១-នាទីប្រព័ន្ធប្រសាទ

ប្រព័ន្ធប្រសាទរបស់មនុស្សមាននាទីសំខាន់ៗបីយ៉ាងរួមមាន៖
  • ការទទួលព័ត៌មានៈ ប្រព័ន្ធប្រសាទអាចឱ្យយើងដឹងនូវព័ត៌មានផ្សេងៗក្នុងមជ្ឈដ្ឋានតាមរយៈសរីរាង្គវិញ្ញាណ
  • ការបកស្រាយនិងឆ្លើយតបព័ត៌មានៈ ប្រព័ន្ធប្រសាទធ្វើការបកស្រាយនិងឆ្លើយតបព័ត៌មានដោយឱ្យសារពាង្គកាយមានប្រតិកម្មតបទៅនឹងរំញោចឬបម្រែបម្រួលក្នុងមជ្ឈដ្ឋាន
  • ការរក្សាលំនឹងៈ ប្រព័ន្ធប្រសាទជួយសម្របសម្រួលផ្នែកផ្សេងៗរបស់ារពាង្គកាយដោយបញ្ជាឱ្យសារពាង្គកាយបំពេញសកម្មភាពឱ្យបានសមស្របទៅតាមព័ត៌មានដែលទទួលបាន។

២-កាយវិភាគវិទ្យាមជ្ឈមណ្ឌលប្រសាទ

ប្រព័ន្ធប្រសាទមមនុស្សចែកជាពីរផ្នែកសំខាន់គឺ មជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ។ មជ្ឈមណ្ឌលប្រសាទជាប្រព័ន្ធប្រសាទផ្នែកកណ្ដាលដែលរួមមាន ខួរក្បាល និងខួរឆ្អឹងខ្នង។

២.១-ខួរក្បាល

ខួរក្បាល
ខួរក្បាល
ខួរក្បាល ស្ថិតនៅក្នុងលលាដ៍ក្បាល ហើយស្រោបនិងការពារដោយស្រោមខួរ និងទឹកខួរ។ ខួរក្បាលមនុស្សមានបីផ្នែកគឺ ខួរធំ ខួរតូច និងខួរកញ្ចឹងក។

ក-ខួរធំ

ខួរធំ ជាផ្នែកធំជាងគេនៃខួរក្បាល មាននាទីត្រួតពិនិត្យការគិត ការពិចារណា ការចងចាំ ការប៉ះពាល់ គំហើញ ការដឹងរសជាតិ ការស្ដាប់​និងការដឹងក្លិន។

ខ-ខួរតូច

ផ្នែកទីពីរនៃខួរក្បាល សណ្ដូកពីក្រោម ផ្នែកខាងក្រោយខួរធំគឺជា ខួរតូច។ ខួរតូចមាននាទី
  • បញ្ជាសាច់ដុំឱ្យធ្វើការព្រមគ្នានិងរលូន
  • ជួយរក្សាលំនឹងសារពាង្គកាយ

គ-ខួរកញ្ចឹងក

ខួរកញ្ចឹងក ជាផ្នែកទីបីនិងតូចបំផុតរបស់ខួរក្បាល។ ខួយរកញ្ចឹងកភ្ជាប់បន្តដោយខួរឆ្អឹងខ្នង។ វាមាននាទីត្រួតពិនិត្យសកម្មភាពអឆន្ទៈជាច្រើនដែលជួយរក្សាយើងឱ្យមានជីវិតរស់ដូចជា ដំណកដង្ហើម ចង្វាក់បេះដូង សម្ពាធឈាម ការរំលាយអាហារ ការក្អក និងការកណ្ដាស់ជាដើម។

២.២-ខួរឆ្អឹងខ្នង

ខួរឆ្អឹងខ្នង
ខួរឆ្អឹងខ្នង
ខួរឆ្អឹងខ្នង ភ្ជាប់បន្តពីខួរកញ្ចឹងក ចុះមកក្រោម និងមានប្រវែងប្រហែល ៤២-៤៥ សង់ទីម៉ែត្រ។ ខួរឆ្អឹងខ្នងត្រូវបានការពារដោយឆ្អឹងខ្នង ស្រោមខួរ និងទឹកខួរ។ វាមាននាទី
  • ដឹកដឹកនាំព័ត៌មានរវាងខួរក្បាលនិងផ្នែកផ្សេងៗរបស់សារពាង្គកាយ
  • ត្រួតពិនិត្យចលនារេផ្លិចមួយចំនួនដែលជាតំណបស្វ័យប្រវត្តិនិងអឆន្ទៈ