មេរៀនទី២ វីរុសនិងបាក់តេរី


១. វីរុស

វីរុស ជាភាគល្អិតតូចបំផុតដែលស្ថិតនៅចន្លោះភាវៈមានជីវិតនិងភាវៈឥតជីវិត។ វីរុសមិនមែនជាកោសិកាឬភាវរស់ពីព្រោះ វាពុំមានធាតុកោសិកាសម្រាប់ការចិញ្ចឹមជីវិតនិងការលូតលាស់ធំធាត់។ តែវីរុសមានលក្ខណៈដូចទៅនឹងសារពាង្គកាយត្រង់ថា វីរុសអាចបន្តពូជបាន ប៉ុន្តែ វាអាចបន្តពូជបានតែនៅក្នុងកោសិការស់ដែលជាធ្មួលត្រូវនឹងវាប៉ុណ្ណោះ។

១.១. រូបផ្គុំវីរុស

គ្រប់វីរុសមានរូបផ្គុំប្រហាក់ប្រហែលគ្នា។ វាបង្កឡើងពីផ្នែកសំខាន់ពីរគឺ៖
  • ស្រោមខាងក្រៅ ជាប្រូតេអ៊ីន សម្រាប់ការពារ
  • ស្នូលខាងក្នុង ជាសម្ភារតំណពូជ សម្រាប់បង្កើតវីរុសថ្មីៗ។

១.២. ការបន្តពូជ

វីរុស អាចបន្តពូជបានតែក្នុងកោសិការស់ដែលជាធ្មួលត្រូវនឹងវា។ ដំបូង វីរុសភ្ជាប់ខ្លួនទៅនឹងកោសិកាភ្នាសកោសិកាធ្មួលរបស់វា ហើយបញ្ចេញអង់ស៊ីមរំលាយភ្នាសត្រង់ម្ដុំភ្ជាប់នោះដើម្បីបញ្ជូលសម្ភារតំណពូជដោយទុកសំបកប្រូតេអ៊ីននៅខាងក្រៅ។ លុះវាបញ្ចូលសម្ភារតំណពូជបានហើយ សម្ភារតំណពូជនិងប្រូតេអ៊ីនវីរុសថ្មីៗត្រូវបានសំយោគ។ បន្ទាប់មក សម្ភារតំណពូជ និងប្រូតេអ៊ីនទាំងនេះ ផ្គុំបានជាវីរុសថ្មីៗជាច្រើននៅពេញក្នុងកោសិកាធ្មួល ធ្វើឲ្យកោសិកាធ្មួលផ្ទុះបែក បញ្ចេញវីរុសជាច្រើន ហើយវីរុសខ្លះឆ្លងទៅបន្តពូជក្នុងកោសិកាធ្មួលផ្សេងៗទៀត។

ការបន្តពូជរបស់វីរុសយ៉ូផាស
ការបន្តពូជរបស់វីរុសយ៉ូផាស

១.៣. វីរុសនិងជំងឺ

វីរុសទាំងអស់សុទ្ធតែជាភ្នាក់ងារបង្កជំងឺ។ វីរុសបង្កជំងឺដល់រុក្ខជាតិ សត្វ និងមនុស្ស។ ឧទាហរណ៍ៈ
  • វីរុសមូសាអ៊ិច រាតត្បាតលើដើមប៉ោម ធ្វើឲ្យប៉ោមមានផ្លែតិច
  • វីរុស HIV បង្កជំងឺអេដស៍ដល់មនុស្ស
  • ឆ្កែ អាចស្លាប់ដោយសារវីរុសឆ្កែឆ្កួត។

២.បាក់តេរី

បាក់តេរី ជាឯកកោសិកា ប្រូការីយ៉ូត។ ឯកកោសិកា មានន័យថា បង្កឡើងពីកោសិកាតែមួយ។ ឯប្រូការីយ៉ូត គឺពុំមានណ្វៃយ៉ូ ឬភ្នាសណ្វៃយ៉ូរុំព័ទ្ធសម្ភារតំណពូជ។

បាក់តេរីភាគច្រើនជាបរជីព ចិញ្ចឹមជីវិតតាមរបៀបជាសាប្រូភីត(ទទួលបានអាហារពីរូបធាតុពុករលួយ) ឬបរាសិត(ទទួលបានអាហារពីធ្មួល) និងខ្លះជាស្វ័យជីព ដែលអាចផលិតអាហារបានដោយខ្លួនឯង។

២.១. រូបផ្គុំបាក់តេរី

កោសិកាបាក់តេរីមានភ្នាសគ្រោង រុំព័ទ្ធជុំវិញភ្នាសស៊ីតូប្លាស។ សម្ភារតំណពូជស្ថិតនៅជារង្វេល ផ្នែកកណ្ដាលស៊ីតូប្លាស។ ធាតុកោសិការបស់វាជា រីបូសូម។ ដូចនេះ គ្រប់បាក់តេរីផ្គុំឡើងពី ភ្នាសគ្រោង ភ្នាសស៊ីតូប្លាស ស៊ីតូប្លាស រីបូសូម និងសម្ភារតំណពូជ។ បាក់តេរីខ្លះ មានផ្លាសែលមួយឬច្រើនសម្រាប់ផ្លាស់ទី ខ្លះមានស្ពានចម្លង ឬស្ពានភេទសម្រាប់ភ្ជាប់គ្នាក្នុងការរស់នៅជាក្រុមឬពេលបន្តពូជដោយជំនាប់ប្តូរ ខ្លះមានកន្សោម ជាភ្នាសជាតិស្ករនិងប្រូតេអ៊ីន ស្រោបពីក្រៅបាក់តេរី សម្រាប់ការពារទប់ទល់នឹងលក្ខខណ្ឌមិនប្រកប។ បាក់តេរីខ្លះទៀត មានប្លាស្មីត ដែលជា ADN (សម្ភារតំណពូជ) ស្ថិតនៅជារង្វង់តូចមួយក្នុងស៊ីតូប្លាស ក្បែរភ្នាសស៊ីតូប្លាស។ បាក់តេរីមានប្លាស្មីត អាចបន្តពូជដោយជំនាប់ប្ដូរ។

២.២. ការបន្តពូជ

បាក់តេរីភាគច្រើនបន្តពូជដោយឥតភេទ តាមរយៈការចែកខ្លួនជាពីរ។ ដំបូង បាក់តេរីមេមួយ ស្វ័យដំឡើងទ្វេសម្ភារតំណពូជ រួចវាកើនទំហំជាងមុន។ បន្ទាប់មក វាធ្វើចំណែកសម្ភារតំណពូជជាពីរ ហើយធ្វើចំណែកស៊ីតូប្លាស បង្កើតបានបាក់តេរីកូនពីរដូចគ្នាបេះបិទ និងដូចទៅនឹងបាក់តេរីមេ។
ការចែកខ្លួនជាពីររបស់បាក់តេរី
ការចែកខ្លួនជាពីររបស់បាក់តេរី

ក្នុងលក្ខខណ្ឌមិនប្រកប បាក់តេរីខ្លះ អាចបន្តពូជដោយភេទ តាមរយៈជំនាប់ប្តូរ។ ក្នុងការបន្តពូជរបៀបនេះ មានបាក់តេរីពីរ ដែលមួយជាអ្នកផ្ទេរ និងមួយទៀតជាអ្នកផ្ដល់។ ដំបូង បាក់តេរីទាំងពីរភ្ជាប់គ្នាដោយស្ពានចម្លង។ បន្ទាប់មក បាក់តេរីអ្នកផ្ទេរ ស្វ័យដំឡើងទ្វេសម្ភារតំណពូជ(ប្លាស្មីត)របស់វា រួចផ្ទេរសម្ភារតំណពូជ (ប្លាស្មីត )របស់វាខ្លះ ទៅឲ្យបាក់តេរីមួយទៀតដែលជាអ្នកទទួលតាមស្ពានចម្លង ធ្វើឲ្យបាក់តេរីទទួល មានបន្សំសម្ភារតំណពូជថ្មី។ ការបន្តពូជរបៀបនេះ ពុំបង្កើនចំនួនបាក់តេរីទេ។
ជំនាប់ប្តូរ
ជំនាប់ប្តូរ

២.៣. បាក់តេរីមានប្រយោជន៍និងបាក់តេរីចង្រៃ

ក. បាក់តេរីមានប្រយោជន៍

  • ផ្នែកឧស្សាហកម្មផលិតអាហារដូចជា ផលិតទឹកដោះគោជូរ ប៊័រ ប្រូម៉ាស ទឹកខ្មេះ...
  • ផ្នែកវេជ្ជសាស្ត្រ ផលិតអង់ទីប្យូទិចស្ត្រិបតូមីស៊ីន អេរីត្រូមីស៊ីន...
  • បាក់តេរីស្វ័យជីព ផលិតអាហារដោយស្រូបយក CO2 ហើយបញ្ចេញឧស្ម័នអុកស៊ីសែន (O2) ទៅក្នុងបរិយាកាសវិញ ធ្វើឲ្យបរិយាកាសបរិសុទ្ធ។
  • ជួយបំបែកកាកសំណល់អាហារក្នុងពោះវៀនមនុស្ស
  • បាក់តេរីជាសាប្រូភីត ជួយបង្កើតវដ្ដអាហារ បង្កើនជីជាតិដល់ដី
  • បាក់តេរីភ្ជាប់អាសូតក្នុងកំពកឫសរុក្ខជាតិ(សណ្ដែក)

ខ. បាក់តេរីចង្រៃ

បាក់តេរីចង្រៃបង្កជំងឺដល់មនុស្ស សត្វ និងរុក្ខជាតិ។ បាក់តេរីខ្លះ ផលិតជាតិពុល តុកស៊ីន ក្នុងអាហារធ្វើឲ្យអាហារជូរផ្អូម ដែលបង្កទុក្ខទោសដល់អ្នកបរិភោគ។