ជំពូកទី៤

ភ្នាក់ងារបង្ករោគនិងជំងឺ

មេរៀនទី១

ភ្នាក់ងារបង្ករោគ


១. វីរុស

. ដូចម្តេចហៅថាភ្នាក់ងារបង្ករោគ?

ភ្នាក់ងារបង្ករោគជាសារពាង្គកាយតូចល្អិត ដែលបណ្តាលឱ្យមានជំងឺ។

. តើសារពាង្គកាយតូចល្អិត ដែលបណ្តាលឱ្យមានជំងឺគេហៅថាអ្វី?វាស្ថិតនៅកន្លែងណាខ្លះ?

សារពាង្គកាយតូចល្អិត ដែលបណ្តាលឱ្យមានជំងឺគេហៅថា មីក្រូសារពាង្គកាយ។ វាស្ថិតនៅគ្រប់ទីកន្លែងទាំងអស់ក្នុងធម្មជាតិមាន វីរុស បាក់តេរី ផ្សិត ប្រូទីសមួយចំនួន។

. តើវីរុសជាអ្វី?

វីរុសជាភាគល្អិតតូចបំផុត ដែលគេមិនអាចមើលឃើញវាដោយភ្នែកទទេ គ្មានធាតុកោសិកាសម្រាប់ចិញ្ចឹមជីវិតនិងលូតលាស់។ វាជាភ្នាក់បង្កជំងឺយ៉ាងសាហាវ។

. តើយើងអាចមើលឃើញវីរុសដោយសារអ្វី? វីរុសនីមួយៗអាចរស់នៅដូចម្តេច?

យើងអាចមើលឃើញវីរុសដោយមីក្រូទស្សន៍អេឡិច-ត្រនិច។ វីរុសនីមួយៗអាចរស់នៅតែជាបរាសិតក្នុងសារពាង្គកាយសត្វ ឬរុក្ខជាតិប៉ុណ្ណោះ ដោយវាបំផ្លាញកោសិការបស់សារពាង្គកាយធ្មួយនោះ។

. តើផ្នែកសំខាន់ពីររបស់វីរុសគឺជាអ្វី?

ផ្នែកសំខាន់ពីររបស់វីរុសគឺជា៖

  • ស្រោមខាងក្រៅជាប្រូតេអ៊ីនសម្រាប់ការពារវីរុស
  • ស្នូលខាងក្នុងជាសម្ភារៈតំណពូជ។

. ចូរពណ៌នាពីការបន្តពូជរបស់វីរុស។

ការបន្តពូជរបស់វីរុសគឺ គ្រប់វីរុសទាំងអស់មានការបន្តពូជដូចបាក់តេរីយ៉ូផាស។ កាលណាបាក់តេរីយ៉ូផាសជួបប្រទះបាក់តេរីដែលត្រូវនឹងវា វាភ្ជាប់ខ្លួនទៅនឹងភ្នាសកោសិការបស់បាក់តេរីដោយបញ្ចេញអង់ស៊ីមរំលាយភ្នាសត្រង់ម្តុំភ្ជាប់(1)នោះ។ វីរុសក៏បញ្ចូលសម្ភារៈតំណពូជរបស់វាចូលទៅក្នុងកោសិការបស់បាក់តេរីឯចំណែកសំបកប្រូតេអ៊ីនទុកនៅខាងក្រៅ(2)។ លុះចូលទៅក្នុងកោសិការបស់បាក់តេរីបានហើយសម្ភារៈតំណពូជនិងប្រូតេអ៊ីនរបស់វីរុសត្រូវបានសំយោគ(3) ហើយទៅផ្តុំគ្នាបានជាវីរុសថ្មីៗជាច្រើននៅពេញក្នុងកោសិការបស់បាក់តេរី។ វីរុសថ្មីៗទាំងនេះមានសម្ភារៈតំណពូជនិងសំបកប្រូតេអ៊ីនដូចៗគ្នា ហើយដូចទៅនឹងវីរុសមេ(4)។ ពេលកោសិកាបាក់តេរីត្រូវបានបំផ្លាញអស់ កោសិកានោះក៏ផ្ទុះហើយបញ្ចេញវីរុសថ្មីៗជាច្រើនដែលឆ្លងទៅបំផ្លាញកោសិកាបាក់តេរីផ្សេងៗទៀត(5)។

. ចូររកឧទាហរណ៍ពីជំងឺមួយចំនួនដែលបង្កដោយវីរុស។

ជំងឺមួយចំនួនដែលបង្កដោយវីរុសមានដូចជា៖

  • ជំងឺផ្តាសាយ 
  • ជំងឺកញ្រ្ជិល
  • សលាទែន
  • អេដស៍……

. ចូររៀបរាប់ពីជំងឺមួយចំនួនដែលបង្កដោយវីរុសនិងរបៀបឆ្លង។

ជំងឺដែលបង្កដោយវីរុសនិងរបៀបឆ្លងមាន៖

  •  គ្រុនផ្តាសាយធំបង្កដោយវីរុសច្រើនប្រភេទ ឆ្លងតាមចរន្តខ្យល់និងប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។
  • សលាទែនបង្កដោយវីរុសមួយប្រភេទ ឆ្លងតាមការរាលដាលនិងប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។
  • កញ្រ្ជិលបង្កដោយវីរុសមួយប្រភេទ ឆ្លងតាមចរន្តខ្យល់និងការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។
  •  អេដស៍បបង្កដោយវីរុសមួយប្រភេទ ឆ្លងតាមការរួមភេទ ការប្រើម្ជុលរួមគ្នា ឆ្លងពីម្តាយទៅកូន។

២. បាក់តេរី

. តើបាក់តេរីជាអ្វី?

បាក់តេរីជាសារពាង្គកាយឯកោសិកា គ្មានណ្វៃយ៉ូពិតប្រាកដ។

. តើបាក់តេរីមានទំហំប៉ុន្មាន?

បាក់តេរីមានទំហំតូចពី 0.001mm ដល់ 0.005mm

. តើគេចែកបាក់តេរីជាប៉ុន្មានប្រភេទ?អ្វីខ្លះ?

គេចែកបាក់តេរីជាបីប្រភេទគឺ៖

  • កុកស៊ី
  •  បាស៊ី
  •  ស្ពៀរីឡូម។

. តើបាក់តេរីមានរស់នៅកន្លែងណាខ្លះ?                                                      

បាក់តេរីមានរស់នៅក្នុងបរិស្ថានជុំវិញខ្លួនយើងក្នុងខ្យល់ ទឹក ដី និងក្នុងសារពាង្គកាយមនុស្ស សត្វ និងរុក្ខជាតិ។

. ចូររៀបរាប់ពីរបៀបឆ្លងនៃបាក់តេរី។

បាក់តេរីមានរបៀបឆ្លងច្រើនបែប បាក់តេរីខ្លះឆ្លងតាមចរន្តខ្យល់ក្រោមតំណក់តូចៗដែលកើតពីការក្អក ឬកណ្តាស់។ ខ្លះទៀតឆ្លងតាមទឹកឬភេសជ្ជៈផ្សេងៗ។ មួយចំនួនទៀតអាចឆ្លងតាមការប៉ះពាល់ផ្ទាល់ ដូចជាការចាប់ដៃ ឬការប្រើប្រាស់សម្ភារៈរួមជាមួយអ្នកជំងឺ។

. តើជំងឺកាមរោគបង្កដោយអ្វី?វាឆ្លងដូចម្តេច?ចូររាប់ឈ្មោះជំងឺតាមរោគឱ្យបានបួន។

ជំងឺកាមរោគបង្កដោយបាក់តេរី។ វាឆ្លងតាមការរួម  ភេទ។ ជំងឺតាមរោគមានដូចជា ជំងឺស្វាយ ជំងឺប្រមេះទឹកបាយ ជំងឺសិរមាន់ ជំងឺប្រមេះទឹកថ្លា។

. តើបាក់តេរីឱ្យទោសបង្ករោគតាមរបៀបប៉ុន្មានបែប?ចូររៀបរាប់។

បាក់តេរីឱ្យទោសបង្ករោគតាមរបៀបពីរបែបគឺ៖

  • វាបំផ្លាញកោសិការបស់សរីរាង្គណាមួយនៃសារពាង្គកាយ។ ឧទាហរណ៍ ជំងឺរបេងជាជំងឺដែលបង្កឡើងដោយបាក់តេរីបំផ្លាញកោសិកាសួត។
  • វាផលិតជាតិពុលហៅថាកុកស៊ីន នៅក្នុងអាហារដែលធ្វើឱ្យអាហារមានជាតិជូរ(ផ្អូម)ហើយបង្កទុកទោសនៅពេលបរិភោគ។ ឧទាហរណ៍ បាក់តេរីមួយប្រភេទឈ្មោះ ក្លូទ្រីឌីយូលីនូម ជាបាក់តេរីដែលផលិតជាតិពុល(កុកស៊ីន)យ៉ាងសាហាវដល់គ្រប់ចំណីអាហារ។

. តើមានវិធីអ្វីដែលជួយបន្ថយកុំឱ្យអាហារឆាប់ផ្អូម?

មានវិធីពីរយ៉ាងជួយបន្ថយកុំឱ្យអាហារឆាប់ផ្អូមគឺ ការដាក់អាហារក្នុងទូរទឹកកកឬក្លាសេទឹកកក និងការកម្តៅម្ហូប។

. ចូររៀបរាប់ពីជំងឺមួយចំនួនដែលបណ្តាលពីបាក់តេរីនិងរបៀបឆ្លង។

ជំងឺមួយចំនួនដែលបណ្តាលមកពីបាក់តេរីនិងរបៀបឆ្លងមាន៖

  • ជំងឺរលាកបំពង់កឆ្លងតាមចរន្តខ្យល់ ប៉ះពាល់អ្នកជំងឺ និងចំណីអាហារ។
  • ជំងឺរលាកសួតឆ្លងតាមចរន្តខ្យល់ ចរន្តទឹកមាត់របស់អ្នកជំងឺ។
  • ជំងឺរលាកស្រោមខួរឆ្លងតាមការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។
  •  ជំងឺរបេងឆ្លងតាមចរន្តខ្យល់ និងចំណីអាហារ។
  •  ជំងឺតេតាណូសឆ្លងតាមមុខរបួស។
  • ជំងឺក្អកមាន់ឆ្លងតាមចរន្តខ្យល់។
  • ជំងឺខាន់ស្លាក់ឆ្លងតាមការប៉ះពាល់អ្នកជំងឺ និងចំណីអាហារ។

១០. ចូរពណ៌នាពីការបន្តពូជរបស់បាក់តេរី។

បាក់តេរីភាគច្រើនបន្តពូជដោយឥតភេទឬដោយចែកខ្លួនជាពីរ។ មុនដំបូងណ្វៃយ៉ូចែកខ្លួនជាពីរ បន្ទាប់មកស៊ីតូប្លាសក៍ចែកខ្លួនជាពីរដែរ ហើយទីបញ្ចប់កើតបានជាកោសិកាថ្មីពីរដែលកោសិកានីមួយៗបានចម្លងសម្ភារៈតំណពូជយ៉ាងត្រឹមត្រូវពីកោសិកាមេ មានន័យថាកោសិកាកូនទាំងពីរមានរូបផ្គុំដូចគ្នាហើយដូចទៅនឹងកោសិកាមេ។ មានបាក់តេរីខ្លះបន្តពូជដោយភេទដែរ វាបានផ្លាស់ប្តូរសម្ភារៈតំណពូជគ្នាទៅវិញទៅមក។ បន្ទាប់មកកោសិកានីមួយៗមានសម្ភារៈតំណពូជថ្មីមួយ។

៣. ប្រូតូសូអ៊ែ(ប្រូទីស)

. តើប្រតូសូអ៊ែ(ប្រូទីស)ជាអ្វី?

ប្រតូសូអ៊ែ(ប្រូទីស)ជាសារពាង្គកាយឯកកោសិកាបរជីព។ វារស់នៅក្នុងទឹកសាប ទឹកប្រៃ ក្នុងដី ឬក្នុងសារពាង្គកាយផ្សេងៗទៀត។

. ចូររកឧទាហរណ៍ពីប្រទីសដែលបង្កជំងឺដល់មនុស្ស។

ប្រូទីសដែលបង្កជំងឺដល់មនុស្សមាន៖

  • អាមីបបង្កជំងឺរាកមួល
  • សាឌីយ៉ាបណ្តាលឱ្យដំណើរការរំលាយអាហារប្រព្រឹត្តទៅមិនល្អ
  •  ប្លាស្មូដ្យូមបង្កជំងឺគ្រុនចាញ់។

. តើអាមីបជាអ្វី?

អាមីបជាសារពាង្គកាយឯកកោសិកាដែលមានរូបរាងមិនកំណត់ ហើយរស់នៅក្នុងកន្លែងមិនស្អាតដូចជាភក់ ទឹកកខ្វក់ជាដើម។ វាប្រើជើងបញ្ឆោតសម្រាប់ផ្លាស់ទី និងចាប់យកអាហារ។

. តើអាមីបបន្តពូជដូចម្តេច?

អាមីបបន្តពូជប្រព្រឹត្តទៅដោយឥតភេទគឺដោយចែកខ្លួនជាពីរ ហើយកើតបានជាអាមីបថ្មីពីរ។

. តើអាមីបបង្ករោគអ្វីដល់មនុស្ស? វាឆ្លងតាមរយៈអ្វី?

អាមីបបង្ករោគរាកមួលដល់មនុស្ស។ វាឆ្លងមកមនុស្សតាមរយៈការបរិភោគអាហារ ឬផឹកទឹកដែលមានគីស។

. តើសាឌីយ៉ាជាអ្វី?

សាឌីយ៉ាជាប្រូតូសូអ៊ែមួយប្រភេទមានផ្លាសែលមួយឬច្រើន។ វាប្រើផ្លាសែលសម្រាប់ធ្វើចលនា។

. តើសាឌីយ៉ាបង្កឱ្យកើតជំងឺអ្វីដល់មនុស្ស? វាឆ្លងតាមរយៈអ្វី?

សាឌីយ៉ាបង្កឱ្យកើតជំងឺសាឌីយ៉ូស ដែលធ្វើឱ្យការរំលាយអាហារនិងថ្លើមមានដំណើរការមិនល្អ។ វាឆ្លងតាមការបរិភោគទឹកមិនស្អាត វាចូលទៅក្នុងសារពាង្គកាយដោយភ្ជាប់ខ្លួនទៅនឹងពោះវៀន ហើយចិញ្ចឹមជីវិត និងបន្តពូជនៅទីនោះ។

. តើប្លាស្មូដ្យូមជាអ្វី? វាឆ្លងមកមនុស្សតាមណា?

ប្លាស្មូដ្យូមជាស្ប៉រ៉ូសូអ៊ែមួយប្រភេទដែលបង្កជំងឺគ្រុនចាញ់ដល់មនុស្ស។ វាឆ្លងមកមនុស្សតាមរយៈមូសដែកគោលញី។

. តើវដ្តជីវិតរបស់ប្លាស្មូដ្យូមពឹងពាក់លើមជ្ឈដ្ឋានប៉ុន្មាន? អ្វីខ្លះ?

វដ្តជីវិតរបស់ប្លាស្មូដ្យូមពឹងពាក់លើមជ្ឈដ្ឋានពីរគឺ៖

  •  ក្នុងសារពាង្គកាយរបស់មូសដែកគោលញី
  • ក្នុងសារពាង្គកាយរបស់មនុស្ស។

១០. ចូរពណ៌នាពីវដ្ដជីវិតរបស់ប្លាស្មូដ្យូមក្នុងសារពាង្គ-កាយមូសដែកគោលញី។

មូសដែលគោលញីខាំមនុស្សដែលមានជំងឺគ្រុនចាញ់គឺវាចុចទំលុះស្បែកដើម្បីបឺតយកឈាមដែលមានកាម៉ែតរបស់ប្លាស្មូដ្យូម។ ក្នុងបំពង់អាហាររបស់មូសកាម៉ែតប្លាស្មូដ្យូមបង្កកំណើតហើយក្លាយជាស៊ុតបង្កកំណើត(ស៊ីកូត)។ ស៊ីកូតក្លាយទៅជាគីស ដែលក្នុងនោះមានស្ប៉ជាច្រើនធ្វើដំណើរទៅកាន់ក្រពេញទឹកមាត់របស់មូស។

១១. ចូររៀបរាប់ពីវដ្តជីវិតរបស់ប្លាស្មូដ្យូមក្នុងសារពាង្គ-កាយមនុស្ស។

នៅពេលមូសដែកគោលញីដែលមានផ្ទុកស្ប៉របស់ប្លាស្មូដ្យូមខាំមនុស្សណាម្នាក់វាចម្លងស្ប៉របស់ប្លាស្មូដ្យូមទៅឱ្យមនុស្សនោះ។ ស្ប៉ធ្វើដំណើរតាមចរន្តឈាមទៅកាន់ថ្លើមជនរងគ្រោះ ក្នុងកោសិកាថ្លើមស្ប៉បន្តពូជដោយធ្វើចំណែកបានស្ប៉ជាច្រើន។ បន្ទាប់មកស្ប៉ផ្លាស់ទីឆ្លងចូលទៅក្នុងកោសិកាឈាមក្រហមហើយបន្តពូជនៅទី-នោះ ដែលធ្វើឱ្យគោលិកាក្រហមផ្ទុះបែកក្នុងចន្លោះពេលពី 48 ទៅ 72 ម៉ោងយ៉ាងទៀតទាត់។ បន្ទាប់ពីផ្ទុះបែកវាបញ្ចេញជាតិពុលនិងមេរោគដែលនៅពេលនោះធ្វើឱ្យជន-រងគ្រោះមានរោគសញ្ញាគ្រុនចាញ់ដូចជាឡើងកម្តៅគ្រុនរងា។ គោលិកាក្រហមផ្ទុះបែកបញ្ចេញស្ប៉មកក្រៅហើយផ្លាស់ទីចូលទៅបំផ្លាញគោលិកាក្រហមថ្មីៗផ្សេងទៀត។ ចំណែកស្ប៉មួយចំនួនទៀតផ្តើមវដ្តថ្មីនៅក្នុងសារពាង្គកាយមូសដែកគោលញីផ្សេងទៀតនៅពេលដែលបានខាំអ្នកជំងឺគ្រុនចាញ់។

១២. តើគេអាចព្យាបាលជំងឺគ្រុនចាញ់ដូចម្តេច?

គេអាចព្យាបាលជំងឺគ្រុនចាញ់ដោយប្រើថ្នាំពេទ្យ ប៉ុន្តែប្រការដែលសំខាន់ជាងគេគឺត្រូវបំផ្លាញជម្រកមូសដែកគោលនិងគេងក្នុងមុងជានិច្ច។

៤. ផ្សិត

. តើផ្សិតបង្កជំងឺអ្វីខ្លះដល់មនុស្ស?

ផ្សិតបង្កជំងឺដល់មនុស្សដូចជា ជំងឺស្រែង រមាស់ កន្ទួលលើស្បេក និងជំងឺពោះវៀនមានដុះផ្សិត...

. ចូរបញ្ចាក់ពីលក្ខណៈនៃជំងឺស្រែងនិងជំងឺផ្សិតផ្សេងទៀត។

ជំងឺស្រែងនិងជំងឺផ្សិតផ្សេងទៀតមានលក្ខណៈរមាស់និងកន្ទួលលើស្បែក ព្រោះផ្សិតដែលបង្កជំងឺទាំងនេះផលិតស្ប៉ចំកន្លែងមានរបួស ឬដំបៅ។ ជំងឺនេះអាចឆ្លងរាលដាលយ៉ាងរហ័សពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

. តើជំងឺពោះវៀនដុះផ្សិតមានឈ្មោះអ្វី?អ្នកជំងឺមានលក្ខណៈដូចម្តេច?

ជំងឺពោះវៀនដុះផ្សិតមានឈ្មោះកង់ឌីដា(CANDIDA)។ អ្នកជំងឺមានលក្ខណៈឈឺរុំារៃគ្មានមូលហេតុ។

. ចូររៀរាប់ពីជំងឺផ្សិតចំពោះរុក្ខជាតិ។

ជំងឺផ្សិតចំពោះរុក្ខជាតិមានឥទ្ធិពលទៅលើកសិផលផ្សេងៗដូចជា ស្រូវ កប្បាស និងសណ្តែកសៀងដែលនាំមកនូវការខូចខាតយ៉ាងសម្បើមជារៀងរាល់ឆ្នាំ។