កំណកាម៉ែតឈ្មោល
ស្ពែម៉ាតូសូអ៊ីត
ស្ពែម៉ាតូសូអ៊ីត ឬកាម៉ែតឈ្មោលរបស់មនុស្ស
ជាកោសិកាអាប្លូអ៊ីត អាចផ្លាស់ទីបាន និងមានមាឌតូចល្អិត រាងរៀវ។
កាលណាស្ពែម៉ាតូសូអ៊ីត បង្កកំណើតជាមួយអូវុល បង្កើតជាស៊ីកូត ឬស៊ុតបង្កកំណើត
ដែលនឹងលូតលាស់ទៅជាអំប៊្រីយ៉ុង។ ស្ពែម៉ាតូសូអ៊ីត មានក្រូម៉ូសូម
XY ។
ចំពោះមនុស្ស និងថនិកសត្វផ្សេងទៀត កាម៉ែតឈ្មោល ជាអ្នកកំណត់ភេទឱ្យសារពាង្គកាយ។
ក្នុងពេលបង្កកំណើត ប្រសិនបើ កាម៉ែតឈ្មោលមានក្រូម៉ូសូម
X ជួបជាមួយអូវុល
នោះកូនកើតមកជាស្រី(XX)។
ប៉ុន្តែ ប្រសិនបើកាម៉ែតឈ្មោលដែលមានក្រូម៉ូសូមY
បង្កកំណើតជាមួយអូវុល កំណត់ភេទប្រុស(XY)
ឱ្យកូនដែលនឹងកើតមក។
ស្ពែម៉ាតូសូអ៊ីត ចែកចេញជាបីផ្នែក៖ ក្បាល កណ្ដាល និងផ្លាសែល(កន្ទុយ)។
ក្បាលរបស់ស្ពែម៉ាតូសូអ៊ីត មានណ្វៃយ៉ូធំ។ នៅផ្នែកខាងលើនៃណ្វៃយ៉ូ មានអាក្រូសូម ជាថង់ផ្ទុកអង់ស៊ីម(Spermlysin) ចាំបាច់សម្រាប់ការបង្កកំណើត ដោយវាជួយឱ្យស្ពែម៉ាតូសូអ៊ីត អាចជ្រៀតចូលទៅក្នុងស៊ីតូប្លាសរបស់អូវុល។
ក្នុងផ្នែកកណ្ដាល រំព័ទ្ធដោយមីតូកុងឌ្រី ជាមជ្ឈមណ្ឌលថាមពលរបស់ស្ពែម៉ាតូសូអ៊ីត។ ស្ពែម៉ាតូសូអ៊ីត ស្រូបយកព្រុចតូសពីក្នុងទឹកពូជ ហើយមីតូកុងឌ្រីប្រើប្រាស់ស្ករទាំងនេះ ក្នុងការបំប្លែងទៅជាថាមពលក្នុងទម្រង់ជា ATP ដើម្បីឱ្យផ្លាសែលអាចធ្វើចលនាបាន។
ផ្នែកកន្ទុយ ជាផ្នែកវែងជាងគេ ហៅថា ផ្លាសែល។ ចលនាបក់នៃផ្លាសែល រំកិលស្ពែម៉ាតូសូអ៊ីតឱ្យមានចលនា និងផ្លាស់ទីបាន។
កំណស្ពែម៉ាតូសូអ៊ីត
កំណស្ពែម៉ាតូសូអ៊ីត
ចាប់ផ្ដើមតាំងពីពេលគ្រប់ការ ហើយដំណើរការរហូតពេញមួយជីវិតរបស់មនុស្សប្រុស
គ្រាន់តែដំណើរការនេះ ថមថយបន្តិចម្ដងៗនៅពេលវ័យកាន់តែចាស់។ ពងស្វាស
ជាកន្លែងកកើតឡើងនៃស្ពែម៉ាតូសូអ៊ីត។ កោសិកាពូជ(ស្ពែម៉ាតូកូនី)
នៅក្នុងបំពង់សេមីនីភែរបស់ពងស្វាស នឹងលូតលាស់ទៅជាស្ពែម៉ាតូសូអ៊ីត ឬកាម៉ែតឈ្មោល។
ចាប់តាំងពីកោសិកាពូជ រហូតស្ពែម៉ាតូសូអ៊ីត មានរយៈពេល ៧៤ ថ្ងៃ។ កំណស្ពែម៉ាតូសូអ៊ីត ត្រូវឆ្លងកាត់ចលនការមីតូស
និងចំណែកមេយ៉ូស។
កោសិកាពូជ
ឬស្ពែម៉ាតូកូនីនីមួយៗ ដែលជាកោសិកាឌីប្លូអ៊ីត(មានចំនួន 2n
ក្រូម៉ូសូម ត្រូវនឹង ២៣គូ)
ស្ថិតនៅក្នុងសំបកនៃបំពង់សេមីនីភែ ក្នុងពងស្វាស ធ្វើចំណែកតាមមីតូសជាបន្តបន្ទាប់
ហើយរងកំណើនមាឌតិចតួចក្លាយជា ស្ពែម៉ាតូស៊ីត I
។ បន្ទាប់ពីនេះ ស្ពែម៉ាតូស៊ីត I
នីមួយៗ ដែលរងចំណែកទី១ នៃមេយ៉ូស បង្កើតបានកោសិកាអាប្លូអ៊ីត(មានចំនួន n
ក្រូម៉ូសូម គឺមានតែ ២៣ ក្រូម៉ូសូម) ២ ហៅថា
ស្ពែម៉ាតូស៊ីត II ។
ស្ពែម៉ាតូស៊ីត II នីមួយៗ
បញ្ចប់ចំណែកទី២ នៃមេយ៉ូស បង្កើតបានស្ពែម៉ាទីត២។ ដូចនេះ ស្ពែម៉ាតូស៊ីត
I នីមួយៗ
ឆ្លងកាត់មេយ៉ូស បង្កើតបានស្ពែម៉ាទីត៤។ នៅទីបំផុត ស្ពែម៉ាទីតនីមួយៗ
រងបំលែងឯកទេសទៅជា កោសិកាតូចៗ មានកន្ទុយវែង ហៅថា ស្ពែម៉ាតូសូអ៊ីត។
0 Comments