ភ្នាសគ្រាប់ភ្នែក
(a. រេទីន, b. កូរ៉ូអ៊ីត, c. ក្លេរ៉ូទិច)
គ្រាប់ភ្នែករបស់មនុស្ស មានភ្នាស ៣ ស្រទាប់ គឺ ក្លេរ៉ទិច កូរ៉ូអ៊ីត និងរេទីន។
- ស្រទាប់ក្រៅបង្អស់ ហៅថា ក្លេរ៉ូទិច។ ស្រទាប់នេះមានពណ៌ស ក្រាស់ រឹង ហើយស្វិត។ វាមាននាទីផ្ដល់រូបរាងឱ្យគ្រាប់ភ្នែក និងការពារផ្នែកខាងក្នុងនៃគ្រាប់ភ្នែក។
- ស្រទាប់កណ្ដាល ហៅថា កូរ៉ូអ៊ីត។ កូរ៉ូអ៊ីត ស្ដើង ពណ៌ត្នោតចាស់ សម្បូរដោយសរសៃឈាម។ សរសៃឈាមនេះ ដឹកនាំសារធាតុចិញ្ចឹមទៅផ្គត់ផ្គង់ស្រទាប់រេទីន និងរក្សាលំនឹងសីតុណ្ហភាពក្នុងភ្នែក។
- ស្រទាប់ក្នុងបង្អស់ ហៅថា រេទីន។ រេទីន មានកោសិកាធ្មួលរួសនឹងពន្លឺពីរបែប គឺកោសិកាកោន រួសនឹងពន្លឺខ្លាំង បង្កើតឱ្យមានគំហើញពណ៌ និងកោសិកាដំបង រួសទៅនឹងពន្លឺខ្សោយ បង្កើតឱ្យមានគំហើញខ្មៅ-ស។ នៅលើស្រទាប់រេទីន មានស្នាមលឿង ដែលមានស្ទើរតែទាំងអស់ជាកោសិកាកោន ធ្វើឱ្យស្នាមលឿងរួសនឹងពន្លឺខ្លាំងជាងគេលើស្រទាប់រេទីន ហើយធ្វើឱ្យមានគំហើញច្បាស់ខ្លាំង។
0 Comments