រូបផ្គុំក្នុងបេះដួង (Human Internal Heart Structure)
ថតបេះដូង
- ថតលើស្ដាំ ទទួលឈាមខ្សត់អុកស៊ីសែនពីផ្នែកផ្សេងៗនៃសារពាង្គកាយ ដែលបង្ហូរចូលមកតាមវ៉ែវកាវលើ និងវ៉ែនកាវក្រោម។
- ថតក្រោមស្ដាំ រុញឈាមខ្សត់អុកស៊ីសែនបានពីថតលើស្ដាំ ឆ្លងកាត់ប្រឹសអាកទែសួតទៅក្នុងសរសៃឈាមអាកទែសួតដើម្បីបញ្ជូនឈាមទៅកាន់សួត។
- ថតលើឆ្វេង ទទួលឈាមសម្បូរអុកស៊ីសែនពីសួត ដោយចូលមកតាមវ៉ែនសួត។
- ថតក្រោមឆ្វេង រុញឈាមសម្បូរអុកស៊ីសែនបានពីថតលើឆ្វេង ឆ្លងកាត់ប្រឹសអាអកទៅក្នុងសរសៃឈាមអាអក ដើម្បីបញ្ជូនឈាមទៅកាន់ផ្នែកផ្សេងៗរបស់សារពាង្គកាយ។
ប្រឹសបេះដូង
- ប្រឹសថតលើក្រោមស្ដាំ(ឬ ប្រឹងអណ្ដាតបី) ស្ថិតនៅចន្លោះថតលើស្ដាំ និងថតក្រោមស្ដាំ ហើយមានមុខងារបង្ការមិនឱ្យឈាមត្រឡប់ពីក្នុងថតក្រោមស្ដាំទៅក្នុងថតលើស្ដាំវិញ។
- ប្រឹសសួត(ឬប្រឹសអាកទែសួត) ស្ថិតនៅក្នុងគល់អាកទែសួត ចន្លោះអាកទែសួតនិងថតក្រោមស្ដាំ។ វាបង្ការមិនឱ្យឈាមត្រឡប់ក្នុងសរសៃឈាមអាកទែសួតមកក្នុងថតក្រោមស្ដាំវិញ។
- ប្រឹសថតលើក្រោមឆ្វេង(ឬប្រឹសអណ្ដាតពីរ) ស្ថិតនៅចន្លោះថតលើឆ្វេង និងថតក្រោមឆ្វេង។ វាបង្ការមិនឱ្យឈាមត្រឡប់ពីក្នុងថតក្រោមឆ្វេងទៅក្នុងថតលើឆ្វេងវិញ។
- ប្រឹសអាអក ស្ថិតនៅក្នុងគល់អាអក ចន្លោះសរសៃឈាមអាអក និងថតក្រោមឆ្វេង។ វាបង្ការមិនឱ្យឈាមត្រឡប់ពីក្នុងសរសៃឈាមអាអកមកក្នុងថតក្រោមឆ្វេងវិញ។
ស្រទាប់ភ្នាសបេះដូង
ផ្ទៃបេះដូង មានបីស្រទាប់៖
- ស្រទាប់ក្នុង កើតពីកោសិកាអេពីតេល្យូមមួយស្រទាប់។
- ស្រទាប់កណ្ដាល ជាស្រទាប់ជាលិកាសាច់ដុំ។
- ស្រទាប់ក្រៅ ជាជាលិកាសរសៃ(ភីប)។
សរសៃឈាមសំខាន់ៗរបស់បេះដូង
- អាកទែសួត នាំឈាមខ្សត់អុកស៊ីសែនចេញពីថតក្រោមស្ដាំទៅកាន់សួត។
- វ៉ែនសួត នាំឈាមសម្បូរអុកស៊ីសែនពីសួតមកក្នុងថតលើឆ្វេងបេះដូង។
- អាអក នាំឈាមចេញពីថតក្រោមឆ្វេងទៅកាន់សរីរាង្គផ្នែកលើ និងក្រោមបេះដូង។
- វ៉ែនកាវលើ បង្ហូរឈាមខ្សត់អុកស៊ីសែនដែលបានពីជាលិកាផ្សេងៗដែលស្ថិតនៅផ្នែកលើបេះដូងចូលទៅក្នុងថតលើស្ដាំ។
- វ៉ែនកាវក្រោម នាំឈាមខ្សត់អុកស៊ីសែនដែលបានពីសរីរាង្គផ្សេងៗដែលស្ថិតនៅក្រោមបេះដូងចូលទៅក្នុងថតលើស្ដាំ។
ពាក្យបច្ចេកទេសអង់គ្លេស-ខ្មែរ
- aorta អាអក
- aortic semilunar valve ប្រឹសអាអក
- aortic valve ប្រឹសអាអក
- atria ថតលើ
- atrioventricular valve ប្រឹសថតលើក្រោម
- atrium ថតលើ
- bicuspid valve ប្រឹសអណ្ដាតពីរ
- blood vessels សរសៃឈាម
- cardiovascular system ប្រដាប់របត់ឈាម
- circulatory system ប្រដាប់របត់ឈាម
- heart បេះដូង
- heart chamber ថតបេះដូង
- heart valve ប្រឹសបេះដូង
- inferior semilunar valve វ៉ែនកាវក្រោម
- left atrium ថតលើឆ្វេង
- left ventricle ថតក្រោមឆ្វេង
- mitral valve ប្រឹសអណ្ដាតពីរ ឬប្រឹសថតលើក្រោមឆ្វេង
- pulmonary artery អាកទែសួត
- pulmonary semilunar valve ប្រឹសសួត ឬប្រឹសអាកទែសួត
- pulmonary valve ប្រឹសសួត ឬប្រឹសអាកទែសួត
- pulmonary vein វ៉ែនសួត
- right atrioventricular valve ប្រឹសថតលើក្រោមស្ដាំ
- right atrium ថតលើស្ដាំ
- right ventricle ថតក្រោមស្ដាំ
- superior vena cava វ៉ែនកាវលើ
- tricuspid valve ប្រឹសអណ្ដាតបី ឬប្រឹសថតលើក្រោមស្ដាំ
- ventricle ថតក្រោម
0 Comments