ប្រដាប់បន្តពូជរបស់មនុស្ស
ប្រដាប់បន្តពូជ ផ្គុំឡើងពីបណ្ដុំសរីរាង្គ
និងផ្នែកផ្សេងៗដែលរួមគ្នា បំពេញមុខងារក្នុងការបន្តពូជ បង្កើតជំនាន់ក្រោយ
ចាំបាច់សម្រាប់បន្តប្រភេទរបស់ខ្លួន។ ប្រដាប់បន្តពូជរបស់មនុស្ស មានមុខងារពីរយ៉ាងសំខាន់ៗ
រួមមាន៖ (១) ការផលិត ស្តុកទុក ចិញ្ចឹម និងបញ្ចេញកាម៉ែត និង (២) ការផលិតអរម៉ូនភេទ
ដែលមានមុខងារក្នុងការលូតលាស់ និងរីកចម្រើននៃប្រដាប់បន្តពូជ
និងភាពពេញវ័យរបស់សារពាង្គកាយ។ បើទោះបីជា ប្រដាប់បន្តពូជបុរស និងស្ត្រី
មានមុខងារដូចគ្នា ប៉ុន្តែ រូបផ្គុំនៃប្រដាប់បន្តពូជទាំងពីរនេះ ខុសគ្នារវាងបុរស
និងស្ត្រី។
ប្រដាប់បន្តពូជរបស់មនុស្សប្រុស
សរីរាង្គខាងក្រៅ
· ថង់ពងស្វាស ថង់រក្សាទុកពងស្វាស ដែលមានមួយគូ ស្ថិតនៅចន្លោះភ្លៅទាំងពីរ។ ថង់នេះ រក្សាទុកពងស្វាសឱ្យស្ថិតក្នុងសីតុណ្ហភាពប្រហែល 3អង្សាស៊ែលស៊ុស(អង្សាសេ) ទាបជាងសីតុណ្ហភាពក្នុងសារពាង្គកាយ ដែលសីតុណ្ហភាពនេះ អំណោយផលដល់ការផលិត ការលូតលាស់ និងការពេញវ័យរបស់ស្ពែម៉ាតូសូអ៊ីត។ នៅពេលសារពាង្គកាយចុះត្រជាក់ ថង់ពងស្វាសរួញទៅកៀកនឹងរាងកាយដើម្បីអាចទទួលបានកម្ដៅល្មមរក្សាសីតុណ្ហភាពប្រសើរសម្រាប់ការផលិតនិងលូតលាស់របស់ស្ពែម៉ាតូសូអ៊ីត។
ពងស្វាស ត្រូវបានរក្សាទុកនៅក្នុងថង់ពងស្វាស។ ជាទូទៅ មនុស្សប្រុសម្នាក់ៗ មានពងស្វាស រាងពងក្រពើមួយគូរ ហើយពងស្វាសនីមួយៗ មានទម្ងន់ប្រមាណ ១០ ទៅ ១២ ក្រាម។ ពងស្វាស មាននាទីសំខាន់ៗពីរយ៉ាង។ វាផលិតស្ពែម៉ាតូសូអ៊ីតនៅក្នុងបំពង់សេមីនីភែនៃពងស្វាស និងផលិតអរម៉ូនភេទឈ្មោល តេស្តូស្តេរ៉ូន។ ដូចនេះ ពងស្វាស មានមុខងារជាក្រពេញអិចសូគ្រីនផង និងជាក្រពេញអង់ដូគ្រីនផង។
លិង្គ ជាសរីរាង្គពំនាក់ បញ្ជូនស្ពែម៉ាតូសូអ៊ីតទៅក្នុងផ្លូវភេទនៃប្រដាប់បន្តពូជមនុស្សស្រី។ វាបញ្ចេញទឹកនោម និងទឹកកាម តាមបង្ហួរនោមទៅក្រៅសារពាង្គកាយ។ លិង្គ មានបីផ្នែក គឺ ក្បាលលិង្គ តួលិង្គ និងគល់លិង្គ។ តួលិង្គ មានរាងជាបំពង់ស៊ីឡាំង ពាសដោយស្បែកយឺត។ តួលិង្គ មានជាលិកាស្ពោតបី(អង្គប្រហោងពីរ និងអង្គស្ពោតមួយ) និងសរសៃឈាមជាច្រើន ហើយនៅតាមបណ្ដោយកណ្ដាលនៃអង្គស្ពោត មានប្រហោងមួយហៅថា បង្ហួរនោម ដែលជាផ្លូវសម្រាប់ការចាកចេញរបស់ទឹកនោម និងទឹកកាម។ អង្គប្រហោង និងអង្គស្ពោត ធ្វើឱ្យលិង្គឡើងរឹងនៅពេលមានសម្រើបផ្លូវភេទ ដែលកើតឡើងដោយមានឈាមរត់ទៅបំពេញក្នុងចន្លោះនៃជាលិកាស្ពោតទាំងនោះ។
សរីរាង្គខាងក្នុង
អេពីឌីឌីម ទម្រង់រាងជាសញ្ញាក្បៀស (,) ដែលមានផ្នែកក្បាល ស្ថិតនៅផ្ទៃខាងលើពងស្វាស ឯផ្នែកតួ និងកន្ទុយស្ថិតនៅផ្ទៃខាងក្រោមនៃពងស្វាស។ ផ្នែកខាងក្នុងនៃអេពីឌីឌីម ផ្គុំឡើងពីបំពង់បត់បែន ដែលមានប្រវែងប្រហែល ៤ ទៅ ៥ ម៉ែត្រ។ អេពីឌីឌីម ជាកន្លែងស្ពែម៉ាតូសូអ៊ីតពេញវ័យ។ វារក្សាទុកស្ពែម៉ាតូសូអ៊ីតនៅក្នុងបំពង់បត់បែននោះ រហូតស្ពែម៉ាតូសូអ៊ីតពេញវ័យ អាចធ្វើចលនាបាន។ ប្រសិនបើ ស្ពែម៉ាតូសូអ៊ីត មិនទាន់ពេញវ័យ ត្រូវបានបញ្ចេញទៅក្នុងប្រដាប់បន្តពូជរបស់ស្ត្រី វាមិនអាចមានចលនាទៅកាន់ដៃស្បូនដើម្បីបង្កកំណើតជាមួយអូវ៉ូស៊ីតII បានទេ។
· ក្រពេញឧបសម្ព័ន្ធ
ប្រដាប់បន្តពូជបុរស មានក្រពេញឧបសម្ព័ន្ធមួយចំនួន ដែលជាក្រពេញបញ្ចេញក្រៅ បញ្ចេញសារធាតុរាវ ជួយចិញ្ចឹមស្ពែម៉ាតូសូអ៊ីត ព្រមទាំងជួយវាក្នុងការធ្វើដំណើរឆ្លងកាត់ប្រដាប់បន្តពូជរបស់ស្រ្តី។
- ក្រពេញប្រូស្តាតៈ ក្រពេញមួយគូស្ថិតនៅសងខាងបង្ហួរនោម ខាងក្រោមប្លោកនោម។ ក្រពេញនេះ បញ្ចេញសារធាតុរាវជាបាស សម្រាប់បន្សាបជាតិអាស៊ីតនៅក្នុងប្រដាប់បន្តពូជរបស់ស្ត្រី។
- ក្រពេញខូពែៈ មានរាងដូចគ្រាប់សណ្ដែក ដែលមានពីរគ្រាប់ ស្ថិតនៅខាងក្រោមក្រពេញប្រូស្តាត ខាងក្នុងនៃផ្នែកគល់លិង្គ។ ក្រពេញខូពែ បញ្ចេញសារធាតុរាវ ថ្លា អន្ធឹល និងមានសភាពរអិល។ សារធាតុរំអិលនេះ ត្រូវបានបញ្ចេញមុនពេលមានការបញ្ចេញទឹកកាម ដើម្បីការពារបង្ហួរនោម ហើយមានមុខងារជាធាតុរអិលក្នុងពេលរួមភេទ។
- ថង់ពូជៈ ជាសរីរាង្គជាថង់ ដែលស្ថិតនៅផ្ទៃខាងក្រោមប្លោកនោម ខាងលើក្រពេញប្រូស្តាត។ សរីរាង្គនេះ មានពីរ ដែលសរីរាង្គនីមួយៗ មានប្រវែងប្រហែល ៥ ទៅ ៨ សង់ទីម៉ែត្រ។ ថង់ពូជ ផលិតធាតុរាវហៅថា ទឹកពូជ ដែលជាធាតុរាវបាស ពណ៌លឿងថ្លា ផ្ទុកព្រុចតូស និងប្រូស្តាក្លង់ឌីន។ ស្ពែម៉ាតូសូអ៊ីត ប្រើប្រាស់ស្ករព្រុចតូស ជាប្រភពថាមពលនៅពេលវាធ្វើដំណើរឆ្លងកាត់ប្រដាប់បន្តពូជរបស់ស្ត្រី។ ចំណែក ប្រូស្តាក្លង់ឌីន ជាសារធាតុដែលមានមុខងារដូចអរម៉ូន ជួយសម្រួលការចូលនៃស្ពែម៉ាតូសូអ៊ីតទៅក្នុងស្បូន។
· បំពង់យ៉ង បំពង់មានភ្នាសក្រាស់
ភ្ជាប់ចេញពីពងស្វាស ទៅកាន់បង្ហួរនោម។ បំពង់នេះ
មានមុខងារជាផ្លូវសម្រាប់នាំស្ពែម៉ាតូសូអ៊ីត ចេញពីក្នុងពងស្វាស ទៅក្នុងបង្ហួរនោម
ដើម្បីបញ្ចេញទៅក្រៅសារពាង្គកាយ។
ប្រដាប់បន្តពូជរបស់មនុស្សស្រី
ប្រដាប់បន្តពូជរបស់មនុស្សស្រី កើតឡើងពីទម្រង់ដែលអាចផលិតកាម៉ែតញី(អូវុល) និងអរម៉ូនភេទញី(អឺស្ត្រូសែន)។ ក្រៅពីនេះ វាមានមុខងារផ្សេងទៀតដូចជា ទទួលកាម៉ែតឈ្មោលក្នុងពេលរួមភេទ ជាកន្លែងចិញ្ចឹម និងលូតលាសរបស់គភ៌ ផ្ដល់កំណើត និងចិញ្ចឹមកូនក្រោយកំណើត។ សរីរាង្គដែលផ្គុំជាប្រដាប់បន្តពូជរបស់មនុស្សស្រី ភាគច្រើនស្ថិតនៅក្នុងអាងត្រគាក។ សរីរាង្គខាងក្រៅតែមួយគត់ដែលមានទំនាក់ទំនងផ្ទាល់ទៅនឹងការបន្តពូជគឺ យោនី។ ក្រៅពីនេះ ប្រដាប់បន្តពូជស្ត្រីផ្គុំឡើងពី អូវែ ស្បូន ដៃស្បូន កស្បូន និងផ្លូវភេទ។ សុដន់ ក៏ជាផ្នែកមួយនៃប្រដាប់បន្តពូជដែរ ដែលមានមុខងារចិញ្ចឹមទារកក្រោយកំណើត។
អូវែ ជាក្រពេញភេទញី មានមុខងារផលិតកាម៉ែតញី និងបញ្ចេញអរម៉ូនអឺស្ត្រូសែន។ អូវែ មានទម្រង់ជាស៊ុតមួយគូ មួយភ្ជាប់នឹងតួស្បូនផ្នែកខាងស្ដាំ មួយទៀត ភ្ជាប់នឹងតួស្បូនផ្នែកខាងឆ្វេង។ អូវែនីមួយៗ មានពីរផ្នែក៖ ផ្នែកក្នុង សម្បូរដោយសរសៃឈាម និងផ្នែកជាយ (សំបក) ជាកន្លែងកាម៉ែតញីលូតលាស់។ នៅផ្នែកសំបក មានផូលីគុលតូចៗ និងផូលីគុលធំៗ។ កាម៉ែតញី ស្ថិតនៅក្នុងផូលីគុល។ កោសិការបស់ផូលីគុល ជួយការពារ និងជួយដល់ការលូតលាស់ពេញវ័យរបស់កាម៉ែតញី។
ស្បូន ជាសរីរាង្គបង្កឡើងពីស្រទាប់សាច់ដុំក្រាស់ ដែលនៅផ្នែកខាងក្នុង ពាសដោយស្រទាប់ភ្នាសហៅថា ភ្នាសសើមស្បូន។ ស្បូន ជាកន្លែងរក្សាទុក និងលូតលាស់ធំធាត់របស់អំប៊្រីយ៉ុង/គភ៌រហូតកំណើត។ ក្នុងកំឡុងពេលមានផ្ទៃពោះ ស្បូន អាចរីកមាឌ បង្កើតចន្លោះសម្រាប់ឱ្យអំប៊្រីយ៉ុង/គភ៌លូតលាស់។ ក្នុងពេលសម្រាលកូន សាច់ដុំភ្នាសស្បូនកន្ត្រាក់ រុញកូនឱ្យចេញមកក្រៅកាត់តាមកស្បូន និងមកខាងក្រៅសារពាង្គកាយ។ ប្រសិនបើ អូវុល មិនបានបង្កកំណើតទេ សាច់ដុំភ្នាសស្បូនកន្ត្រាក់ កោស ជំរះកោសិកាស្រទាប់ខាងក្នុងស្បូនមកក្រៅលាយឡំនឹងឈាម បង្កើតជាឈាមរដូវ។
ដៃស្បូន ឬបំពង់ផាឡូប ជាបំពង់សន្ធឹងចេញពីម្ខាងៗនៃស្បូន រហូតដល់អូវែនីមួយៗ។ នៅចុងម្ខាងនៃដៃស្បូន កន្លែងដែលទៅដល់អូវែ មានទម្រង់ដូចម្រាមដៃ អាចបក់ ផាត់កាម៉ែតញីចូលទៅក្នុងបំពង់ដៃស្បូន។ ការបង្កកំណើត ភាគច្រើន កើតឡើងនៅក្នុងដៃស្បូន។ ចំពោះស្រ្តីគ្រប់ការ ជារៀងរាល់ខែ អូវែបញ្ចេញអូវ៉ូស៊ីតII ទៅក្នុងដៃស្បូន រង់ចាំបង្កកំណើតជាមួយស្ពែម៉ាតូសូអ៊ីត។ ប្រសិនបើគ្មាន ស្ពែម៉ាតូសូអ៊ីតអាចទៅដល់ក្នុងដៃស្បូន ជួបបង្កកំណើតជាមួយអូវ៉ូស៊ីតII អូវ៉ូស៊ីតនេះ នឹងត្រូវនាំចេញមកក្រៅតាមឈាមរដូវ។
កស្បូន ជាផ្នែកខាងក្រោមបំផុតនៃស្បូន ដែលរួមតូច លយទៅក្នុងផ្លូវភទ។ កស្បូន បញ្ចេញជាតិរំអិល សម្រួលការចូលនៃស្ពែម៉ាតូសូអ៊ីតទៅក្នុងស្បូន និងជាកន្លែងជួយការពារកុំឱ្យឆ្លងរោគដល់ស្បូន ជាពិសេស វាបង្ការការចូលនៃបាក់តេរីដែលចូលមកតាមផ្លូវភេទកុំឱ្យទៅក្នុងស្បូន។
ផ្លូវភេទ ឬផ្លូវយោនី ជាបំពង់ចេញពីយោនី រហូតដល់ស្បូន។ បំពង់នេះ ជាផ្លូវសម្រាប់ទារកចេញមកក្រៅនៅពេលឆ្លងទន្លេ។ ស្ពែម៉ាតូសូអ៊ីត ធ្វើដំណើរទៅស្បូន ក៏ត្រូវឆ្លងកាត់តាមផ្លូវយោនីនេះដែរ។
0 Comments