ការបាត់បង់និងការកើតឡើងវិញនៃគោលិកាក្រហម


            គោលិកាក្រហមមានអាយុប្រហែល ១២០ ថ្ងៃ ចំពោះមនុស្សប្រុស និង ១១០ ថ្ងៃ ចំពោះមនុស្សស្រី។ វាមិនអាចរស់នៅបានយូរទេ ពីព្រោះ គោលិកាក្រហមគ្មានណ្វៃយ៉ូ និងធាតុកោសិកាផ្សេងៗសម្រាប់សំយោគប្រូតេអ៊ីន ដើម្បីជួសជុល ឬជំនួសភ្នាសដែលខូចខាតបានឡើយ បើទោះជា វាអាចប្រើប្រាស់គ្លុយកូសជាប្រភពថាមពលក៏ដោយ។ ដូច្នេះ វាមិនអាចលូតលាស់ ឬធ្វើចំណែកបានទេ។ គោលិកាក្រហមចាស់ៗ បាត់បង់ភាពអាចបត់បែន ដែលធ្វើឲ្យគោលិកាក្រហមទាំងនោះ ពិបាក ឬមិនអាចជ្រៀតតាមចន្លោះប្រហោងនៃភ្នាសសរសៃប្តូរឈាម ហើយងាយធ្លុះធ្លាយ ឬខូចខាត ព្រមទាំងអាចបាត់បង់អេម៉ូក្លូប៊ីនជាបន្តបន្ទាប់ ដូច្នេះ វាក៏បាត់បង់លទ្ធភាពដឹកនាំឧស្ម័នអុកស៊ីសែន។

            ជារៀងរាល់ថ្ងៃ មានគោលិកាក្រហមចាស់ៗជិត ១% នៃគោលិកាក្រហមចាស់ៗទាំងអស់ ត្រូវបានបំបាត់ចោលពីក្នុងចរន្តឈាម។ គោលិកាក្រហមចាស់ៗទាំងនេះ ត្រូវបានបំផ្លាញតាមផាកូស៊ីតូស ដោយកោសិកាម៉ាក្រូផាសក្នុងថ្លើម និង ក្នុងផាល។ កោសិកាម៉ាក្រូផាស ចាប់ក្ដោប និងបំផ្លាញគោលិ​កាក្រហមងាប់ ឬគោលិកាក្រហមចាស់ៗ ដែលភ្នាសរបស់វាចាប់ផ្ដើមធ្លុះធ្លាយ។ ក្នុងនោះ៖

§  ហែមនៃអេម៉ូក្លូប៊ីន ត្រូវបានបំបែកចេញពីក្លូប៊ីន។ បន្ទាប់មក ហែមទាំងនេះ បំប្លែងជា ប៊ីលីវើឌីន មានពណ៌បៃតង និងបន្ទាប់មកទៅជា ប៊ីលីរុយប៊ីន ដែលដឹកនាំដោយអាល់ប៊ុយមីន ចូលទៅក្នុងថ្លើម សម្រាប់បង្កើតជាតិពណ៌ទឹកប្រមាត់។ បន្ទាប់មកទៀត ប៊ីលីរុយប៊ីន ត្រូវបញ្ចេញពីថ្លើមទៅកាន់ពោះវៀនតូច ដែលនៅទីនោះ វាត្រូវបានបំប្លែងទៅជា អ៊ុយរ៉ូប៊ីលីណូសែន(Urobilinogen)។ អ៊ុយរ៉ូប៊ីលីណូសែន ភាគច្រើនបន្តចូលទៅក្នុងពោះវៀនធំ​រួចបំប្លែងជា ស្តេកូប៊ីលីន​​(Stercobilin)ក្រោមអំពើបាកតេរី ដែលធ្វើឲ្យលាមកមានពណ៌ត្នោត។ អ៊ុយរ៉ូប៊ីលីណូសែន មួយចំនួន ត្រូវសម្រូបឡើងវិញទៅក្នុងឈាម រួចបំប្លែងជា អ៊ុយរ៉ូប៊ីលីន (Urobilin) ដែលជាសារធាតុពណ៌លឿងបញ្ចេញចោលតាមទឹកនោម។

§ ធាតុដែកក្នុងអេម៉ូក្លូប៊ីន ភ្ជាប់ជាមួយប្រូតេអ៊ីន ហើយយកទៅស្តុកទុកក្នុងថ្លើម និងក្នុងផាលសម្រាប់ប្រើប្រាស់ឡើងវិញ។ នៅក្នុងថ្លើម និងផាល ធាតុដែកភ្ជាប់ជាមួយហ្វ៊ើរីទីន(Ferritin) និង អេម៉ូស៊ីឌើរីន(Hemosiderin) ហើយដឹកនាំដោយ សារធាតុដឹកនាំធាតុដែក(transferrin) នៅក្នុងឈាម ទៅកាន់ខួរឆ្អឹងក្រហម សម្រាប់ប្រើប្រាស់ក្នុងការផលិតគោលិកាក្រហមថ្មីៗទៀត។ ក្រៅពីនេះ ធាតុដែកប្រមាណ ០.៩ មីលីក្រាម ត្រូវបាត់បង់ជារៀងរាល់ថ្ងៃតាមរយៈលាមក ញើស និងទឹកនោម ហើយខ្លះទៀត បាត់បង់តាមរយៈមុខរបួស និង តាមឈាម​​ រដូវ(ចំពោះស្ត្រី)។

§  ក្លូប៊ីន និងប្រូតេអ៊ីនភ្នាសគោលិកាក្រហម ត្រូវបំបែកជាអាមីណូអាស៊ីតសេរី រួចចូលទៅក្នុងចរន្តឈាម ដែលភាគច្រើន ត្រូវបានកោសិកានៃសារពាង្គកាយចាប់យកមកប្រើប្រាស់ ដើម្បីបង្កើតគោលិកាក្រហមថ្មីៗ ឬ សំយោគជា ប្រូតេអ៊ីនផ្ទាល់ របស់សារពាង្គ  កាយ។



សូមអរគុណសម្រាប់ការចូលមើល។ អ្នកក៏អាចចែករំលែកឯកសារនេះបាន។