មេយ៉ូស
ជាលំនាំចំណែកកោសិកាពីរដងបន្តបន្ទាប់គ្នា ដែលកោសិកាឌីប្លូអ៊ីតមេមួយ
បង្កើតបានកោសិកាអាប្លូអ៊ីត៤។ មេយ៉ូស មានពីរចំណែក គឺចំណែកទី១ និងចំណែកទី២។ ចំណែកនីមួយៗ
ឆ្លងកាត់៤វគ្គដូចគ្នា គឺប្រូផាស មេតាផាស អាណាផាស និងតេឡូផាស។ មុនចំណែកទី១
ក្រូម៉ូសូមនីមួយៗ ឆ្លងកាត់ចន្លោះវគ្គដើម្បីស្វ័យដំឡើងទ្វេ
បានក្រូម៉ាទីតពីរដូចគ្នា(ក្រូម៉ាទីតបងប្អូន) ភ្ជាប់គ្នាដោយសង់ត្រូមែ។
ចំណែកទី១
•
ប្រូផាសI: ក្រូម៉ូសូមធ្វើស្ពៀរកម្មរួញខ្លី
ហើយឡើងក្រាស់។ ក្រូម៉ូសូមអូម៉ូឡូក ប្រេះតាមបណ្ដោយ រំកិលជិតគ្នា ហើយជាប់គ្នាតាមបណ្ដោយបង្កើតបានក្រូម៉ាទីត៤ ឬតេត្រាត។ វគ្គនេះ មានបណ្ដូរអង្កត់(ក្រស៊ីញអូវើ) រវាងក្រូម៉ាទីតពីរ។ ក្រូម៉ូសូមនីមួយៗ មានក្រូម៉ាទីតពីរ។
•
មេតាផាសI: តេត្រាតតម្រៀបគ្នានៅលើប្លង់អេក្វាទ័រ
ភ្ជាប់ទៅនឹងត្រយ៉ូងអាក្រូម៉ាទិចដោយសង់ត្រូមែ។ ក្រូម៉ូសូមនីមួយៗមានក្រូម៉ាទីតពីរ។
•
អាណាផាសI: ក្រូម៉ូសូមអូម៉ូឡូកនៃគូនីមួយៗផ្ដាច់ចេញពីគ្នា
ទៅកាន់ប៉ូលផ្ទុយគ្នាដោយមិនផ្ដាច់ក្រូម៉ាទីតទាំងពីរ ធ្វើឱ្យកោសិកានីមួយៗនៅប៉ូល
មានចំនួនក្រូម៉ូសូមជា អាប្លូអ៊ីត(n)។
•
តេឡូផាសI: ស៊ីតូប្លាសចែកបានកោសិកាកូនជាអាប្លូអ៊ីតពីរ។
ក្រូម៉ូសូមនីមួយៗក្នុងកោសិកាកូន មានក្រូម៉ាទីត២។
ចំណែកទី២
•
ប្រូផាសII: ក្រូម៉ូសូមប្រេះតាមបណ្ដោយ
ភ្ជាប់ទៅនឹងត្រយ៉ូងអាក្រូម៉ាទិចដោយសង់ត្រូមែ។ ក្រូម៉ូសូមមួយ មានក្រូម៉ាទីតពីរ។
•
មេតាផាសII: ក្រូម៉ូសូមទាំងអស់
ប្រមូលផ្ដុំគ្នានៅលើប្លង់អេក្វាទ័រ។ ក្រូម៉ូសូមនីមួយៗមានក្រូម៉ាទីតពីរ។
•
អាណាផាសII: ចំណែកសង់ត្រូមែ
ផ្ដាច់ក្រូម៉ាទីតបងប្អូនចេញពីគ្នា ក្លាយជាក្រូម៉ូសូមកូន
ហើយធ្វើដំណើរឆ្ពោះទៅកាន់ប៉ូលផ្ទុយគ្នា។ ក្រូម៉ូសូមនីមួយៗមានក្រូម៉ាទីតតែមួយ។
•
តេឡូផាសII: ក្រូម៉ូសូមនីមួយៗបានមកដល់ប៉ូល
ហើយភ្នាសណ្វៃយ៉ូកើតឡើង ឯត្រយ៉ូងអាក្រូម៉ាទិចរលាយបាត់។ ចំណែកស៊ីតូប្លាស
ចែកបានកោសិកាកូន៤។ ក្រូម៉ូសូមនីមួយៗមានក្រូម៉ាទីតតែមួយ។
នៅចុងបញ្ចប់ចំណែកទី២នៃមេយ៉ូសកោសិកាឌីប្លូអ៊ីត(2n) មួយ បង្កើតបានកោសិកាអាប្លូអ៊ីត៤។
សន្និដ្ឋាន៖
- ចំណែកទី១របស់មេយ៉ូស ជាចំណែកបន្ថយ ដែលរ៉ាប់រងការផ្ដាច់ចេញពីគ្នានៃគូក្រូម៉ូសូមអូម៉ូឡូក។ ដូចនេះ មានការបន្ថយចំនួនក្រូម៉ូសូមពាក់កណ្ដាល(2n ទៅ n) គឺកោសិកាកូននីមួយៗ មាន n ក្រូម៉ូសូម។
- ចំណែកទី២ ជាចំណែកថេរ(ស្មើ) ដោយវារ៉ាប់រងការផ្ដាច់ចេញពីគ្នានៃក្រូម៉ាទីតបងប្អូនរបស់ក្រូម៉ូសូម រក្សាចំនួនក្រូម៉ូសូមនៅជាអាប្លូអ៊ីតដដែល។ ក្រូម៉ូសូមនីមួយៗ មានក្រូម៉ាទីតតែមួយ។
0 Comments