មេរៀនទី៤ ផ្សិត
ផ្សិត ជាសារពាង្គកាយឯកកោសិកា ឬពហុកោសិកាអឺការីយ៉ូត បរជីព គ្មានក្លរ៉ូប្លាស និងមានភ្នាសគ្រោងជាតិគីទីនរុំព័ទ្ធជុំវិញភ្នាសស៊ីតូប្លាស(ភ្នាសកោសិកា)របស់វា។
១. រូបផ្គុំ
- ផ្សិតបង្កឡើងពីកោសិកាដែលរុំព័ទ្ធដោយភ្នាសគ្រោង
- កោសិការបស់ផ្សិតភាគច្រើន មានរាងជាបំពង់សរសៃឆ្មារៗហៅថា អ៊ីប បែកមែកប្រទាក់ក្រឡាគ្នាជាបណ្ដាញ ហៅថា មីសេល្យូម។ អ៊ីប របស់ផ្សិតខ្លះ ជាសរសៃបន្តគ្នានៃស៊ីតូប្លាសដែលមានណ្វៃយ៉ូច្រើន។
- ផ្សិតខ្លះ ជាសារពាង្គកាយឯកកោសិកា កើតឡើងពីកោសិកាតែមួយ រុំព័ទ្ធដោយភ្នាសគ្រោង។
| រូបផ្គុំសារពាង្គកាយផ្សិត |
+ របៀបចិញ្ចឹមជីវិត៖ ផ្សិត ជាសារពាង្គកាយបរជីព ដែលភាគច្រើន ចិញ្ចឹមជីវិតតាមរបៀបជាសាប្រូភីត ដោយស្រូបអាហារតាមរយៈអ៊ីប ដែលដុះចាក់ចូលទៅក្នុងប្រភពអាហារ។ អ៊ីបបញ្ចេញអង់ស៊ីមរំលាយដើម្បីបំបែកម៉ូលេគុលធំៗនៃអាហារ ឲ្យទៅជាម៉ូលេគុលតូចៗ។ បន្ទាប់មក អ៊ីបស្រូបយកសារធាតុចិញ្ចឹមពីក្នុងប្រភពអាហារ។ ឯផ្សិតខ្លះ ជាបរាសិត ពឹងលើអាហារបានពីធ្មួល។
២. តួនាទីផ្សិតក្នុងធម្មជាតិ
ក. អត្ថប្រយោជន៍របស់ផ្សិត
- ប្រភពអាហាររបស់មនុស្ស ដូចជា ផ្សិតចំបើង ផ្សិតម្ជុរ ផ្សិតត្រចៀកកណ្ដុល ផ្សិតអំបោះ ផ្សិតក្ដាម ផ្សិតភ្លៅមាន់...។ ផ្សិតខ្លះប្រើក្នុងឧស្សាហកម្មផលិតអាហារ ផលិតនំប៉័ង ទឹកស៊ីអ៊ីវ ស្រា និងស្រាបៀរ។
- ផ្នែកវេជ្ជសាស្ត្រ គេប្រើផ្សិតសម្រាប់ផលិតអង់ទីប្យូទិចប្រឆាំងមេរោគ។ ឧទាហរណ៍ៈ ពេនីស៊ីលីន ផលិតពីផ្សិតពេនីសេល្យូម។
- ផ្សិតមួយចំនួនរស់នៅជាសហប្រាណជាសារាយនិងសារពាង្គកាយដទៃ។ សហប្រាណជាមួយសារាយឬបាក់តេរីស្វ័យជីព បង្កើតបានជាលីកែន ដែលជាសារពាង្គកាយត្រួសត្រាយ។ ផ្សិតសហប្រាណនឹងឫសរុក្ខជាតិ ជួយបង្កើនផ្ទៃសម្រូបទឹកនិងសារធាតុខនិជដល់ឫសរុក្ខជាតិ។
- ផលិតថ្នាំពុលកសិកម្មកំចាត់ស្មៅ សត្វល្អិតចង្រៃ និងកំចាត់ជំងឺលើរុក្ខជាតិ
- ជាសាប្រូភីត បំបែកសំណល់សរីរាង្គឲ្យទៅជាសារធាតុខនិជ និងជួយបង្កើតវដ្ដរូបធាតុក្នុងស្ថានប្រព័ន្ធ។
ខ. ទុក្ខទោស
- ផ្សិតមួយចំនួនជាភ្នាក់ងារបង្កជំងឺដល់មនុស្ស សត្វនិងរុក្ខជាតិ។ ឧទាហរណ៍៖ ផ្សិតជ្រាំងអណ្ដាត ផ្សិតបង្កជំងឺស្រែង ផ្សិតកង់ឌីដាក្នុងពោះវៀនរបស់មនុស្ស...។
- ផ្សិតមួយចំនួនមានសមាសធាតុគីមីពុលដែលអាចធ្វើឲ្យមនុស្សឬសត្វស្លាប់។
៣. វដ្ដជីវិតរបស់ផ្សិត
៣.១. ការបន្តពូជដោយឥតភេទ
ផ្សិតភាគច្រើន បន្តពូជដោយឥតភេទតាមរយៈស្ប៉។ ផ្សិតផលិតស្ប៉នៅក្នុងស្ប៉រ៉ង់។ ស្ប៉មានទម្ងន់ស្រាល រុំព័ទ្ធដោយសំបកការពារ ហើយអាចនាំទៅកន្លែងផ្សេងទៀតតាមទឹកឬខ្យល់។ ក្នុងលក្ខខណ្ឌប្រកប ស្ប៉ដុះពន្លក ហើយលូតលាស់ទៅជាផ្សិតថ្មីដែលដូចគ្នាទៅនឹងផ្សិតមេ។
ផ្សិតខ្លះដូចជាដំបែ ក៏បន្តពូជដោយឥតភេទដែរ តែតាមរយៈការចេញពន្លក។ ដំបូង កោសិកាតូចៗ(ពន្លក) ដុះចេញពីកោសិកាមេ ហើយលូតលាស់ធំប្រហែលកោសិកាមេក៏ផ្ដាច់ចេញពីកោសិកាមេ ឬចេះតែបំបែកបន្តទៀត ហើយបន្តរស់នៅលើកោសិកាមេ។
ផ្សិតខ្លះដូចជាដំបែ ក៏បន្តពូជដោយឥតភេទដែរ តែតាមរយៈការចេញពន្លក។ ដំបូង កោសិកាតូចៗ(ពន្លក) ដុះចេញពីកោសិកាមេ ហើយលូតលាស់ធំប្រហែលកោសិកាមេក៏ផ្ដាច់ចេញពីកោសិកាមេ ឬចេះតែបំបែកបន្តទៀត ហើយបន្តរស់នៅលើកោសិកាមេ។
| ការចេញពន្លករបស់ដំបែ |
៣.២. ការបន្តពូជដោយភេទ
ក្នុងលក្ខខណ្ឌមិនសមប្រកប ផ្សិតបន្តពូជដោយភេទ។ ផ្សិតគ្មានញីឈ្មោលទេ តែវាមានអ៊ីបពូជវិជ្ជមាន និងអ៊ីបពូជអវិជ្ជមាន។ កាលណាកោសិកាអ៊ីបនៃពូជវិជ្ជមាននិងពូជអវិជ្ជមាននៃផ្សិតតែមួយឬផ្សិតផ្សេងគ្នា គងប៉ះគ្នា ភ្នាសកោសិការបស់វាក៏រលាយចូលគ្នាបង្កើតបានកោសិកាមានណ្វៃយ៉ូពីរ។ ក្រោយមក ណ្វៃយ៉ូទាំងពីរនោះក៏រលាយចូលគ្នា ក្លាយជាស៊ីកូត។ ស៊ីកូត រងមេយ៉ូស ក្លាយជាស្ប៉ ដែលនឹងដុះពន្លក ហើយលូតលាស់ទៅជាផ្សិតថ្មី។
| ការបន្តពូជរបស់ផ្សិតផ្អួរ |
៤. លីកែន
- លីកែន ជាសារពាង្គកាយដែលកើតពីផ្សិតនិងសារាយបៃតង ឬបាក់តេរីស្វ័យជីព រស់នៅសហប្រាណនឹងគ្នា។
- លីកែន រស់នៅលើផ្ទាំងថ្ម ឬជញ្ជាំង លើដីសើម និងលើសំបកឈើ គេហៅវាថាជាសារពាង្គកាយត្រួសត្រាយ។ លីកែន អាចបំបែកថ្មបន្តិចម្ដងៗឲ្យទៅជាដី ដែលអាចឲ្យសារពាង្គកាយផ្សេងៗលូតលាស់បាននៅទីនោះ។ ម្យ៉ាងទៀត អ្នកវិទ្យាសាស្ត្រ បានប្រើប្រាស់លីកែន ជាអាំងឌីកាទ័រនៃកង្វក់ទឹក។
0 Comments