ស្លឹករុក្ខជាតិ(រុក្ខជាតិមានសរសៃនាំ) បង្កឡើងដោយជាលិកាបីប្រភេទគឺ
- ជាលិកាការពារ មានអេពីឌែម
- ជាលិកាគ្រឹះ មានមេសូភីល
- ជាលិកានាំ មានស៊ីឡែម និងផ្លូអែម
១-អេពីឌែម
អេពីឌែម ជាស្រទាប់ជាលិកាដែលគ្របដណ្ដប់និងការពារផ្នែកខាងក្នុងស្លឹក។ អេពីឌែមស្លឹករុក្ខជាតិរួមានអេពីឌែមផ្ទៃលើនិងអេពីឌែមផ្ទៃក្រោម។ នៅពីក្រៅអេពីឌែម ស្រោបដោយស្រទាប់គុយទីគុល ដែលជាសារធាតុភ្លឺរលោង ជួយការពារស្លឹកពីការបាត់បង់ទឹកច្រើន។ ក្នុងផ្ទៃនៃអេពីឌែម មានរន្ធតូចៗហៅថា ស្តូម៉ាត។ ស្តូម៉ាតនីមួយៗ បង្កឡើងពីកោសិកាល្បាតពីរ។ ស្តូម៉ាតមាននាទីជាកន្លែងធ្វើបណ្ដូរឧស្ម័ននិងរំភាយចំហាយទឹ។
២-មេសូភីល
មេសូភីល ជាស្រទាប់កោសិកាស្ថិតនៅសចន្លោះអេពីឌែមលើនិងអេពីឌែមក្រោម។ មេសូភីលមានពីរប្រភេទរួមមាន មេសូភីលប៉ាលីសាត និងមេសូភីលស្ពោត។ មេសូភីលប៉ាលីសាត បង្កឡើងពីកោសិកាផ្ទុកក្លរ៉ូប្លាស រាងទ្រវែង តម្រៀបកៀកៗគ្នា។ ស្រទាប់មេសូភីលផ្ទុកក្លរ៉ូប្លាស ដែលជាប្លាសផ្ទុកជាតិពណ៌បៃតងហៅថា ក្លរ៉ូភីល មាននាទីចាប់យកថាមពលពន្លឺព្រះអាទិត្យសម្រាប់ការផលិតអាហាររបស់រុក្ខជាតិតាមដំណើររស្មីសំយោគ។ ចំណែក មេសូភីលស្ពោត បង្កឡើងពីកោសិកាផ្ទុកក្លរ៉ូប្លាស រាងមិនទៀងទាត់ តម្រៀបឃ្លាតគ្នា ដែលបង្កើតឱ្យមានលំហផ្ទុកឧស្ម័ន។ ម្យ៉ាងទៀត នៅក្នុងស្រទាប់មេសូភីល មានជាលិកាដឹកនាំពីរប្រភេទ។ ជាលិកានាំទាំងនេះស្ថិតនៅក្នុងទ្រុងស្លឹក។
៣-ទ្រនុងស្លឹក
ទ្រនុងស្លឹកបង្កឡើងពីជាលិកាដឹកនាំពីរប្រភេទគឺ ស៊ីឡែម និងផ្លូអែម។ ស៊ីឡែម ដឹកនាំទឹកនិងអំបិលខនិជរលាយ។ ចំណែក ផ្លូអែម ដឹកនាំចំណីអាហារដែលបានពីរស្មីសំយោគ។
ទ្រនុងស្លឹកម៉ូណូកូទីលេដូន តម្រៀបខុសគ្នាពីទ្រនុងស្លឹកឌីកូទីលេដូន។ ទ្រនុងស្លឹកម៉ូណូកូទីកេលូន តម្រៀបស្របៗគ្នាតាមបណ្ដោយស្លឹក។ ចំណែកទ្រនុងស្លឹកឌីកូទីលេដូន តម្រៀបជាបណ្ដាញមួយបែកខ្នែងពេញផ្ទៃស្លឹក។
0 Comments