មេរៀនទី៣ ប្រូទីស

១. ប្រូទីសសត្វ

ប្រូទីសសត្វ ជាប្រូតូសូអ៊ែឯកកោសិកាបរជីព។ ផ្អែកតាមរបៀបរស់នៅនិងរបៀបផ្លាស់ទី គេចែកប្រូទីសសត្វជា៤ក្រុមរួមមាន៖
អាមីប
អាមីប
  • ប្រូតូសូអ៊ែផ្លាស់ទីដោយជើងបញ្ឆោតៈ អាមីប
    • ប្រើប្រាស់ជើងបញ្ឆោតសម្រាប់ផ្លាស់ទីនិងចាប់ចំណីអាហារ
    • បន្តពូជដោយការចែកខ្លួនជាពីរ
    • អាមីបបង្កជំងឺរាគមួលដល់មនុស្ស
  • ប្រូតូសូអ៊ែផ្លាស់ទីដោយរោមញ័រៈ ប៉ារ៉ាមេស៊ី
    • ខ្លួនប៉ារ៉ាមេស៊ីរុំព័ទ្ធដោយរោមញ័រ ដែលរោមនេះ ប្រើសម្រាប់ផ្លាស់ទីនិងបញ្ចូលអាហារក្នុងមាត់
    • ប៉ារ៉ាមេស៊ីបន្តពូជដោយឥតភេទតាមការចែកខ្លួនជាពីរ និងអាចបន្តពូជដោយជំនាប់ប្តូរ។
    ប៉ារ៉ាមេស៊ី
    ប៉ារ៉ាមេស៊ី

  • ប្រូតូសូអ៊ែផ្លាស់ទីដោយផ្លាសែល
    • មានផ្លាសែលសម្រាប់ធ្វើចលនានិងផ្លាស់ទី
    • ខ្លះមានប្រយោជន៍ដូចជា ប្រូតូសូអ៊ែបរាសិតនៅក្នុងខ្លួនកណ្ដៀរ។ ឯសាឌីយ៉ា ជាប្រូតូសូអ៊ែចង្រៃ រស់ក្នុងទឹកសាប ហើយអាចបង្កជំងឺពោះវៀនធ្ងន់ធ្ងរហៅថា ឡំប្លីយ៉ាសដល់មនុស្ស។
  • ប្រូតូសូអ៊ែបន្តពូជតាមរយៈស្ប៉ៈ ស្ប៉រ៉ូសូអ៊ែ
    • ប្រូទីសសត្វ បន្តពូជតាមរយៈស្ប៉ ហើយរស់ជាបរាសិតលើសត្វនិងមនុស្ស
    • ប្លាស្មូដ្យូម ជាស្ប៉រ៉ូសូអ៊ែបង្កជំងឺគ្រុនចាញ់ដល់មនុស្ស។
+វដ្ដជីវិតមេរោគគ្រុនចាញ់(ប្លាស្មូដ្យូម)៖ វដ្ដជីវិតរបស់ប្លាស្មូដ្យូម អាស្រ័យលើសារពាង្គកាយមនុស្សនិងក្នុងខ្លួនមូសដែកគោលញី។
វដ្ដជីវិតប្លាស្មូដ្យូម
វដ្ដជីវិតប្លាស្មូដ្យូម
  • ក្នុងខ្លួនមូសដែកគោលញីៈ ក្រោយពេលមូសដែកគោលញីខាំបឺតឈាមអ្នកជំងឺគ្រុនចាញ់ណាម្នាក់ កាម៉ែតប្លាស្មូដ្យូមធ្វើដំណើរទៅក្នុងប្រដាប់រំលាយអាហាររបស់មូស ហើយបង្កកំណើតជាស៊ីកូតឬស៊ុតបង្កកំណើត។ ស៊ីកូតធ្វើចំណែក ក្លាយជាគីសផ្ទុកស្ប៉។ ក្រោយមក គីសផ្ទុះបែកបញ្ចេញស្ប៉ជាច្រើន ធ្វើដំណើរទៅកាន់ក្នុងក្រពេញទឹកមាត់មូស។
  • ក្នុងខ្លួនមនុស្សៈ កាលណាមូសដែកគោលញីដែលផ្ទុកស្ប៉ប្លាស្មូដ្យូមទៅខាំនរណាម្នាក់ វាក៏បញ្ចូលស្ប៉ទៅក្នុងខ្លួនជននោះ។ ស្ប៉ធ្វើដំណើរតាមចរន្តឈាមទៅក្នុងកោសិកាថ្លើម រួចបន្តពូជដោយធ្វើចំណែកបានស្ប៉កាន់តែច្រើន។ ស្ប៉ខ្លះចេញពីកោសិកាថ្លើមចូលទៅក្នុងគោលិកាក្រហម រួចធ្វើចំណែកបន្តទៀត។ ក្នុងរយៈ៤៨ទៅ៧២ម៉ោង គោលិកាក្រហមផ្ទុះបែកបញ្ចេញស្ប៉ជាច្រើន។ ស្ប៉មួយចំនួនឆ្លងទៅបំផ្លាញគោលិកាក្រហមផ្សេងៗទៀត ឯស្ប៉ខ្លះទៀត វិវត្តជាទម្រង់ផលិតកាម៉ែត ដែលអាចផ្ដើមវដ្ដថ្មី ក្នុងខ្លួនមូសដែកគោលញីផ្សេងទៀត។

២. ប្រូទីសរុក្ខជាតិ

  • ជាសារពាង្គកាយឯកកោសិកា ឬពហុកោសិកា ស្វ័យជីព មានក្លរ៉ូប្លាស អាចធ្វើរស្មីសំយោគបានដូចរុក្ខជាតិដែរ
  • រួមមាន អឺគ្លែន ឌីយ៉ាតូមេ និងសារាយ

២.១. អឺគ្លែន

  • សារពាង្គកាយឯកកោសិកា មានលក្ខណៈជាប្រូទីសសត្វផងនិងជាប្រូទីសរុក្ខជាតិផង
  • អឺគ្លែនមានលក្ខណៈដូចប្រូទីសសត្វពីព្រោះវាអាចផ្លាស់ទីបានតាមរយៈផ្លាសែល ហើយមានរបៀបចិញ្ចឹមជីវិតជាបរជីពនៅពេលគ្មានពន្លឺ។ វាមានលកល្ខណៈដូចប្រូទីសរុក្ខជាតិ ពីព្រោះវាមានក្លរ៉ូប្លាស អាចធ្វើរស្មីសំយោគបាននៅពេលមានពន្លឺ។
អឺគ្លែន
អឺគ្លែន

២.២. ឌីយ៉ាតូមេ

  • ប្រូទីសឯកកោសិកា ស្វ័យជីព
  • សារពាង្គកាយស្រោបដោយជាតិស៊ីលីស
  • គេអាចច្នៃវាជាថ្នាំដុសធ្មេញ ថ្នាំខាត់និងផលិតផលផ្សេងៗទៀត
  • ជាចំណីត្រីនិងសត្វក្នុងទឹក
  • បន្តពូជដោយភេទនិងឥតភេទ

២.៣. សារាយ

  • សារពាង្គកាយឯកកោសិកាឬពហុកោសិកា ស្វ័យជីព
  • ផ្អែកតាមពណ៌របស់វា គេចែកសារាយជាបីក្រុមរួមមាន សារាយបៃតង សារាយក្រហម និងសារាយត្នោត។
  • មានប្រយោជន៍ដូចជា៖
    • ប្រភពអាហារដូចជា ចាហួយ ការ៉េម បង្អែម...
    • ផលិតអាកា-អាកា ប្រើសម្រាប់បណ្ដុះបាក់តេរីក្នុងមន្ទីរពិសោធ
    • បង្កើនបរិមាណអុកស៊ីសែនរលាយក្នុងទឹក និងជួយកាត់បន្ថយកង្វក់ទឹក
    • ចំណីត្រី និងសត្វក្នុងទឹក

៣. ប្រូទីសផ្សិត

  • ភាវរស់បរជីព កោសិកាមានភ្នាសគ្រោង ហើយបន្តពូជដោយស្ប៉
  • មានពីរប្រភេទគឺ ផ្សិតទឹក និងស្លែភក់

៣.១. ស្លែភក់

  • ឯកកោសិកា
  • ផ្លាស់ទីនិងស៊ីអាហារដោយជើងបញ្ឆោតដូចអាមីបដែរ

៣.២. ផ្សិតទឹក

  • បរាសិតលើសត្វក្នុងទឹកនិងលើរុក្ខជាតិ ខ្លះរស់នៅកន្លែងសើម

ចុចមើល  សំណួរ-ចម្លើយ