ការរៀនឱ្យពូកែ ទាមទារនូវគន្លឹះឬអាថ៌កំបាំងដែលអាចយកមកអនុវត្តបានរហូតបង្កើតឱ្យវាក្លាយជាទម្លាប់ដើម្បីជួយយើងឱ្យរៀនពូកែ។ មានវិធីសាស្ត្រជាច្រើនដែលយើងអាចយកមកប្រើ។ ប៉ុន្តែ ក្នុងទំព័រនេះ យើងនឹងនាំមកជូននូវអាថ៌កំបាំងបីយ៉ាងដែលអាចជួយឱ្យអ្នករៀនបានពូកែយ៉ាងពិតប្រាកដ។


អាថ៌កំបាំងទី១ ការប្រើលំនឹកគិត

ការសិក្សា ពិតជាត្រូវទាមទារនូវការចងចាំមិនអាចខ្វះបាន។ ប៉ុន្តែខួរក្បាលរបស់យើងមិនអាចកត់ត្រាទុកនូវរាល់ព័ត៌មានបានជាប់រហូតទេ គឺយើងនឹងភ្លេចរាល់មេរៀនដែលបានរៀនក្នុងកំឡុងពេលណាមួយ។ អ្នកអាចចាំបានសឹងតែគ្រប់អ្វីៗដែលគ្រូនិយាយនៅក្នុងថ្នាក់។ ប៉ុន្តែ ដល់ពេលត្រឡប់មកផ្ទះវិញ អ្នកអាចនឹងជ្រុះមេរៀនតាមផ្លូវជាបណ្ដើរៗ រហូតមកដល់ផ្ទះ មេរៀនរបស់អ្នកនឹងជ្រុះបាត់អស់យ៉ាងច្រើន ហើយបើអ្នកមិនបានមើលវាឡើងវិញទេ នោះអ្នកអាចនឹងភ្លេចវារហូត។

គន្លឺះដំបូងដើម្បីរៀនឱ្យពូកែ គឺការប្រើប្រាស់នូវលំនឹកគិត។ ក្នុងវិធីសាស្ត្រនេះ យើងព្យាយាមរំឭក ឬនឹកគិត ស្រមៃដល់រាល់មេរៀនដែលបានរៀនកាលពីព្រឹក កាលពីល្ងាច ឬរយៈពេលកន្លងមក។ យើងគ្រាន់តែបិទភ្នែកឬអាចបើកភ្នែកក៏បាន តែត្រូវផ្ដោតអារម្មណ៍ដល់មេរៀនដែលបានរៀន បង្កើតរូបភាពនៅក្នុងខួរក្បាល ថាតើយើងបានរៀនអ្វីខ្លះ? តើយើងបានសិក្សានូវចំណុចណាខ្លះ?  តើមានចំណុចសំខាន់ៗអ្វីខ្លះនៅក្នុងមេរៀនដែលទើបតែបានរៀន? យើងគិតដល់សកម្មភាពភាពដែលយើងបានធ្វើនៅក្នុងថ្នាក់ ក្នុងម៉ោងរៀននូវមេរៀននោះ រួច ចាប់ផ្ដើមនិយាយវាឡើងវិញ សូត្រឡើងវិញ ឬសរសេរឡើងវិញនូវអ្វីដែលយើងបានរៀនតាមអ្វីដែលយើងអាចចងចាំ ដោយពុំបើកសៀវភៅកត់ត្រាមើលឡើយ។ ធ្វើរបៀបនេះយូរទៅ យើងនឹងធ្លាប់។ វិធីនេះ ពិតជាអាចជួយឱ្យអ្នកចងចាំនូវមេរៀនទើបតែបានរៀន។

អាថ៌កំបាំងទី២ ការសង្ខេប ពន្យល់ខ្លួនឯង

កាលបើយើងគ្រាន់តែព្យាយាមទន្ទេញនូវមេរៀនដែលគ្រូដាក់ឱ្យ នោះវាមុខជាពិបាកដល់ខួរក្បាលជាក់ជាមិនខាន ហើយយើងមានអារម្មណ៍ថាធុញ ព្រោះមានមេរៀននិងចំណុចជាច្រើនត្រូវចងចាំ។ យើងមុខជាត្រូវចងចាំគ្រប់ពាក្យ គ្រប់ឃ្លោងឃ្លា ក្នុងសៀវភៅទាំងដែលឃ្លាខ្លះមិនមែនជាចំណុចខ្លឹមនៃមេរៀននោះទេ ហើយក៏មិនចាំបាច់អ្វីត្រូវទន្ទេញឱ្យចាំ ឬសូត្រឱ្យរត់មាត់ដែរ ព្រោះមានវិធីដែលយើងអាចយកឃ្លានោះមកប្រើប្រាស់បានដោយងាយ ហើយអាចបង្កើតឃ្លោងឃ្លាថ្មីដែលល្អជាងនោះក៏ថាបាន។ អាថ៌កំបាំងរៀនពូកែទីពីរនេះជាវិធីសាសាស្ត្រដែលអ្នកអាចជួយជម្រុញដល់ការចងចាំ។ អាថ៌កំបាំងនេះមានឈ្មោះថា ការសង្ខេប និងពន្យល់ខ្លួនឯង

ព្យាយាមសង្ខេប ហើយកត់ត្រាមេរៀនសង្ខេបដើម្បីងាយយកមកមើលពេលក្រោយ

 វិធីសង្ខេបនិងពន្យល់ខ្លួនឯង គឺយើងគ្រាន់តែចំណាយពេលអាននូវខ្លឹមសារមេរៀនណាមួយឱ្យបានយល់ ដោយកត់សម្គាល់នូវចំណុចសំខាន់ៗរបស់វា។ បន្ទាប់មក យើងសង្ខេបយកចំណុចសំខាន់ៗ មកសរសេរចូលនៅក្នុងសៀវភៅកត់ត្រា ឬនៅកន្លែងណាមួយដែលអាចយកមកមើលបាននៅគ្រប់កន្លែង គ្រប់ពេលដែលយើងត្រូវការមើល។ ក្រោយពីបានកត់ត្រាសង្ខេបនូវរាល់ចំណុចសំខាន់ៗរួចហើយ យើងចាប់ផ្ដើមនិយាយពន្យល់ខ្លួនឯងនូវចំណុចនីមួយៗនោះដើម្បីឱ្យបានយល់ខ្លួនឯង។ យើងអាចប្រើវិធីចោទឆ្លើយដើម្បីលម្អិតលើចំណុចដែលយើងត្រូវការចងចាំ និងត្រូវការសិក្សាឱ្យយល់។ វិធីនេះអាចឱ្យយើងចងចាំបានល្អប្រសើរ និងជួយយើងឱ្យយល់នូវខ្លឹមសារ ឬលំហាត់ដែលយើងចង់ចេះចាំនោះ។ វិធីនេះមានលក្ខណៈល្អប្រសើរជាងកាលដែលគ្រាន់តែបានអានសៀវភៅរបស់យើងដោយមិនបានគត់សម្គាល់រាល់ចំណុចសំខាន់ មិនបានសង្កត់ ផ្តោតលើចំណុចសំខាន់ ព្រោះបើយើងមិនធ្វើបែបនេះ យើងនឹងទទួលអារម្មណ៍ថា ក្រោយពីអានចប់ គ្មានទទួលបានអ្វីទាំងអស់ គ្មានចេះត្រង់ណាបន្តិចសោះឡើយ។

អាថ៌កំបាំងទី៣ ការច្នៃបង្កើតនូវពាក្យគន្លឹះ

អាថ៌កំបាំងចុងក្រោយនេះគឺ ការច្នៃបង្កើតពាក្យគន្លឹះ។ ចំពោះចំណុចឬមេរៀនណាដែលយើងពិបាកចងចាំ យើងអាចបង្កើតនូវពាក្យគន្លឹះខ្លីៗងាយចងចាំ។  ពាក្យគន្លឹះ ត្រូវច្នៃបង្កើតវាដោយខ្លួនឯង ឬអាចកូពីពីគេក៏បាន បើវាអាចជួយយើងបាន ដែលពាក្យគន្លឹះនោះអាចប្រាប់យើងពីចំណុចដែលយើងត្រូវការចងចាំ។ ក្រៅពីនេះ យើងក៏អាចបង្កើតឃ្លាប្រយោគបែបកំប្លែងៗ បែបឆ្កួតៗគួរឱ្យអស់សំណើច ប្រយោគជាពាក្យចុងចួន ឬប្រយោគបែបណាក៏ដោយឱ្យតែយើងងាយចងចាំ ងាយស្រួលជាងការទន្ទេញខ្លឹមសារមេរៀនទាំងមូល។ ពាក្យគន្លឹះឬប្រយោគដែលយើងបានបង្កើតឡើង អាចជាភាសាខ្មែរ អង់គ្លេស ឬជាភាសាអ្វីក៏ដោយ ឱ្យតែយើងអាចកត់សម្គាល់បានដោយខ្លួនឯង ហើយវាអាចនាំយើងឱ្យមើលឃើញដល់រូបភាពមេរៀន នៅពេលណាដែលយើងគ្រាន់តែនិយាយ ឬសូត្រប្រយោគនោះឡើងវិញ។ ឧទា​ហរណ៍ៈ ដើម្បីចងចាំនូវដំណើររស្មីសំយោគ ខ្ញុំធ្លាប់បង្កើតឃ្លាមួយថា "មួយចាប់ពន្លឺទៅជាគីមី ដំណាក់ទីពីរក្នុងក្លរ៉ូប្លាស បូនិចនិងទឹកផ្សំគ្នាជាក់ច្បាស់ ចាំឥតក្រឡាស់ បានស្ករ O2(អានថា អូដឺ)។" ឧទាហរណ៍មួយទៀត ខ្ញុំចាំបានច្បាស់ណាស់ កាលនៅជាសិស្សអនុវិទ្យាល័យ។ កាលណោះអ្នកគ្រូភូមិវិទ្យាបានប្រាប់នូវប្រយោគមួយដើម្បីអាចចាំឈ្មោះខេត្តស្ថិតនៅជាប់ជុំវិញបឹងទន្លេសាប។ គាត់បានប្រាប់នូវប្រយោគនោះថា "សៀម សាត់ បាត់ ឆ្នាំង ធំ"។ គឺគ្រាន់តែសូត្រវាភ្លាមយើងអាចដឹងបានភ្លាមថា ខេត្តស្ថិតនៅជាប់ជុំវិញបឹងទន្លេសាបរួមមាន សៀមរាប ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង និងកំពង់ធំ។

ជារួម អាថ៌កំបាំងទាំងបីនេះ វាពិតជាអាចជួយឱ្យការរៀនរបស់យើងទទួលបានភាពរីកចម្រើនជាងមុន។ បើយើងទម្លាប់អនុវត្តបែបនេះ មុខជាអាចរៀនបានពូកែដោយរួមផ្សំជាមួយកត្តាពាក់ព័ន្ធផ្សេងៗទៀត។ ដូចនេះ អ្នកទាំងអស់គ្នាអាចសាកល្បងប្រើវិធីសាស្ត្រនេះ ដើម្បីអាចដឹងពីប្រសិទ្ធភាពរបស់វា។

សូមអរគុណសម្រាប់ការចំណាយពេលចូលមកអាននៅក្នុងផេកយើងខ្ញុំ។ សូមជួយស៊ែនូវវិធីសាស្ត្រទាំងនេះដល់អ្នកផ្សេងផង បើអ្នកកិតថាវាមានប្រយោជន៍។