១-កាយវិភាគវិទ្យានៃបរិមណ្ឌលប្រសាទ
បរិមណ្ឌលប្រសាទ ជាផ្នែកទាំងអស់នៃប្រព័ន្ធប្រសាទ លើកលែងខួរក្បាល និងខួរឆ្អឹងខ្នង។ បរិមណ្ឌលប្រសាទបង្កឡើងពីសរសៃប្រសាទលលាដ៍ក្បាល១២គូចេញពីខួរក្បាល និងសរសៃប្រសាទ៣១គូចេញពីខួរឆ្អឹងខ្នង។
បរិមណ្ឌលប្រសាទ |
បរិមណ្ឌលប្រសាទចែកជាពីរផ្នែករួមមាន ប្រព័ន្ធប្រសាទស្វ័យប្រវត្តិ និងប្រព័ន្ធប្រសាទសូម៉ាទិច។
- ប្រព័ន្ធប្រសាទសូម៉ាទិច ត្រួតពិនិត្យ និងសម្របសម្រួលចលនាឆន្ទៈដែលជាប់ទាក់ទងនឹងសាច់ដុំជាប់ឆ្អឹងដូចជា ការដើរ ការលេងកីឡា ការសរសេរ ការនិយាយ ការច្រៀង និងការផាត់ពណ៌ជាដើម។
- ប្រព័ន្ធប្រសាទស្វ័យប្រវត្តិ តម្រូវចលនាអឆន្ទៈនៃសរីរាង្គខាងក្នុងដូចជា វាតម្រូវចង្វាក់បេះដូង អត្រាដង្ហើម ការរំលាយអាហារ ការបញ្ចេញចោល ការបន្ស៊ាំនឹងមជ្ឈដ្ឋានរស់នៅ និងការបន្តពូជជាដើម។
២-ចលនាតាមឆន្ទៈនិងរេផ្លិច
២.១-ចលនាតាមឆន្ទៈ
ចលនាឆន្ទៈ ជាចលនាដែលកើតឡើងដោយញាណ ក្រោមការត្រួតពិនិត្យពីខួរក្បាល។ ឧទាហរណ៍ៈ ការអានសៀវភៅ ការលេងហ្គេម ការចាប់កាន់របស់អ្វីមួយនិងការនិយាយជាដើម។
២.២-រេផ្លិច
រេផ្លិច ជាតំណបស្វ័យប្រវត្តិនិងអឆន្ទៈទៅនឹងរំញោចណាមួយ។ រេផ្លិចអាចជួយការពារសារពាង្គកាយឱ្យគេចផុតពីគ្រោះថ្នាក់ដោយចៃដន្យណាមួយដូចជា ការក្អកនិងកណ្ដាស់ជួយសំអាតផ្លូវដង្ហើម ការព្រិចភ្នែកជួយបង្ការមិនឱ្យសត្វល្អិត និងកម្ទេចកំទីផ្សេងៗចូលក្នុងភ្នែកនិងការដកដៃចេញពីវត្ថុក្ដៅឬវត្ថុមុតស្រួចជាដើម។
៣-សារធាតុញៀននិងប្រព័ន្ធប្រសាទ
នីកូទី ជាតិអាល់កុល កាហ្វេអ៊ីន អំហ្វីតាមីន និងសារធាតុញៀនផ្សេងទៀតមានក្នុងកញ្ឆា អាភៀន...ជាសារធាតុដែលបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធប្រសាទ។
- អាល់កុល ជាសារធាតុញៀនមាននៅក្នុងស្រា។ ជាតិអាល់កុលជាសារធាតុធ្វើឱ្យធ្លាក់ទឹកចិត្ត។ វាបន្ថយសកម្មភាពនៃប្រព័ន្ធប្រសាទ បន្ថយអត្រាបេះដូង និងចង្វាក់ដង្ហើម ធ្វើឱ្យការវិនិច្ឆ័យ ការពិចារណា និងការប្រមូលអារម្មណ៍ធ្លាក់ចុះ។ ជាតិអាល់កុលអាចធ្វើឱ្យបាត់បង់កាចងចាំ វង្វេងវង្វាន់ ស្មារតីចុះខ្សោយ បាត់លំនឹងនិងកើតជំងឺមហារីកលើសរីរាង្គជាច្រើនដូចជាក្រះ ថ្លើមជាដើម។
- នីកូទីន ជាសារធាតុធ្វើឱ្យញៀន មាននៅក្នុងផ្សែងបារីនិងថ្នាំជក់។ វាជាសារធាតុបង្កើនល្បឿនប្រព័ន្ធប្រសាទ បង្កើនអត្រាចង្វាក់បេះដូង សម្ពាធឈាម អត្រាដង្ហើម ធ្វើឱ្យបញ្ញាធ្លាក់ចុះ ការវិនិច្ឆ័យយឺតយ៉ាវ និងបណ្ដាលឱ្យខួរក្បាលស្ពឹកស្រពន់។
៤-ជំងឺប្រព័ន្ធប្រសាទ
ជំងឺគ្រុនស្វិតដៃជើងជាជំងឺមួយកើតមានលើប្រព័ន្ធប្រសាទ ដែលបង្កឡើងដោយវីរុសគ្រុនស្វិតដៃជើង។ វីរុសគ្រុនស្វិតដៃជើងចូលក្នុងសារពាង្គកាយតាមផ្លូវដង្ហើមនិងផ្លូវអាហារ ហើយចូលទៅបំផ្លាញណឺរ៉ូនចលករ ដែលធ្វើឱ្យសាច់ដុំមិនអាចធ្វើចលនាបាន។ ករណីនេះគេថា វីរុសគ្រុនស្វិតដៃជើងធ្វើឱ្យស្លាប់អវយវៈ។ បើវីរុសនេះចូលទៅបំផ្លាញណឺរ៉ូនដែលបញ្ជាចលនាសាច់ដុំប្រអប់ទ្រូង នោះប្រដាប់ដង្ហើមមិនអាចធ្វើចលនាបាន ហើយអ្នកជំងឺនឹងស្លាប់ភ្លាមៗ។
0 Comments