាសនៃកោសិកា។ ក្នុងដំណាក់កាលនេះ ម៉ូលេគុលគ្លុយកូសត្រូវបានបំបែកតែបន្តិចបន្តួចដោយពុំប្រើប្រាស់អុកស៊ីសែន ហើយផលិតថាមពលតិចតួច។

ខ-ដំណាក់កាលទី២

ដំណាក់កាលទី២ ប្រព្រឹត្តទៅនៅក្នុងមីតូកុងឌ្រីរបស់កោសិកា។ នៅក្នុងដំណាក់កាលនេះ ម៉ូលេគុលគ្លុយកូសតូចៗ ត្រូវបានបំបែកបន្តទៀតដោយប្រើប្រាស់អុកស៊ីសែន ហើយផលិតបានថាមពលយ៉ាងច្រើន។

ប្រតិកម្មសង្ខេបនៃដំណើរដង្ហើមរបស់រុក្ខជាតិៈ
សមីការដង្ហើមកោសិកា

១.២-កត្តាខាងក្រៅដែលជះឥទ្ធិពលលើដំណើរដង្ហើមរុក្ខជាតិ

កត្តាដែលជះឥទ្ធិពលទៅលើដំណើរដង្ហើមរុក្ខជាតិរួមមានៈ
  • សីតុណ្ហភាពៈ សីតុណ្ហភាពសមស្របចន្លោះពី២៥-៣៥o។ កាលណាសីតុណ្ហភាពទាបពេកឬខ្ពស់ពេក នោះសកម្មភាពនៃដំណើរដង្ហើមរុក្ខជាតិចុះខ្សោយឬត្រូវបានបំផ្លាញ។C
  • បរិមាណឧស្ម័នអុកស៊ីសែន និងឧស្ម័នកាបូនិច

២-ទំនាក់ទំនងថាមពល

រស្មីសំយោគនិងដង្ហើមកោសិកា
រស្មីសំយោគ និងដំណើរដង្ហើម ជាលំនាំពីរផ្ទុយគ្នា តែអាស្រ័យគ្នាទៅវិញទៅមក។ ក្នុងដំណើររស្មីសំយោគ កោសិកាត្រូវការទឹក និងឧស្ម័នកាបូនិចដើម្បីផលិត គ្លុយកូស និងអុកស៊ីសែន ដែលផលិតផលទាំងនេះ ត្រូវបានប្រើជារូបធាតុដើមក្នុងដំណើរដង្ហើម ហើយផលិតបានឧស្ម័នកាបូនិច ទឹក និងថាមពល។ ទីបំផុត ទឹកនិងឧស្ម័នកាបូន ត្រូវបានកោសិកាទាញយកទៅប្រើជាថ្មីក្នុងដំណើររស្មីសំយោគ។
ដូចនេះ ដំណើរដង្ហើម និងរស្មីសំយោគ រួមគ្នាបង្កើតវដ្ដរូបធាតុមួយដែលរក្សាស្ថិរភាពនៃកម្រិតអុកស៊ីសែន និងឧស្ម័នកាបូនិចក្នុងបរិយាកាសផែនដី។


រស្មីសំយោគ ដំណើរដង្ហើម
 ​ ថាមពល    ស្រូបថាមពល    បញ្ចេញថាមពល 
  ទីតាំង   ក្នុងក្លរ៉ូប្លាស   ក្នុងស៊ីតូប្លាស និងក្នុងមីតូកុងឌ្រី 
  រូបធាតុដើម     ទឹក និង ឧស្ម័នកាបូនិច    គ្លុយកូស និង អុកស៊ីសែន
  ផលិតផល    គ្លុយកូស និង អុកស៊ីសែន     ឧស្ម័នកាបូនិច ទឹក និងថាមពល  

៣-ការផ្ទេរថាមពល

ភាវរស់ស្ទើរតែទាំងអស់ទទួលបានថាមពលពីពន្លឺព្រះអាទិត្យដោយផ្ទាល់ឬដោយប្រយោល។ ភាវរស់ធ្វើរស្មីសំយោគ ទទួលបានថាមពលពន្លឺក្នុងដំណើររស្មីសំយោគ។ ថាមពលស្តុកទុកក្នុងខ្លួនអ្នកផលិត ក៏ត្រូវបានផ្ទេរទៅឱ្យអ្នកប្រើប្រាសជាបន្តបន្ទាប់តាមខ្សែអាហារ។