ការផលិតគ្រាប់ឈាមក្រហម
នៅក្រោមលក្ខខណ្ឌធម្មតា
មានគោលិកាក្រហមប្រមាណ ២.៥លាន ត្រូវបានបំផ្លាញរៀងរាល់វិនាទីចេញពីប្រដាប់របត់ឈាម។ ការបាត់បង់នេះ ទំនងជាគួរឲ្យភ្ញាក់ផ្អើល។ ប៉ុន្តែវាគ្រាន់តែជាចំនួន
០.០០០០១% នៃគោលិកាក្រហមសរុប ២៥x១០១២
ក្នុងប្រដាប់របត់ឈាមមនុស្សពេញវ័យប៉ុណ្ណោះ។ ដើម្បីរក្សាលំនឹងនេះ
គោលិកាក្រហមត្រូវបានផលិតឡើងសមាមាត្រទៅនឹងចំនួនដែលបាត់បង់។ ដូចនេះ
គោលិកាក្រហមប្រមាណ១%នៃគោលិកាក្រហមសរុប ត្រូវបានផលិតឡើងរាល់ថ្ងៃ។ ដើម្បីអាចផលិតគ្រាប់ឈាមក្រហមបាន
សារពាង្គកាយយើងត្រូវការសារធាតុចាំបាច់មួយចំនួន ដូចជា ធាតុដែក ស័ង្កសី វីតាមីនB
និងទង់ដែង។
§ ធាតុដែក(Fe) យើងដឹងហើយថា
ហែមនីមួយៗក្នុងអេម៉ូក្លូប៊ីន ផ្ទុកអ៊ីយ៉ុង Fe2+ មួយ។
ជាមធ្យម ធាតុដែកប្រមាណជាង ២០% នៃធាតុដែកដែលយើងបរិភោគ ត្រូវបានស្រូបពីក្នុងបំពង់រំលាយអាហារទៅក្នុងចរន្តឈាម។
ខួរឆ្អឹង ថ្លើម និងផាល អាចស្តុកទុកធាតុដែកក្នុងទម្រង់ជា ហ្វ៊ើរីទីន(Ferritin) និង អេម៉ូស៊ីឌើរីន(Hemosiderin)។
ប្រូតេអ៊ីនសម្រាប់ដឹកនាំធាតុដែកចេញពីកោសិកា(Ferroportin)
ដឹកនាំធាតុដែកឆ្លងកាត់ភ្នាសប្លាស្មានៃកោសិកាពោះវៀន និងចេញពីសរីរាង្គស្តុកទុក ទៅក្នុងធាតុរាវនៃជាលិកាដើម្បីចូលទៅក្នុងចរន្តឈាម។
នៅពេលមានការភ្ញោចពីអរម៉ូន EPO ឲ្យផលិតគោលិកាក្រហម ពេលនោះ
ធាតុដែកត្រូវរំដោះចេញពីទម្រង់ស្តុកទុក និងភ្ជាប់ជាមួយប្រូតេអ៊ីនដឹកនាំ(Transferrin) ដើម្បីដឹកនាំទៅកាន់ខួរក្រហមនៃឆ្អឹងសម្រាប់ជាធាតុបង្ករបស់អេម៉ូក្លូប៊ីន។
§ ទង់ដែង(Cu) ជាសមាសភាគរបស់ប្រូតេអ៊ីនប្លាស្មា hephaestin និង ceruloplasmin។ បើគ្មានប្រូតេអ៊ីនទាំងនេះទេ នោះអេម៉ូក្លូប៊ីន មិនអាចផលិតបានពេញលេញទេ។
ប្រូតេអ៊ីន hephaestin ស្ថិតនៅក្នុងជ្រាំងពោះវៀន
ធ្វើឲ្យកោសិកាពោះវៀនអាចសម្រូបធាតុដែកបាន។ ចំណែកប្រូតេអ៊ីន ceruloplasmin រ៉ាប់រងដឹកនាំទង់ដែង។ ប្រូតេអ៊ីនទាំងពីរនេះ
ជួយឲ្យមានប្រតិកម្មអុកស៊ីតកម្ម Fe2+ ទៅជា Fe3+
ដែលអាចភ្ជាប់ជាមួយប្រូតេអ៊ីនដឹកនាំ(transferrin) សម្រាប់ដឹកនាំទៅកាន់កោសិកានៃសារពាង្គកាយ។ កង្វះទង់ដែង
ធ្វើឲ្យដំណឹកនាំធាតុដែកសម្រាប់សំយោគហែមថយចុះ និង
ធ្វើឲ្យមានការប្រមូលផ្ដុំទង់ដែងក្នុងសរីរាង្គដែលអាចឲ្យខូចដល់សរីរាង្គទាំងនោះ។
§ ស័ង្កសី(Zn) មានមុខងារ ជាកូអង់ស៊ីម
សម្រាប់ជួយសម្រួលដល់ការសំយោគហែមនៃអេម៉ូក្លូប៊ីន។
§ វីតាមីនB ដូចជា វីតាមីនB9 និង
វីតាមីនB12 មានមុខងារជា កូអង់ស៊ីម
សម្រួលដល់ការសំយោគអាស៊ីតដេអុកស៊ីរីបូនុយក្លេអ៊ិច(DNA)។
ដូច្នេះ វីតាមីនទាំងពីរនេះសំខាន់ណាស់សម្រាប់ការសំយោគកោសិកាថ្មីៗ ក៏ដូចជា
អេរីត្រូស៊ីត។
ការផលិតគ្រាប់ឈាមក្រហម
ឬគោលិកាក្រហម ស្ថិតក្រោមការត្រួតពិនិត្យពីអរម៉ូនអេរីត្រូផរអ៊ីទីន(Erythropoietin
ឬEPO)។
EPO ជាគ្លីកូប្រូតេអ៊ីន ដែលប្រហែល៩០%
ផលិតចេញពីកោសិកាអង់ដូគ្រីនរបស់តម្រងនោម។ ក្រៅពីនេះ ជាង ១០%
ទៀតផលិតដោយកោសិកាអង់ដូគ្រីនថ្លើម។
ការផលិតគោលិកាក្រហម |
កម្រិតឈាមទាប និង កម្រិតអុកស៊ីសែនទាប ជារំញោច ដែលមានឥទ្ធិពលដល់កោសិកាធ្មួលក្នុងតម្រងនោម។
កាលណាឈាមខ្សត់អុកស៊ីសែនចរន្តនៅក្នុងសរសៃឈាមក្នុងតម្រងនោម ពេលនោះ
កោសិកាធ្មួលគីមីក្នុងតម្រងនោម ចាប់យករំញោចនេះ ហើយជាលទ្ធផល កោសិកាអង់ដូគ្រីនក្នុងតម្រងនោមបញ្ចេញអរម៉ូន
EPO ទៅក្នុងឈាម។ អរម៉ូន EPO ត្រូវបានដឹកនាំដោយឈាមចូលទៅក្នុងខួរឆ្អឹង
ភ្ញោចកោសិកាដើមរបស់កោសិកាឈាម ក្នុងខួរឆ្អឹងក្រហម ឲ្យបង្កើនអត្រានៃការផលិតអេរីត្រូស៊ីត។
ពេលនោះ អេរីត្រូស៊ីត ជាច្រើនត្រូវបានបញ្ចេញជាបន្តបន្ទាប់ ទៅក្នុងប្រដាប់របត់ឈាម
ហើយអុកស៊ីសែនជាច្រើន ត្រូវបាននាំយកពីសួតទៅកាន់កោសិការបស់សារពាង្គកាយ
ធ្វើឲ្យកម្រិតអុកស៊ីសែនក្នុងឈាមកើនឡើង។ កំណើននេះ បង្អាក់ការបញ្ចេញអរម៉ូនEPO
ពីកោសិកាអង់ដូគ្រីនតម្រងនោម។
ទាំងមនុស្សប្រុស
និង ស្រី បញ្ចេញអរម៉ូន តេស្តូស្តេរ៉ូន(testosterone)
តិចតួចពីក្រពេញលើតម្រងនោម ហើយចំពោះមនុស្សប្រុស ពងស្វាស
បញ្ចេញបរិមាណអរម៉ូនតេស្តូស្តេរ៉ូនយ៉ាងច្រើន។ ក្រៅពីមុខងារដ៏ច្រើនរបស់វា
តេស្តូស្តេរ៉ូន ក៏មានមុខងារភ្ញោចកោសិកាក្រពេញក្នុងតម្រងនោមឲ្យផលិតអរម៉ូន
EPO បន្ថែមទៀត។ ដោយហេតុថា
មនុស្សប្រុសមានកម្រិតអរម៉ូនតេស្តូស្តេរ៉ូនច្រើនជាងមនុស្សស្រី ដូច្នេះ
ពួកគេក៏មានចំនួនគ្រាប់ឈាមក្រហម ឬអេរីត្រូស៊ីតច្រើនជាងដែរ។
កត្តាបរិស្ថានដូចជា
នៅរយៈកម្ពស់ខ្ពស់ អាចជះឥទ្ធិពលដល់ដំណើរការបញ្ចេញអរម៉ូន EPO។ ជាឧទាហរណ៍ បើស្រ្តីម្នាក់ឡើងទៅដល់លើកំពូលភ្នំខ្ពស់
ដែលសម្ពាធបរិយាកាសនៅទីនោះ ទាបជាងសម្ពាធបរិយាកាសនៅកម្រិតកម្ពស់នីវ៉ូទឹកសមុទ្រ
នោះពេលនាងដកដង្ហើម នាងអាចទទួលបានបរិមាណអុកស៊ីសែន តិចជាងកាលដែលនាងដកដង្ហើមនៅជើងភ្នំ។
ដើម្បីតបទៅនឹងបរិមាណអុកស៊ីសែនតិចតួចដែលនាងទទួលបាននៅទីនោះ
សារពាង្គកាយរបស់នាងចាំបាច់ត្រូវតែបញ្ចេញអរម៉ូន EPO ច្រើនជាងមុន
ដើម្បីភ្ញោចការបង្កើត និង បញ្ចេញអេរីត្រូស៊ីតទៅក្នុងឈាម។
បរិមាណអេរីត្រូស៊ីតច្រើនក្នុងឈាម អាចដឹកនាំអុកស៊ីសែនបានច្រើន
ទៅកាន់ជាលិកាផ្សេងៗរបស់សារពាង្គកាយ។ ប៉ុន្តែ កាលណាក្នុងឈាម
មានបរិមាណអេរីត្រូស៊ីតច្រើនពេក បណ្ដាលឲ្យឈាមកាន់តែខន់ ឬខាប់ជាងមុន
ដែលនាំទៅរកវិបត្តិប្រដាប់របត់ឈាមដូចជា មានឈាមកកក្នុងសរសៃឈាម ដែលអាចឲ្យគាំងបេះដូង ឬ
កើតជម្ងឺស្រ្តូក។
0 Comments