លទ្ធផលសិក្សា៖

  • គូររូបផ្គុំនិងដាក់ឈ្មោះផ្នែកផ្សេងៗរបស់កោសិកា(ភ្នាសកោសិកា ស៊ីតូប្លាស ណ្វៃយ៉ូ) ព្រមទាំងរាប់ឈ្មោះធាតុកោសិកា(មីតូកុងឌ្រី រីបូសូម...)
  • រាប់ឈ្មោះធាតុកោសិកាព្រមទាំងពណ៌នានាទីរបស់ធាតុកោសិកានីមួយៗ(ឧទាហរណ៍ៈ រីបូសូម ជាកន្លែងសំយោគប្រូតេអ៊ីន...)។

១. ចូរពិនិត្យរូបភាពរួចឆ្លើយនឹងសំណួរនីមួយៗខាងក្រោមឱ្យបានត្រឹមត្រូវ។

ក). តើរូបខាងលើនេះ ជារូបផ្គុំរបស់កោសិកាសត្វឬកោសិការុក្ខជាតិ? ពីព្រោះអ្វី?

រូបខាងលើនេះជារូបផ្គុំកោសិការុក្ខជាតិ ពីព្រោះ ក្នុងរូបនេះគេឃើញមាន ភ្នាសគ្រោង(1) និងក្លរ៉ូប្លាស(3) ព្រមទាំងមានវ៉ាគុយអូលកណ្ដាលធំ(2)។

ខ). ចូរប្រាប់ឈ្មោះផ្នែកនីមួយៗរបស់កោសិកាដែលបង្ហាញដោយលេខរៀងនីមួយៗនៅក្នុងរូប។

  1. ភ្នាសគ្រោង(ភ្នាសសែលុយឡូស)
  2. វ៉ាគុយអូល
  3. ក្លរ៉ូប្លាស
  4. ឧបករណ៍កុលស៊ី(ប្រដាប់កុលស៊ី)
  5. រីបូសូម
  6. ណ្វៃយ៉ូ
  7. នុយក្លេអូល
  8. រេទីគុយឡូមអង់ដូប្លាស
  9. មីតូកុងឌ្រី
  10. ស៊ីតូប្លាស
  11. ភ្នាសស៊ីតូប្លាស(ភ្នាសកោសិកា)

គ). តើផ្នែកនៃកោសិកាដែលចង្អុលបង្ហាញដោយលេខរៀង  2 លេខ 3 និងលេខ 6  មាននាទីដូចម្ដេច?

(2) វ៉ាគុយអូល ស្តុកទុកទឹក អំបិល អាហារ និងសំណល់កោសិកា ព្រមទាំង ជួយទ្រទ្រង់កោសិកា(រុក្ខជាតិ)។

(3) ក្លរ៉ូប្លាស ធាតុកោសិកានៃរស្មីសំយោគ ដោយវាផ្ទុកក្លរ៉ូភីល មាននាទីចាប់យកថាមពលពន្លឺព្រះអាទិត្យសម្រាប់ផលិតអាហារក្ន្ងុងដំណើររស្មីសំយោគ។

(6) ណ្វៃយ៉ូ ផ្ទុកសម្ភារៈតំណពូជ(ADN និង ARN) និងជាមជ្ឈមណ្ឌលត្រួតពិនិត្យសកម្មភាពរបស់កោសិកា។

២. ក. តើមីតូកុងឌ្រី ប្រដាប់កុលស៊ី រីបូសូម សង់ត្រូសូម និងរេទីគុយឡូមអង់ប្លាសមាននាទីខុសគ្នាដូចម្ដេច?

  • មីតូកុងឌ្រី ជាមជ្ឈមណ្ឌលផលិតថាមពលរបស់កោសិកា។
  • ប្រដាប់កុលស៊ី មាននាទីកែច្នៃ បែងចែក វេចខ្ចប់សារជាថ្មី និងដឹកជញ្ជូនប្រូតេអ៊ីនដែលទទួលបានពីរេទីគុយឡូមអង់ដូប្លាសទៅក្រៅកោសិកា ឬទៅពាសពេញក្នុងកោសិកា។
  • រីបូសូម ជាកន្លែងសំយោគប្រូតេអ៊ីន។
  • សង់ត្រូសូម មាននាទីបង្កើតត្រយូងអាក្រូម៉ាទិច(សរសៃប៉ូល និងសរសៃក្រូម៉ូសូម) នៅពេលកោសិកា(សត្វ)ធ្វើចំណែក។
  • រេទីគុយឡូមអង់ប្លាស(បណ្ដាញអង់ដូប្លាស) កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូននូវម៉ូលេគុលទៅកាន់ឧបករណ៍កុលស៊ី ព្រមទាំងមាននាទីបំបាត់ជាតិពុលក្នុងកោសិកា។

ខ. ហេតុអ្វីបានជាគេថា មីតូកុងឌ្រី ជាមជ្ឈមណ្ឌលថាមពលរបស់កោសិកា?

ពីព្រោះ នៅក្នុងមីតូកុងឌ្រីកើតមានអុកស៊ីតកម្មគ្លុយកូស គឺប្រតិកម្មគីមីបំបែកម៉ូលេគុលគ្លុយកូសដោយមានវត្តមានអុកស៊ីសែន ហើយបញ្ចេញបរិមាណថាមពលយ៉ាងច្រើនដែលកោសិកាអាចប្រើប្រាស់បានសម្រាប់សកម្មភាពនានាចាំបាច់នៃជីវិត។

៣. ប្រៀបធៀបទម្រង់កោសិកាសត្វ និងទម្រង់កោសិការុក្ខជាតិ។

+លក្ខណៈដូចគ្នា 
ភ្នាសស៊ីតូប្លាស ស៊ីតូប្លាស វ៉ាគុយអូល រីបូសូម ប្រដាប់កុលស៊ី រេទីគុយឡូមអង់ដូប្លាស វ៉ាគុយអូល 
+លក្ខណៈខុសគ្នា
កោសិកាសត្វ

  • គ្មានភ្នាសគ្រោង(ភ្នាសសែលុយឡូស)
  • គ្មានក្លរ៉ូប្លាស
  • លីសូសូម
  • សង់ទ្រីយ៉ូល
  • វ៉ាគុយអូលតូចៗ
  • មានរូបរាងប្រែប្រួលទៅតាមនាទីរបស់វានៅក្នុងសារពាង្គកាយ
កោសិការុក្ខជាតិ
  • ក្លរ៉ូប្លាស
  • គ្មានលីសូសូម
  • គ្មានសង់ទ្រីយ៉ូល
  • វ៉ាគុយអូលកណ្ដាលធំ
  • មានរូបរាងជាក់លាក់ គឺរាងជាពហុកោណ(មានជ្រុងច្រើន)

. តើភ្នាសគ្រោង(ភ្នាសសែលុយឡូស) និងភ្នាសកោសិកាមាននាទីខុសគ្នាដូចម្ដេចខ្លះ?

+ភ្នាសគ្រោង(ភ្នាសសែលុយឡូស) 
  • ជួយការពារនិងទ្រទ្រង់រុក្ខជាតិឱ្យលូតលាស់ត្រង់ឡើង
  • ជួយឱ្យកោសិការុក្ខជាតិមានរូបរាងជាក់លាក់ ហើយធ្វើឱ្យរុក្ខជាតិមានលក្ខណៈរឹង ខុសពីស្បែកមនុស្ស ឬសត្វ។
+ភ្នាសកោសិកា(ឬភ្នាសស៊ីតូប្លាស)
  • របាំងខ័ណ្ឌចែកមជ្ឈដ្ឋានខាងក្នុងនិងក្រៅកោសិកា ហើយការពារ និងទ្រទ្រង់កោសិកា
  • ត្រួតពិនិត្យសារធាតុដែលត្រូវចេញនិងចូលទៅក្នុងកោសិកា។

សូមអរគុណចំពោះការចូលមើល និងចែករំលែកនូវគេហៈទំព័ររបស់យើងខ្ញុំ។ ចំពោះមតិយោបល់ផ្សេងៗ  និងសំណូមពរ លោកអ្នកអាចផ្ដល់មកកាន់យើងខ្ញុំនៅក្នុង Comment ខាងក្រោមនេះ ឬតាមរយៈ តេឡេក្រាម៖