អូស្មូស ជាចលនានៃម៉ូលេគុលទឹកពីតំបន់ដែលមានកំហាប់សូលុយស្យុងទាបទៅតំបន់ដែលមានកំហាប់សូលុយស្យុងខ្ពស់ឆ្លងកាត់ភ្នាសអឌ្ឍជា្រប។ (ឬ អូស្មូស ជាបន្សាយនៃម៉ូលេគុលទឹកពីតំបន់មានកំហាប់ម៉ូលេគុលទឹកខ្ពស់ទៅតំបន់ដែលមានកំហាប់ម៉ូលេគុលទឹកទាបឆ្លងកាត់ភ្នាសអឌ្ឍជ្រាប។) ឧទាហរណ៍៖ ទឹកចូលទៅក្នុងកោសិកានៃរោមជញ្ជក់របស់ឫសរុក្ខជាតិ។


សូលុយស្យុងអ៊ីពែតូនិក ជាសូលុយស្យុងដែលធ្វើឱ្យកោសិការួមតូច ដោយសារទឹកចេញពីកោសិកា ដែលបណ្ដាលមកពីកំហាប់សារធាតុក្រៅកោសិកាខ្ពស់ជាងកំហាប់សារធាតុក្នុងកោសិកា។ ឧទាហរណ៍៖ នៅពេលដែលយើងយកត្រីស្រស់ទៅប្រឡាក់នៅក្នុងចានមានអំបិល ហើយផ្អាប់ទុកមួយរយៈ ត្រីនោះនឹងប្រែទៅជាស្វិតសាច់ ព្រោះទឹកចេញពីក្នុងខ្លួនត្រីដោយអូស្មូស រីឯអំបិលចូលទៅក្នុងខ្លួនត្រីតាមបន្សាយ។


សូលុយស្យុងអ៊ីប៉ូតូនិក ជាសូលុយ
ស្យុងដែលធ្វើឱ្យកោសិការីកមាឌ ដោយសារទឹកចូលទៅក្នុងកោសិកា ដែលបណ្ដាលមកពីកំហាប់សារធាតុក្រៅកោសិកាទាបជាងកំហាប់
សារធាតុក្នុងកោសិកា។ ឧទាហរណ៍៖ នៅពេលដែលយើងយកត្រសក់ចាវទៅត្រាំក្នុងទឹកមួយរយៈ ត្រសក់ចាវនោះនឹងរីកមាឌ ព្រោះទឹកចូល។ ដូចគ្នានេះដែរ នៅពេលដែលអ្នកដាច់ទឹកយូរ អ្នកមិនគួរផឹកទឹកច្រើនភ្លាមនោះទេ ពីព្រោះគ្រោះថ្នាក់អាចកើតមានឡើងដោយសារការបែកគ្រាប់ឈាមក្រហម។


សូលុយស្យុងអ៊ីសូតូនិក ជាសូលុយស្យុងដែលកំហាប់សារធាតុក្នុងកោសិកានិងកំហាប់សារធាតុក្រៅកោសិកាស្មើគ្នា ជាហេតុគ្មានចលនាទឹកចេញនិងចូលទៅក្នុងកោសិកាទេ។


សំណួរ

មីងចាន់បានប្រឡាក់ត្រីឆ្ពិនចំនួនពីរ ដែលប្ដីរបស់គាត់រកបានពីស្រែ។ ក្រោយមក ត្រីនោះក៏ប្រែជាស្វិត ហើយមានរសជាតិប្រៃ។ ចូរពន្យល់ពីបាតុភូតដែលនាំឱ្យត្រីឆ្ពិនរបស់មីងចាន់ប្រែជាស្វិត និងមានរសជាតិប្រៃ។


ចម្លើយ

បាតុភូតដែលធ្វើឱ្យត្រីឆ្ពិនរបស់មីងចាន់ប្រែជាស្វិត និងមានរសជាតិប្រៃគឺជា បន្សាយ និងអូស្មូស។ នៅពេលប្រឡាក់ត្រីនឹងអំបិល ធ្វើឱ្យកំហាប់អំបិលក្នុងកោសិកាត្រីទាបជាងកំហាប់អំបិលនៅខាងក្រៅ(ក្នុងចាន) ជាហេតុទឹកចេញពីក្នុងកោសិកាត្រី ដែលនាំឱ្យត្រីប្រែជាស្វិត។ ចំណែក សារធាតុអំបិលនៅក្នុងចាន ចូលទៅក្នុងខ្លួនត្រី តាមបន្សាយ ដែលនាំឱ្យត្រីប្រែជាមានរសជាតិប្រៃ។