បាក់តេរី
បាក់តេរី |
រូបផ្គុំ
- បាក់តេរី ជាសារពាង្គកាយឯកកោសិកា ប្រូការីយ៉ូត គឺគ្មានណ្វៃយ៉ូពិតប្រាកដ ដែលភាគច្រើនជាសារពាង្គកាបរជីព ខ្លះទៀតជាស្វ័យជីព។
- រូបផ្គុំបាក់តេរីនីមួយៗ រួមមានភ្នាសគ្រោង ភ្នាសស៊ីតូប្លាស ស៊ីតូប្លាស រីបូសូម និងមានសម្ភារៈតំណពូជស្ថិតនៅកណ្ដាលស៊ីតូប្លាស គ្មានភ្នាសណ្វៃយ៉ូរុំព័ទ្ធ។ បាក់តេរីខ្លះ មានផ្លាសែល មួយឬច្រើនសម្រាប់ផ្លាស់ទី ខ្លះមានស្ពានចម្លង(Pili) សម្រាប់ភ្ជាប់គ្នានិងសម្រាប់បន្តពូជដោយជំនាប់ប្តូរ បាក់តេរីខ្លះមានប្លាស្មីត ជាសម្ភារៈតំណពូជស្ថិតនៅជារង្វង់តូចមួយក្បែរភ្នាសស៊ីតូប្លាស ខ្លះទៀតមានភីមប្រ៊ី ដែលជាសរសៃរៀវ ឆ្មារៗ ប្រើសម្រាប់ភ្ជាប់គ្នាក្នុងការរស់នៅជាកូឡូនី ឬសម្រាប់ភ្ជាប់ទៅនឹងទម្ររបស់វា។ ចំណែក បាក់តេរីខ្លះទៀត រុំព័ទ្ធដោយ កាប់ស៊ុល ដែលជាស្រោបអន្ធិល កើតឡើងពីជាតិស្ករនិងប្រូតេអ៊ីន ស្រោបជុំវិញភ្នាសគ្រោង សម្រាប់ការពារបាក់តេរី ទល់នឹងលក្ខខណ្ឌមិនសមប្រកបនៃមជ្ឈដ្ឋានរស់នៅ។
- ផ្អែកតាមរូបរាង គេចែកបាក់តេរីជាបីបែបផ្សេងគ្នារួមមាន៖ កុកស៊ី (បាក់តេរីមានរាងស្វ៊ែ) បាស៊ី (បាក់តេរីមានរាងដំបង) និងស្ពៀរីឡូម (បាក់តេរីមានរាងស្ពៀ)។
បាក់តេរីបីប្រភេទ |
រូបផ្គុំបាក់តេរី |
របៀបចិញ្ចឹមជីវិត
បាក់តេរីភាគច្រើនជា បរជីព ដែលមានរបៀបចិញ្ចឹមជីវិតជាសាប្រូភីត ឬបរាសិត។ បាក់តេរីសាប្រូភីត អាស្រ័យអាហារស្រូបពីរូបធាតុពុករលួយ ពីសាកសពសត្វ ឬសំណល់រុក្ខជាតិ។ ចំណែក បាក់តេរីបរាសិត ពឹងអាហារបានពីធ្មួល។ បាក់តេរីខ្លះទៀត ជាសារពាង្គកាយស្វ័យជីព។ វាអាចផលិតអាហាររបស់វាដោយខ្លួនឯង តាមលំនាំគីមីសំយោគ និងខ្លះតាមរស្មីសំយោគ។
ការបន្តពូជរបស់បាក់តេរី
ក/. ការបន្តពូជដោយឥតភេទ
ការបន្តពូជដោយឥតភេទរបស់បាក់តេរី ជាទូទៅ ធ្វើឡើងតាមរយៈ ការចែកខ្លួនជាពីរ។ ក្នុងការបន្តពូជរបៀបនេះ ដំបូង បាក់តេរីមួយ លូតលាស់ ហើយដំឡើងទ្វេសម្ភារៈតំណពូជ។ បន្ទាប់មក វាចែកសម្ភារៈតំណពូជជាពីរ រួចធ្វើចំណែកស៊ីតូប្លាស បង្កើតបានបាក់តេរីពីរដូចគ្នា និងដូចទៅនឹងបាក់តេរីមេ។
ខ/. ការបន្តពូជដោយភេទរបស់បាក់តេរី
បាក់តេរីខ្លះ បន្តពូជដោយភេទ តាមរយៈជំនាប់ប្តូរ។ ក្នុងការបន្តពូជរបៀបនេះ ត្រូវមានបាក់តេរីពីរ ដែលមួយជាអ្នកផ្ដល់ និងមួយទៀតជាអ្នកទទួល។ ដំបូង បាក់តេរីមួយដែលជាអ្នកផ្ដល់ពន្លយស្ពានចម្លង ភ្ជាប់ទៅនឹងបាក់តេរីមួយទៀត។ បន្ទាប់មក វាដំឡើងទ្វេសម្ភារៈតំណពូជ(ប្លាស្មីត) រួចផ្ទេរសម្ភារៈតំណពូជដែលចម្លងបានទៅឲ្យបាក់តេរីមួយទៀតតាមស្ពានចម្លង ធ្វើឲ្យបាក់តេរីនោះ មានបន្សំសម្ភារៈតំណពូជថ្មី។ ការបន្តពូជរបៀបនេះ ពុំបង្កើនចំនួនបាក់តេរីទេ ប៉ុន្តែ វាអាចធ្វើឲ្យបាក់តេរីមួយទៀត មានសម្ភារៈតំណពូជថ្មី ដែលអាចបន្ស៊ាំនឹងមជ្ឈដ្ឋានរស់នៅ។
ក្រៅពីជំនាប់ប្តូរ បាក់តេរីមួយអាចទទួលបានសម្ភារៈតំណពូជ របស់បាក់តេរីមួយទៀតតាមរយៈវីរុសយ៉ូផាស ដែលបាននាំយកសម្ភារៈតំណពូជពីបាក់តេរីមួយ ហើយបញ្ចូលវាទៅក្នុងបាក់តេរីមួយទៀត។ លើសពីនេះ នៅពេលណាបាក់តេរីមួយងាប់ សម្ភារៈតំណពូជរបស់វាអាចចូលទៅក្នុងបាក់តេរីផ្សេងទៀត។
ជំនាប់ប្តូរ |
ក្រៅពីជំនាប់ប្តូរ បាក់តេរីមួយអាចទទួលបានសម្ភារៈតំណពូជ របស់បាក់តេរីមួយទៀតតាមរយៈវីរុសយ៉ូផាស ដែលបាននាំយកសម្ភារៈតំណពូជពីបាក់តេរីមួយ ហើយបញ្ចូលវាទៅក្នុងបាក់តេរីមួយទៀត។ លើសពីនេះ នៅពេលណាបាក់តេរីមួយងាប់ សម្ភារៈតំណពូជរបស់វាអាចចូលទៅក្នុងបាក់តេរីផ្សេងទៀត។
បាក់តេរីមានប្រយោជន៍និងបាក់តេរីចង្រៃ
បាក់តេរីខ្លះមានប្រយោជន៍ដូចជា៖
- ផ្នែកឧស្សាហកម្មផលិតអាហារដូចជា ធ្វើទឹកដោះគោជូរ ប៊័រ ប្រូម៉ាស ទឹកខ្មេះ...។
- ផ្នែកវេជ្ជសាស្ត្រ ផលិតអង់ទីប្យូទិច ស្ត្រិបតូមីស៊ីន អេរីត្រូមីស៊ីន...។
- បាក់តេរីស្វ័យជីពជួយផលិតអុកស៊ីសែន និងបន្សុទ្ធខ្យល់
- បាក់តេរីអឺកូលីជួយបំបែកកាកសំណល់អាហារក្នុងពោះវៀនមនុស្ស
- បាក់តេរីសាប្រូភីត ជួយបង្កើតវដ្ដអាហារ និងបង្កើនជីជាតិដល់ដី
- បាក់តេរីសហប្រាណនឹងឫសរុក្ខជាតិ ជួយភ្ជាប់អាសូតពីក្នុងបរិយាកាសហើយបំប្លែងជាសមាធាតុអាសូតដែលរុក្ខជាតិអាចទាញយកប្រើប្រាស់បាន
- បាក់តេរីស្វ័យជីពមួយចំនួនសហប្រាណជាមួយផ្សិតបង្កើតបានជា លីកែន។
0 Comments