ភាពគ្រប់ការ
ភាពគ្រប់ការ
និងអាយុរៀបការ ពុំដូចគ្នាទេ។ យោងតាមមាត្រាទី៥ នៃច្បាប់អាពាហ៍ពិពាហ៍ ចែងថា “បុរស
អាចរៀបការនៅអាយុ ២០ ឆ្នាំ ហើយស្ត្រី ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។”។
ការរៀបការនៅអាយុនេះ ឬលើសនេះ ល្អប្រសើរចំពោះសុខមាលភាព
និងលទ្ធភាពនៃការចិញ្ចឹមអប់រំបីបាច់ថែរក្សាកូន។ ការកំណត់អាយុរៀបការបែបនេះ គឺជាការគិតគូដល់សុខភាព
និងលទ្ធភាពរបស់កូនប្រុស-ស្រី ហើយក៏មានជាប់ពាក់ព័ន្ធទៅនឹងភាពគ្រប់ការរបស់មនុស្សម្នាក់ៗផងដែរ។
តើអ្វីទៅជា ភាពគ្រប់ការ?
ក្មេងប្រុសស្រីម្នាក់ៗ
គ្រប់ការនៅអាយុមិនដូចគ្នាទាំងអស់ទេ។ ភាពខុសគ្នានេះ អាចបណ្ដាលមកពីកត្តារូបរាងកាយ របបអាហារ និងកត្តាភូមិសាស្ត្រនៃការរស់នៅជាដើម។ ភាពគ្រប់ការ សំដៅដល់រយៈពេលនៃជីវិត
នៅពេលដែលប្រដាប់បន្តពូជរបស់ក្មេងប្រុស ឬក្មេងស្រី អាចបំពេញនាទីពេញលេញ គឺផលិតកាម៉ែត
អាចមានលទ្ធភាពបន្តពូជបង្កើតកូនចៅបាន។ មានន័យថា ក្មេងប្រុស និងក្មេងស្រី ចាប់ផ្ដើមពេញវ័យ។
តាមទម្លាប់ខ្មែរយើង ហៅថា ពេញកម្លោះ ចំពោះក្មេងប្រុស និង ពេញក្រមុំ ចំពោះក្មេងស្រី។
ជាទូទៅ ក្មេងស្រី ឆាប់គ្រប់ការជាងក្មេងប្រុស។ ក្មេងស្រី គ្រប់ការនៅអាយុចាប់ពី ១០
ទៅ ១៥ ឆ្នាំ ឬអាចតិចឬលើសនេះ។ គេសង្កេតឃើញថា បច្ចុប្បន្ន ក្មេងស្រីខ្លះ
គ្រប់ការតាំងពីអាយុ ៩ ឬ ១០ ឆ្នាំ។ ក្មេងប្រុស គ្រប់ការយឺតជាងក្មេងស្រីបន្តិច។
តាមធម្មតា គេគ្រប់ការនៅអាយុ ១១ ទៅ ១៦ ឆ្នាំ។ នៅពេលគ្រប់ការ
យើងតែងសង្កេតឃើញពីបម្រែបម្រួលរាងកាយ និងផ្លូវអារម្មណ៍របស់ក្មេងទាំងពីរភេទ។ ក្នុងដំណាក់កាលនេះ
ក្មេងទាំងពីរភេទ ចាប់ផ្ដើមកើតមានអារម្មណ៍ស្រើបស្រាលផ្លូវភេទ
ហើយចង់ស្វែងយល់ពីរូបសាស្ត្រនៃភេទផ្ទុយគ្នា។
តើខ្ញុំអាចដឹងបានយ៉ាងម៉េចថាគ្រប់ការ?
សញ្ញារូបសាស្ត្រដំបូងនៃភាពគ្រប់ការរបស់ក្មេងស្រី
គឺ មានដើមទ្រូងរីកធំ ឆ្អឹងត្រគាករីកសាយ ហើយស្បែកឡើងភ្លឺរលោង។ បន្ទាប់ពីនេះ
មានដុះរោមនៅលើថ្ងាសខាងក្រោម បរិវេណលើប្រដាប់ភេទ និងនៅក្លៀក។ ក្រោយមកទៀត ក្មេងស្រី
ក៏ចាប់ផ្ដើមមករដូវ។ អូវែមនុស្សស្រី បង្កើតអូវុលតាំងពីនៅវ័យជាអំប៊្រីយ៉ុង ប៉ុន្តែ
នោះ ពុំទាន់ជាអូវុលពេញលេញនៅឡើយ។ លុះគ្រប់ការ អូវែ ដែលជាសរីរាង្គមួយនៃប្រដាប់បន្តពូជស្ត្រីនិងជាក្រពេញភេទញីនោះ
ចាប់ផ្ដើមបញ្ចេញអូវុល(កាម៉ែតញី)ជារៀងរាល់ខែ ទៅក្នុងដៃស្បូន។ ក្នុងកំឡុងពេលនេះ
ប្រសិនបើស្ត្រីឆ្លងកាត់ការរួមភេទ គេអាចនឹងមានផ្ទៃពោះនៅពេលដែលមានការជួបបង្កកំណើតរវាងកាម៉ែតញីនិងកាម៉ែតឈ្មោល។
បើអ្នកជាស្ត្រី ក៏គួរកត់សំគាល់ដែរថា ចាប់ពីពេលគ្រប់ការ រាងកាយស្ត្រី មានការបញ្ចេញញើសច្រើនជាងពេលមិនទាន់គ្រប់ការ
ជាពិសេស ញើសជាតិប្រេងលើស្បែកមុខ ដែលជាហេតុក្មេងស្រីវ័យនេះ អាចកើតមុនលើមុខ។
ស្រ្តីវ័យនេះ ត្រូវចេះលាងសំអាតដៃ និងស្បែកផ្ទៃមុខឱ្យបានស្អាតជាប្រចាំ។
ការលូតលាស់របស់ក្មេងស្រី |
ក្មេងប្រុសគ្រប់ការ
ផ្ដើមដោយពងស្វាស និងលិង្គរីកធំ ហើយចាប់ផ្ដើមមានដុះរោមនៅលើថ្ងាសខាងក្រោម និងនៅក្លៀក
ដុះរោមលើខ្លួន ដុះពុកចង្កា ស្មាទូលាយ សាច់ដុំលូតលាស់ និងមានសំឡេងគ្រលរ ខុសពីក្មេងស្រីគ្រប់ការដែលមានសំឡេងឆ្មារ។
ពងស្វាស ចាប់ផ្ដើមផលិតកាម៉ែតឈ្មោល(ស្ពែម៉ាតូសូអ៊ីត) និងបន្តផលិតរហូតមនុស្សប្រុសអស់ជីវិត។
លើសពីនេះ ក្មេងប្រុសគ្រប់ការ ជួបពិសោធន៍នៃការគេងមមើលភ្លៀងសើមប្រឡាក់ខោនៅពេលយប់ គឺ
កើតមានការបញ្ចេញទឹកកាមពេលគេគេងលក់។ ប្រដាប់ភេទរបស់គេ នឹងបះឡើង
នៅពេលគេទទួលរំញោចអារម្មណ៍ផ្លូវភេទ ជាហេតុ ក្មេងប្រុស អាចបញ្ចេញទឹកកាមមកក្រៅបាន។
ការលូតលាស់របស់ក្មេងប្រុស |
បម្រែបម្រួលលក្ខណៈរូបសាស្ត្រទាំងនេះ
បណ្ដាលមកពីឥទ្ធិពលនៃអរម៉ូនភេទ ដែលបញ្ចេញដោយក្រពេញភេទ។ អរម៉ូននេះហើយ ជាអ្នកកំណត់លក្ខណៈភេទដំបូង
គឺញែកពីគ្នារវាងភេទប្រុស និងស្រី តាំងពីនៅវ័យជាអំប៊្រីយ៉ុងក្នុងផ្ទៃ។មុនគ្រប់ការ
ខួរក្បាល ភ្ញោចឱ្យបញ្ចេញអរម៉ូនភេទតែក្នុងបរិមាណតិចតួច ធ្វើឱ្យប្រដាប់បន្តពូជ
មិនទាន់ពេញវ័យនៅឡើយ។ ក្នុងពេលគ្រប់ការ ក្រពេញអ៊ីប៉ូភីស ភ្ញោចដល់ក្រពេញភេទ(ពងស្វាស
និងអូវែ) ឱ្យបញ្ចេញអរម៉ូនភេទ។ សារពាង្គកាយក្មេងប្រុស
បញ្ចេញអរម៉ូនតេស្តូស្តេរ៉ូនពីពងស្វាសរបស់ខ្លួន។ អរម៉ូននេះ កំណត់លក្ខណៈភេទបន្ទាប់
និងការលូតលាស់សរីរាង្គនៃប្រដាប់បន្តពូជរបស់ក្មេងប្រុស។
រីឯក្រពេញភេទញីរបស់ក្មេងស្រីគឺ អូវែ បញ្ចេញអរម៉ូនភេទ អឺស្ត្រូសែន
កំណត់លក្ខណៈភេទបន្ទាប់នៃក្មេងស្រី និងជួយឱ្យប្រដាប់បន្តពូជរីកចម្រើន ក៏ដូចជា
ជួយជម្រុញដល់ការផលិតកាម៉ែតញី។
ក្រៅពីបម្រែបម្រួលរូបសាស្ត្រដូចបានរៀបរាប់មកខាងលើ
ទាំងក្មេងប្រុស និងក្មេងស្រី អាចនឹងមានមុនកើតឡើងនៅលើផ្ទៃមុខ ព្រមទាំង
មានការលូតកម្ពស់លឿនជាបន្តបន្ទាប់ក្នុងរយៈពេលប្រហែល ២ ឬ ៣ ឆ្នាំ
ឈានទៅរកកម្ពស់របស់មនុស្សពេញវ័យក្រោយពីភាពគ្រប់ការ។ ពេលគ្រប់ការ
ក្មេងប្រុសលូតកម្ពស់លឿន ធ្វើឱ្យគេឆាប់ខ្ពស់ជាងក្មេងស្រីបន្តិច ប៉ុន្តែ គេឆាប់បញ្ឈប់ការលូតកម្ពស់
ដែលខុសពីក្មេងស្រី លូតកម្ពស់យឺត តែបន្តលូត និងបញ្ឈប់ការលូតប្រហែល ២ ឬ ៣ ឆ្នាំក្រោយវដ្ដរដូវដំបូង។
ក្មេងស្រីគ្រប់ការ
ប្រឈមនឹងការមានផ្ទៃពោះ ប្រសិនបើនាង ឆ្លងកាត់ពិសោធន៍នៃការរួមភេទ ឬការរំលោភសេពសន្ថវៈ។
អាស្រ័យហេតុនេះ អ្នកអាណាព្យាបាល ត្រូវចេះតាមដាន សង្កេត និងអប់រំ ពន្យល់ ណែនាំកូនស្រីរបស់ខ្លួនក្នុងវ័យនេះ
ឱ្យបានល្អប្រសើរ ដើម្បីចៀសវាងកើតមានការមានផ្ទៃពោះទាំងក្មេងខ្ចី
ដែលអាចនាំមកនូវគ្រោះថ្នាក់ និងបញ្ហាផ្សេងៗចំពោះក្មេងស្រី។ ម្យ៉ាងទៀត ក្មេងនៅវ័យនេះ
ច្រើនតែមានចំណាប់អារម្មណ៍ចង់ចេះ ចង់ដឹង និងស្វែងយល់ពីលក្ខណៈនៃភេទផ្សេងគ្នា ហើយភេទផ្សេងគ្នា
តែងឆាប់ទាក់ទាញគ្នា។ ទាំងក្មេងប្រុស និងក្មេងស្រី ត្រូវប្រកាន់យកក្បួនអនាម័យក្នុងការរស់នៅ
ជាពិសេស ការស្វែងយល់ យល់ដឹងពីក្បួនធ្វើអនាម័យប្រដាប់បន្តពូជរបស់ខ្លួន
ដើម្បីថែរក្សាប្រដាប់ភេទរបស់ខ្លួនឱ្យបានល្អ បង្ការពីការឆ្លងរោគ និងវិបត្តិផ្លូវភេទ
ក៏ដូចជា បញ្ហាសុខភាពផ្សេងទៀត ដែលកើតឡើងដោយសារតែការធ្វេសប្រហែសចំពោះការថែទាំសុខភាពប្រដាប់បន្តពូជរបស់ខ្លួន។
ក្នុងនាមជាឪពុកម្ដាយ ឬជាអ្នកអាណាព្យាបាល ត្រូវចេះជជែកជាមួយកូនរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីឱ្យពួកគេបានយល់ដឹងពីបម្រែបម្រួលផ្សេងៗនៅលើរាងកាយ ដែលពួកគេកំពុងតែជួបប្រទះ ឬសញ្ញាផ្សេងៗ ដែលកើតមានចំពោះពួកគេក្នុងពេលកំពុងគ្រប់ការ។ គួរឱ្យដឹងដែរថា ក្មេងក្នុងដំណាក់កាលនេះ តែងត្រូវការភាពជាឯកជន។ ប្រសិនបើកូនរបស់ខ្លួន មានសំណួរផ្សេងៗអំពីរឿងរបស់ពួកគេ ត្រូវឆ្លើយតបដោយមិនព្យាយាមលាក់បាំង ឬបំភាន់ឱ្យពួកគេយល់ខុសដោយប្រការណាមួយនោះឡើយ។ ប្រសិនបើអ្នកពុំច្បាស់លាស់ក្នុងរឿងនេះ អាចសុំការប្រឹក្សាយោបល់ពីគ្រូពេទ្យ។
0 Comments