ជំងឺមិនឆ្លង ជាជំងឺដែលមិនបណ្ដាលមកពីភ្នាក់ងារបង្ករោគ ហើយមិនអាចឆ្លងពីសារពាង្គកាយមួយទៅសារពាង្គកាយផ្សេងទៀត។
ជំងឺមិនឆ្លង |
១-ជំងឺទល់លាមក
ជំងឺទល់លាមក គឺលាមកក្លាយជាស្ងួត រឹង ហើយពិបាកបន្ទោរបង់។ ជំងឺនេះ បណ្ដាលមកពីមូលហេតុមួយចំនួនដូចជា
- របបអាហារខ្វះជាតិសែលុយឡូស
- កង្វះជាតិទឹក
- ការបរិភោគអាហារមិនទៀងទាត់
- កង្វះលំហាត់ប្រាណនិងពលកម្មក្នុងការរស់នៅ
- ការអង្គុយជាប់នៅមួយកន្លែងក្នុងរយៈពេលយូរ
២-ជំងឺកង្វះអាហារ
ជំងឺកង្វះអាហារ បណ្ដាលមកពីការបរិភោគអាហារគ្មានតុល្យភាព គឺអាហារមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ កាលណាយើងបរិភោគអាហារខ្វះនូវសារធាតុចិញ្ចឹមណាមួយក្នុងរយៈពេលយូរហៅថា ជំងឺកង្វះអាហារ។ ឧទាហរណ៍ៈ ជំងឺខ្វះជាតិដែក ជំងឺកង្វះវីតាមីនC និងជំងឺខ្វះប្រូតេអ៊ីនជាដើម។
៣-ជំងឺធាត់
ជំងឺធាត់កើតឡើងដោយការបរិភោគអាហារច្រើនហួសក្នុងរយៈពេលយូរ ថាមពលទទួលបានពីអាហារច្រើនជាងថាមពលបញ្ចេញ។ ថាមពលដែលលើសក្នុងសារពាង្គកាយនឹងបំប្លែងទៅជាខ្លាញ់។
៤-ជំងឺលើសឈាម
ជំងឺលើសឈាម ជាជំងឺនៃការលើសសម្ពាធឈាមក្នុងសរសៃឈាមអាកទែ។ ជំងឺលើសឈាមអាចកើតឡើងដោយសារជាតិខ្លាញ់ក្នុងសរសៃឈាមអាកទែ ឬការស្ពៀតសរសៃឈាមអាកទែ។
មូលហេតុដែលអាចឱ្យលើសឈាមមានដូចជា បរិភោគអាហារសម្បូរជាតិខ្លាញ់ អាហារប្រៃ ការជក់បារី ការផឹកស្រា និងភាពធាត់ហួស ព្រមទាំងកង្វះលំហាត់ប្រាណ។
មូលហេតុដែលអាចឱ្យលើសឈាមមានដូចជា បរិភោគអាហារសម្បូរជាតិខ្លាញ់ អាហារប្រៃ ការជក់បារី ការផឹកស្រា និងភាពធាត់ហួស ព្រមទាំងកង្វះលំហាត់ប្រាណ។
៥-ជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែម ជាជំងឺនៃការលើសបរិមាណគ្លុយកូសក្នុងឈាម។ គ្លុយកូសលើសបណ្ដាលមកពីលំពែងមិនអាចបញ្ចេញអរម៉ូនអាំងស៊ុយលីនបានគ្រប់គ្រាន់។ អាំងស៊ុយលីន មាននាទីបន្ថយកម្រិតជាតិស្ករក្នុងឈាម។ តែដោយកង្វះអាំងស៊ុយលីន ធ្វើឱ្យជាតិស្ករក្នុងឈាមលើស ហើយត្រូវបញ្ចេញមកក្រៅតាមទឹកនោម។
៦-ជំងឺបេះដូងនិងសរសៃឈាម
ជំងឺបេះដូង និងសរសៃឈាមកើតឡើងដោយសារបញ្ហាជាច្រើនដូចជា ការឡើងសម្ពាធឈាម ការបាត់បង់ភាពយឺតរបស់សរសៃអាកទែ ការកកស្ទះឬដាច់សរសៃឈាមនិងការគាំងបេះដូងជាដើម។ មានកត្តាជាច្រើនដែលអាចបណ្ដាលឱ្យកើតជំងឺបេះដូងដូចជា ការជក់បារី ការលើសទម្ងន់ និងកង្វះលំហាត់ប្រាណឱ្យបានទៀងទាត់។
៧-ជំងឺមហារីក
ជំងឺមហារីក ជាជំងឺដែលបណ្ដាលមកពីការលូតលាស់ខុសធម្មតានិងមិនអាចត្រួតពិនិត្យរបស់កោសិកាណាមួយ បង្កើតបានជាសំណុំហៅថា មហារីក។ មូលហេតុដែលបណ្ដាលឱ្យកើតមហារីកមានដូចជា កាំរស្មីX សំណល់គីមីក្នុងបរិស្ថាន ការជក់បារី ការបរិភោគអាហារមានជាតិខ្លាញ់ច្រើន និងការផឹកស្រា។
0 Comments